រាជធានីភ្នំពេញ ៖ មន្ត្រីពន្ធដារក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារចំនួន៣០៣រូប បានធ្វើសច្ចាប្រណិធាននៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ មីនា ២០១៦ ដើម្បីទទួលបាននីតិសម្បទាន ជាភ្នាក់ងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោកកោ វណ្ឌី ប្រធានក្រុមប្រឹក្សាសម្បថ និងជាប្រធានតុលាការស្តីទីសាលាដំបូងរាជធានីភ្នំពេញ ។
មន្ត្រីពន្ធដារទាំងអស់ បានសម្តែងទឹកចិត្តស្មោះត្រង់បម្រើជាតិ និងមាតុភូមិ ដោយនាំគ្នាអានប្រារព្ធវាទ ដែលមានខ្លឹមសារថា បពិត្រអស់ទេពារ័ក្ស អារុក្ខអារក្សអ្នកតា និងបារមីដ៏ស័ក្តិសិទ្ធិមានព្រះអង្គដង្កើរ ព្រះអង្គក្រពុំឈូក ព្រះអង្គស្វេតច្ឆត្រ ព្រះអង្គចេក ព្រះអង្គចម អ្នកតាឃ្លាំងមឿង អ្នកតាក្រហមក លោកតាដំបងដែក លោកតាដំបងក្រញូង លោកយាយទេព ព្រះអង្គព្រះវិហារសួគ៌ ព្រះអង្គព្រះជីវីធំវត្តបារាយណ៍ ព្រះអង្គវត្តភ្នំជាដើមខ្លែង សូមយាងអញ្ជើញមកធ្វើជាអធិបតីក្នុងពិធីសម្បថដ្បិតយើងខ្ញុំបានចូលរួមមកសុំធ្វើសម្បថសច្ចាប្រណិធាន ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌នាពេលនេះ ។
បើយើងខ្ញុំប្រព្រឹត្តល្អៀងឃ្លៀងឃ្លាតចាកច្បាប់ មិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដោយមានចេតនាទុច្ចរិត សូមអស់ទេពារ័ក្ស អារក្ខ អារ័ក្ស អ្នកតា យាយទេព និងបារមីដ៏សក្ត័សិទ្ធិទាំងអស់បំផ្លាញយើងខ្ញុំឱ្យវិនាសលាញ ឲ្យស្លាប់តៃហោងយ៉ាងវេទនា ដោយគ្រាប់កាំភ្លើង រន្ទះបាញ់ ឡានម៉ូតូបុក ខ្លាខាំ ពស់ចឹក លុះអនាគតជាតិឲ្យព្រាត់ប្រាស់និរាសឪពុកម្តាយ បងប្អូន កូនចៅ ឲ្យក្ររហេមរហាម ខ្សត់ទ្រព្យ រងទុក្ខវេនាអស់ប្រាំរយជាតិ ។
បើយើងខ្ញុំប្រព្រឹត្តល្អទៀងត្រង់ ត្រឹមត្រូវតាមគន្លងច្បាប់យកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តការងារដោយស្មោះត្រង់អស់ពីចិត្តពីថ្លើមសូមអស់ទេពារ័ក្ស អារុក្ខអារក្ស អ្នកតា យាយទេព និងបារមីដ៏ស័ក្តសិទ្ធិក្នុងលោក ជួយឲ្យយើងខ្ញុំមានអាយុវែងយ៉ឺនយូរ មានសេចក្តីសុខដុមរមនា មានសុខភាពល្អ មានទ្រព្យសម្បត្តិ មាស ប្រាក់ កែវកង ពិទូរ្យសូរ្យកាន្ត សម្បូរណ៍ ហូរហៀរ មានញាតិផៅគោរពស្រឡាញ់រាប់អាន លុះអនាគតជាតិបានជួបតែសេចក្តីល្អមានទ្រព្យស្តុកស្តម្ភ កិត្តិយសថ្លៃថ្នូរ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង សមដូចសេចក្តីបំណងប៉ងប្រាថ្នាកុំបីខានឡើយ ។
នៅក្នុងឱកាសសច្ចាប្រណិធានមន្ត្រីពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ លោកកោ វណ្ឌី ប្រធានក្រុមប្រឹក្សាសម្បថបានមានមតិផ្តាំផ្ញើថា តួនាទីរបស់មន្ត្រីពន្ធដារធំដុំណាស់ ក្នុងការអនុវត្តតួនាទីហើយយើងក៏ត្រូវដើរតាមមន្ត្រីនគរបាលយុត្តិធម៌ យើងជាភ្នាក់ងារអីចឹងយើងនៅក្រោមមន្ត្រីនគរបាលយុត្តិធម៌ នគរបាលយុត្តិធម៌ ក៏ដូចជាភ្នាក់ងារនៅក្រោមការគ្រប់គ្រងរបស់ឯកយ្យការ ។ ធ្វើការត្រូវធ្វើទៅតាមច្បាប់ អ្វីដែលមានចែងក្នុងច្បាប់យើងត្រូវធ្វើតាម យើងមិនអាចធ្វើអ្វីខុសពីគម្លាតនៃផ្លូវច្បាប់បានទេ ។ ច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ហើយ ។
ចែករំលែកព័តមាននេះ