ខេត្តសៀមរាប ៖ ខ្លោងទ្វារទន្លេអុំនឹងដាក់ជាផ្លូវឯកទិស ចាប់ពីចុងខែមីនា ឆ្នាំ២០១៦ ខាងមុខនេះតទៅ ជាចំណុចមួយដែលមានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ចំណែកក្រុមមគ្គុទេសក៍ទេសចរណ៍ បានសម្រុកដឹកភ្ញៀវនៅពេលព្រឹក ដោយយានជំនិះផ្សេងៗ ចូលទៅប្រាសាទបាយ័ន, ប្រាសាទបាពួន និងលានជល់ដំរី ។
នៅពេលល្ងាច ក៏ជាគោលដៅសម្រាប់ភ្ញៀវទេសចរមើលថ្ងៃលិច នៅលើប្រាសាទបាក់ខែងផងដែរ ។ ជារឿយៗ ជាពិសេសនៅពេលព្រឹក ដោយមិនគិតពីថ្ងៃបុណ្យធំៗ ខ្លោងទ្វារទន្លេអុំនេះ តែងមានការកកស្ទះចរាចរណ៍ ដោយសារមានទំហំតូច និងអាចចរាចរណ៍បានត្រឹមរថយន្តមួយប៉ុណ្ណោះ ។
អាជ្ញាធរជាតិអប្សរាបានសម្រេចយកខ្លោងទ្វារទន្លេអុំ ដាក់ជាផ្លូវឯកទិសនៅពេលព្រឹក ដើម្បីសម្រួលបញ្ហាកកស្ទះចរាចរណ៍ទាំងនេះ កុំឱ្យភ្ញៀវជាតិ និងអន្តរជាតិមានការរអូរទាំពេលចេញ-ចូលទៅមើលប្រាសាទបាយ័នម្តងៗ ។ ហើយបញ្ហាកកស្ទះចរាចរណ៍ នៅច្រកខ្លោងទ្វារទន្លេអុំនោះ បានកើតឡើងជាយូរមក ហើយដោយសារបញ្ហានេះ ទើបធ្វើឱ្យប៉ះពាល់ពេលវេលាទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរមួយចំនួនព្រោះថា ពួកគេត្រូវរង់ចាំនៅច្រកចូលខ្លោងទ្វារទន្លេអុំ ។
យ៉ាងហោចណាស់ពី១៥ ទៅ២០នាទីឯណោះ រាល់ពេលមានការកកស្ទះម្តងៗ ដើម្បីដោះស្រាយបញ្ហាទាំងនេះ បានអាជ្ញាធរជាតិអប្សរា និងកំណត់ផ្លូវខ្លោងទ្វារទន្លេអុំ ដែលជាច្រកទ្វារខាងត្បូងប្រាសាទបាយ័ន ឱ្យទៅជាផ្លូវឯកទិសនៅពេលព្រឹក គឺចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង១១កន្លះ។
អាជ្ញាធរជាតិអប្សរាតាមរយៈលិខិត បានចេញសេចក្ដីជូនដំណឹងស្ដីពីអនុវត្តចរាចរណ៍ឯកទិស នៅខ្លោងទ្វារទន្លេអុំ ។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការអនុវត្តចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំនេះ ដោយសារបច្ចុប្បន្ន តែងតែមានការកកស្ទះចរាចរណ៍ នៅខ្លោងទ្វារទន្លេអុំនៅពេលព្រឹក ដែលជាហេតុធ្វើឱ្យរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ ប៉ះពាល់ដល់ខ្លោងទ្វារ និងបំពុលបរិស្ថាន។
ហើយអាជ្ញាធរជាតិអប្សរា នឹងដាក់ដំណើរការចរាចរណ៍ឯកទិស នៅខ្លោងទ្វារទន្លេអុំ ចាប់ពីថ្ងៃទី២៨ មីនា ២០១៦ តទៅ ដោយអនុញ្ញាតឱ្យមានតែចរាចរណ៍ចូល និងគ្មានចរាចរណ៍ចេញ (លើកលែងតែថ្មើរជើង និងកង់) តែប៉ុណោះ ចាប់ពីម៉ោង៧:៣០ នាទីដល់ម៉ោង១១ និង៣០ព្រឹក ។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី២៩ កុម្ភៈ នេះ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការអនុវត្តផ្លូវឯកទិសនៅខ្លោងទ្វារទន្លេអុំ នឹងចាប់អនុវត្តន៍ចាប់ពីថ្ងៃទី២៨ មីនា ឆ្នាំ២០១៦ តទៅ ។ អាជ្ញាធរជាតិអប្សរាបានយោងហេតុផលថា ដើម្បីសម្រួលចរាចរណ៍ឱ្យល្អឡើងវិញ ការបញ្ចៀសសការរំខានដល់ភ្ញៀវទេសចរ និងផលប៉ះពាល់ដល់បរិស្ថាននៅតំបន់អង្គរ ដែលបង្កឡើងដោយផ្សែងយានយន្តជាដើម ។
ចែករំលែកព័តមាននេះ