ខេត្តស្វាយរៀង ៖ កម្មការនី២នាក់បានរងរបួសបែកក្បាលធ្ងន់ធ្ងរសន្លប់នៅនិងកន្លែង ខណៈដែលចុះពីរថយន្តដឹកកម្មករមកពីធ្វើការរោងចក្រវិញ ហើយដឹកដៃគ្នាដើរឆ្លងថ្នល់ ក៏ត្រូវរថយន្តទេសចរណ៍របស់ក្រុមហ៊ុន ម៉ី ហុងបុកប៉ើងជាង១០ម៉ែត្រ បោកក្បាលខ្ទុបទៅនឹងថ្នល់ហូរឈាមតាមត្រចៀកដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ ពេលក្រុមសាច់ញាតិបញ្ជួនទៅមន្ទីរពេទ្យវៀតណាម ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង២០នាទីល្ងាចថ្ងៃទី២៩ កុម្ភៈ ២០១៦ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ស្ត្រីរងគ្រោះទាំង២នាក់ ១-ឈ្មោះវ័ន អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃទទឹង ឃុំប្រសូត្រស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ២-ឈ្មោះសៅ ចិន អាយុ២១ឆ្នាំ ជាកម្មការិនីរោចក្រមានទីលំនៅភូមិ-ឃុំជាមួយគ្នា។ ចំណែកអ្នកបើកបររថយន្តបង្កបានចុះរត់ឡើងរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ ។
បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍នេះឱ្យដឹងថា មុនពេលកើតហេតុ ឃើញរថយន្តដឹកកម្មករកម្មការិនីរោងចក្រ ហើយក៏មានអ្នកចុះ ពេលនោះស្ត្រី២នាក់ដឹកដៃគ្នាដើរឆ្លងថ្នល់ពីជើងមកត្បួងឆ្លងមិនទាន់ផុតផង ក៏ស្រាប់តែមានរថយន្តទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុនម៉ី ហុងមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3D-3046 បើកក្នុងល្បឿនយ៉ាងលឿន ពីលិចមកកើតចាប់ហ្វ្រាំងអូសជាង២០ម៉ែត្រ ហើយមិនទាន់អស់ល្បឿន ក៏បុកស្ត្រីរងគ្រោះចំពីមុខរថយន្តបែកកាង និងបណ្តាលឱ្យស្ត្រី២នាក់រងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ ក៏មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង គឺដោយម៉ោងនេះ រថយន្តដឹកកម្មករ-កម្មការិនី ចេញពីធ្វើការ និងជួយហៅរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការសង្គ្រោះ ប៉ុន្តែដោយសាររបួសធ្ងន់ពេក ក៏បញ្ជួនបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម ក៏ប៉ុន្តែមានរបួសក្បាលធ្ងន់ពេក បានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់នៅពាក់កណ្តាលផ្លូវ ។
ចែករំលែកព័តមាននេះ