ខេត្តកំពង់ឆ្នាំង ៖ បុរសជាមន្ត្រីនគរបាលខេត្ត ពាក់ស័ក្តិ៤កន្លះម្នាក់ បានរងរបួសធ្ងន់បាក់ឆ្អឹងកំភួនដៃ និងដាច់ម្រាមដៃមួយ បន្ទាប់ពីត្រូវក្រុមក្មេងទំនើងស្រវឹងស្រា៣នាក់ព្រួតគ្នាវាយ និងកាប់ដោយចោទថា ជនរងគ្រោះបានជេរពួកគេ ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៩ កុម្ភៈ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈជនរងគ្រោះឈប់ម៉ូតូមើលកង់បែក ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ គឺជាមុខសញ្ញាចោរលួចកាត់ខ្សែភ្លើងនៅពេលយប់ និងធ្លាប់ជាប់ពន្ធនាគារនៅក្នុងឆ្នាំ២០១៥ ១-ឈ្មោះវង្ស ពិសិដ្ឋ អាយុ៣២ឆ្នាំ ២-ឈ្មោះផូ សុខរតនា អាយុ៣១ឆ្នាំ (ជាម្ចាស់កាំបិតបុ័ងតោ) និង៣-ឈ្មោះរស់ ផល្លី អាយុ២៣ឆ្នាំ ទាំង៣នាក់មានទីលំនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ វត្ថុតាងដកហូតបានមានកាំបិតបុ័ងតោ១ និងម៉ូតូហុងដាឌ្រីម០១៥មួយគ្រឿង ។ ចំណែកជនរងគ្រោះឈ្មោះកែវ ណារុន អាយុ៥៣ឆ្នាំ ពាក់ស័ក្តិ៤កន្លះ ជាមន្ត្រីនៅក្នុងការិយាល័យការពារ និងអន្តរាគមនន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាស៊ីប៊ីរូស ជាមួយមន្ត្រីនគរបាលជាកូនចៅម្នាក់ទៀត ដើរល្បាតពេលយប់ ។ លុះមកដល់ផ្លូវចូលម៉ាស៊ីនទឹកកក ក្នុងភូមិត្រពាំងចឹក្សាម៉ូតូ ក៏បានបែកកង់ គាត់ក៏ឈប់ ចំណែកកូនចៅគាត់បានដើរទៅមុខរកកន្លែងប៉ះម៉ូតូ ។ នៅពេលគាត់កំពុងអង្គុយមើលម៉ូតូបែកកង់ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះគ្នា៣នាក់បើកពីត្បូងទៅជើង វ៉ាគាត់ផុតទៅហើយ តែបន្តិចក្រោយមក ក៏ត្រឡប់មកវិញ រួចឈប់ម៉ូតូចុះដើរសំដៅមកគាត់ ហើយស្រែកសួរថា អាណាជេរម្រ៉ាយអញ ។
ភ្លាមនោះគាត់ ក៏បានដកអាវុធខ្លីកា៥៤ពីចង្កេះ មកកំញើញការពារខ្លួន តែក្រុមក្មេងទំនើង ជាជនដៃដល់ទាំង៣នាក់ មិនបានញញើតទេ ក៏បាននាំគ្នាព្រួតវាយនិងកាប់មកលើរូបគាត់តែម្តង បណ្តាលឱ្យរបួសបាក់ឆ្អឹងកំភួនដៃឆ្វេង និងដាច់ម្រាមដៃស្តាំមួយ នៅពេលគាត់យកដៃរង ។
ទោះបីជាយ៉ាងណា ពេលកំពុងកើតហេតុ នគរបាលម្នាក់ដែលជាកូនចៅដែលដើរខាងមុខ បានស្ទុះមកជួយ ជាមួយប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ នាំគ្នាព្រួតចាប់និងវាយជនទាំង៣នាក់វិញ មុនចាប់ប្រគល់ឱ្យសមត្ថកិច្ចនគរបាលខេត្តចាត់ការបន្ត។
ចែករំលែកព័តមាននេះ