រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ «CNRP» លោកយ៉ែម ប៉ុញ្ញរិទ្ធ បានមានប្រសាសន៍ថា ការបែកធ្លាយខ្សែអាត់សំលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធករណីលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវគេឮឆ្លើយឆ្លងជាមួយស្រីស្នេហ៍ ហើយត្រូវបានគេផ្សព្វផ្សាយល្បីរន្ធឺកាលពីថ្ងៃម្សិលមិញនោះ គឺជាករណីដដែលៗ ។
បើតាមលោកយ៉ែម ប៉ុញ្ញរិទ្ធ ថា គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ជាមួយនឹងខ្សែអាត់សំឡេងនេះទេ ។ គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ មីនា ២០១៦ រឿងរ៉ាវអាស្រូវផ្លូវភេទ និងស្នេហាអាថ៌កំបាំងរបស់លោក កឹម សុខា ត្រូវបានបើកកកាយពេញបណ្តាញសង្គម Facebook ដែលមានឈ្មោះថា Mon Srey ដោយបង្ហាញពីសំឡេងលោក កឹម សុខា អនុប្រធានទី១ នៃគណបក្សសង្គ្រោះជាតិ បានទូរស័ព្ទទៅស្រីម្នាក់ឈ្មោះស្រីមុំ ។
រហូតមកដល់រសៀលថ្ងៃដដែល កញ្ញាធី សុវណ្ណថា ត្រូវបានប្រភពពីមន្ត្រីតុលាការបង្ហើបឱ្យដឹងថា កញ្ញាបានដាក់ពាក្យបណ្តឹងរួចរាល់ហើយ មកកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធខ្សែអាត់សំឡេងដែរ ។
ចែករំលែកព័តមាននេះ