រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ដគ្រប់ប្រភេទ ត្រូវរៀបចំឯកសារបើកបរឱ្យបានត្រឹមត្រូវ និងលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីចៀសវាងផលប៉ះពាល់ដល់សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ខណៈពេលកម្លាំងមានសមត្ថកិច្ចចាប់ផ្ដើមចុះអនុវត្ដច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១៥ មីនា ខាងមុខទៅ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជាក់ថា«ដើម្បីបន្ដរួមគ្នាសម្រេចឱ្យបានក្នុងការធានាឱ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការ តម្រូវឱ្យគ្រប់យានយន្ដមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ អ្នកបើកបរមានគុណសម្បត្ដិ សមត្ថភាពសមស្របក្នុងការធ្វើចរាចរណ៍ប្រកប ដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដែលកម្លាំងមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្ដច្បាប់ចរាចរណ៍ ដោយត្រូវត្រួតពិនិត្យលើឯកសារយានយន្ដចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦តទៅ» ។
ប្រភពដដែលបន្ដទៀតថា ក្រសួងសាធារណការនិងដឹកជញ្ជូន សូមរំឭកដល់សាធារណជនទាំងអស់ ដែលមិនទាន់មានឯកសារយានយន្ដណាមួយ រួមទាំងការមកទទួលប្រាក់ទូទាត់ថ្លៃធ្វើប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងក្រោម១២៥សេសេ សូមមេត្ដារូតរះមកទទួលសេវាសា ធារណៈនៅតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន និងច្រកចេញចូលតែមួយរាជធានី-ខេត្ដ និងអគ្គនាយកដ្ឋានដឹកជញ្ជូន គ្រប់ពេលម៉ោងធ្វើការ ។
ទន្ទឹមនឹងនេះ ក្រសួងនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដនៅខេត្ដក្រចេះ នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃទី២៩ ខែកុម្ភៈ តទៅ បន្ថែមលើមជ្ឈមណ្ឌលឆៀកដែលមានស្រាប់នៅរាជធានីភ្នំពេញ អគ្គនាយកដ្ឋានដឹកជញ្ជូន និងនៅចំការដូង នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដកំពង់ចាម សៀមរាប បាត់ដំបង ខេត្ដព្រះសីហនុ និងខេត្ដកំពង់ស្ពឺ ដែលម្ចាស់យានយន្ដនានាអាច ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីតាំងណាមួយក៏បាន ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានលើកឡើងទៀតថា ដើម្បីលុបបំបាត់អំពើអសកម្មនានា ដែលរួមមាន ការទារកម្រៃលើសពីតម្លៃដែលបានកំណត់ក្នុងតារាងសេវាសាធារណៈ សូមសាធារណជនមេត្ដាផ្ដល់ព័ត៌មានជាបន្ទាន់មកមន្ដ្រី ទទួលបន្ទុកនៅមន្ទីរសាធារណការនិងដឹកជញ្ជូន អគ្គនាយកដ្ឋានដឹកជញ្ជូន តារាងតម្លៃ និងឈ្មោះមន្ដ្រីទំនាក់ទំនងដែលមានបិទនៅគ្រប់ ទីកន្លែងផ្ដល់សេវាសាធារណៈទាំងអស់ខាងលើ និងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈលេខទូរស័ព្ទ ០១២ ៩០០ ៧៣៥ ឬ០១១ ៧៨៦ ៨៩៩ ដើម្បីមានវិធានការចំពោះ អំពើមិនគប្បីនានាឱ្យបានតឹងរ៉ឹង ។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមវាយតម្លៃខ្ពស់ចំពោះបងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលបានចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការមកស្នើសុំសេវាសាធារណៈ ដែលច្បាប់បាន តម្រូវឱ្យមាន ពាក់ព័ន្ធនឹងឯកសារយានយន្ដ រួមមានប័ណ្ណសម្គាល់ និងផ្លាកលេខយានយន្ដ ប័ណ្ណបើកបររថយន្ដ និងទោចក្រយានយន្ដដែលមានកម្លាំងលើសពី១២៥សេសេឡើង ប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ លិខិតអនុញ្ញាត ធ្វើអាជីវកម្មជាដើម ៕
ចែករំលែកព័តមាននេះ