ខេត្តកណ្តាល ៖ បុរសម្នាក់ទៅនេសាទត្រីពេលយប់ ដើរកាត់តាមដីចម្ការគេ ហើយជាន់ខ្សែលួសដែលម្ចាស់ចម្ការរាយតចរន្តអគ្គិសនីឆក់កណ្តុរការពារកុំឱ្យចូលស៊ីបន្លែ បណ្តាលឱ្យឆក់ស្លាប់ កាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី០១ មីនា ២០១៦ ស្ថិតនៅចំណុចចម្ការខាត់ណា ក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះហ៊ិន វិចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកម្ចាស់ចម្ការ ដែលជាអ្នករាយខ្សែលួសតចរន្តអគ្គិសនីឆក់កណ្តុរឈ្មោះឌី ដឹប ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បានរត់គេចខ្លួនបាត់ ។
ប្រភពនិយាយថា កាលពីយប់ថ្ងៃទី២៩ កុម្ភៈ ២០១៦ មិនដឹងម៉ោង ម្ចាស់ចម្ការឈ្មោះឌី ដឹប បានទៅរាយខ្សែលួសតចរន្តអគ្គិនី ដើម្បីឆក់កណ្តុរ កុំឱ្យចូលស៊ីបន្លែរបស់ខ្លួន ហើយដើរមកដេកនៅផ្ទះដោយមិនបានចាំមើលទេ ។ លុះដល់ម៉ោងជាង៣ទៀបភ្លឺ ទើបមានការភ្ញាក់ផ្អើលថា ជនរងគ្រោះឈ្មោះហ៊ិន វិចិត្រ ទៅឆក់ត្រីនៅអូរក្រោយផ្ទះ ហើយបានដើរកាត់ដីចម្ការរបស់ឈ្មោះឌី ដឹប ក៏ជាន់ខ្សែលួស ដែលម្ចាស់ចម្ការតចរន្តអគ្គិសនីឆក់កណ្តុរនោះ បណ្តាលឱ្យឆក់ស្លាប់ ។ លុះដល់វេលាម៉ោងខាងលើ ម្ចាស់ចម្ការមកមើលបន្លែ ទើបដឹងថា មានមនុស្សឆក់ស្លាប់ ក៏រត់គេចខ្លួនបាត់តែម្តង ។
ចែករំលែកព័តមាននេះ