ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាមគ្រោង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ទណ្ឌិត​និង​សហការ​លើ​វិស័យ​ព្រហ្មទណ្ឌ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កម្ពុជា​និង​ក្រសួងយុត្តិធម៌​វៀតណាម គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​បន្ថែម​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ពី​មុន គឺ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត និង​កិច្ចព្រមព្រៀង​ស្តី​ពី​កា​ជួយ​គ្នា​ទៅ​វិញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​កម្ពុជា​និង​ក្រសួងយុត្តិធម៌​វៀតណាម គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​បន្ថែម​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ពី​មុន គឺ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត និង​កិច្ចព្រមព្រៀង​ស្តី​ពី​កា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​ព្រហ្មទណ្ឌ ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជាមួយ​គណៈប្រតិភូ​វៀតណាម ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Ha Hung Cuong នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកុម្ភៈ នៅ​ទីស្តីការក្រសួង​ថា ក្នុង​ជំនួប​ពិភាក្សា លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វៀតណាម បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​ក្រសួងយុត្តិធម៌​វៀតណាម ក្នុង​ការ​កែទម្រង់​វិស័យ​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌ និង​ពង្រឹង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​ក្រសួងយុត្តិធម៌​របស់​ប្រទេស​ទាំង​ពីរ ។

លោក ជិន ម៉ា​លី​ន បញ្ជាក់​ថា «​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វៀតណាម ក៏​មានការ​ចុះហត្ថលេខា​លើ​ផែនការ​ការងារ ដែល​ជា​គម្រោង​សម្រាប់​ឆ្នាំ​២០១៦​ដែរ​។ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា ដើម្បី​ឲ្យ​មាន​សកម្មភាព​ជាង​មុន និង​រីក​ចម្រើន​ជាង​មុន​។ បើ​ចង់​មាន​រូបរាង​ជាក់ស្តែង លុះត្រាតែ​មាន​ផែនការ​ការងារ ប្រសិនជា​មាន​តែ​កិច្ច​សហប្រតិបត្តិការ​ហើយ​គ្មាន​ផែនការ​ទេ ហាក់បីដូចជា​យល់​សុបិន​តែ​ប៉ុណ្ណឹង​» ។ 

អ្នកនាំពាក្យ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​ក្រសួងយុត្តិធម៌​ទាំង​ពីរ បាន​រៀបចំ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​២០១៦ ។ ផែនការ​ការងារ​នេះ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​មួយ​ចំនួន​ដូច​ជា ការ​រៀបចំ​សិក្ខាសាលា  កិច្ចប្រជុំ​រួម​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​ច្បាប់ ការ​រៀបចំ​ទស្សនកិច្ច​សិក្សា និង​ការ​ផ្លាស់​ប្តួ​រ​មន្ត្រី​នៃ​ក្រសួងយុត្តិធម៌​ទាំង​ពីរ ដើម្បី​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។

សម្រាប់​ផែនការ​រួម​គ្នា​នោះ លោក ជិន ម៉ា​លី​ន ក៏​បាន​លើក​ឡើង​ពី​កិច្ចប្រជុំ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន ពិសេស​នោះ បញ្ហា​គ្រឿងញៀន​ជាដើម ។ សម្រាប់​ផែនការ​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​សន្យា​ពង្រឹង​ផ្នែក​ច្បាប់​ក្នុង​ជួយ​គ្នា​ទៅ​វិញ​មក​លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌ ដូច​ជា​ការ​ផ្តល់​ព័ត​មាន និង​ឯកសារ​មួយ​ចំនួន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ក្នុង​ជំនួប​ក៏​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​កិច្ចព្រមព្រៀង​ដែល​ភាគី​កម្ពុជា​និង​វៀតណាម​បាន​ចុះហត្ថលេខា​ជាមួយ​គ្នា​រួច​ដួច​ជាទី​១-​អនុស្សរណៈ​នៃ​ការ​យោគ​យល់​​គ្នា​ឆ្នាំ​១៩៩៩ ទាក់ទង​នឹង​កិច្ច​សហ​ប្រប​តិ្ត​ការ​ទូទៅ ទី​២-​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​ឆ្នាំ​២០១៣ និង​ទី​៣-​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់ និង​វិស័យ​រដ្ឋប្បវេណី ។

លោក ជិន ម៉ា​លី​ន សង្កត់ធ្ងន់​ថា «​កិច្ចប្រជុំ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចព្រមព្រៀង​លើ​យន្តការ​នៃ​កិច្ចព្រមព្រៀង​ដែល​យើង​ធ្លាប់​មាន​ពី​មុន​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ចំនួន​ទៀត​ដែល​នឹង​ចេញ​រូបរាង​នៅ​ពេល​ខាង​មុខ ។ កិច្ចព្រមព្រៀង​ទាំងនេះ​មាន​១- កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត និង​២-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​លើ​វិស័យ​ព្រហ្មទណ្ឌ ។ សម្រាប់​កិច្ចព្រមព្រៀង​ទាំងនេះ ក្រសួង​កំពុង​រៀបចំ​តាក់​តាក់តែង ហើយ​គ្រោង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។

លោក ជិន ម៉ា​លី​ន បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ ក្រសួងយុត្តិធម៌​វៀតណាម និង​ក្រសួងយុត្តិធម៌​កម្ពុជា ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ដែរ​លើ​វិស័យ​រដ្ឋប្បវេណី។ សម្រាប់​សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​គ្នា​នោះ នឹង​ត្រូវ​ជំរុញ​ឲ្យ​បាន​ឆាប់​ៗ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ។ លោក​លើក​ឡើង​ទៀត​ថា នា​ពេល​កន្លង​មក​ក្រសួងយុត្តិធម៌​ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ជា​ច្រើន​តាម​រយៈ​ផ្ទេរ​បត្យាប័ន ក៏​ដូច​ជា​ការ​ជួយ​គ្នា​លើ​វិស័យ​រដ្ឋប្បវេណី  ការ​ធ្វើ​បត្យាប័ន​ផង​ដែរ ប៉ុន្តែ​ចំនួន​តួលេខ​ប៉ុន្មាន​នោះ​មិន​បានដឹង​ទេ ។
សម្រាប់​កិច្ចព្រមព្រៀង​រវាង​ក្រសួងយុត្តិធម៌​កម្ពុជា និង​វៀតណាម​នេះ ភាគី​កម្ពុជា​កំពុង​រៀបចំ​កិច្ចព្រមព្រៀង ហើយ​អាច​នឹង​បញ្ចប់​នៅ​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

កិច្ចព្រមព្រៀង​នេះ​នឹង​មាន​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ជួយ​សម្រួល​ដល់​នីតិវិធី​ក្នុង​ការ​អនុវត្ត​របស់​តុលាការ ។

លោក ជិន ម៉ា​លី​ន គូសបញ្ជាក់​ថា «​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​ទាំង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សម្រួល​ដល់​ជន​រង​គ្រោះ និង​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ លើស​ពី​នេះ កិច្ចព្រមព្រៀង​ក៏​ជំរុញ​ដល់​នីតិវិធី​ឲ្យ​មាន​ភាព​លឿន កុំ​ឲ្យ​មានការ​កកស្ទះ​ជាដើម​» ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រឿងញៀន​ផង​ដែរ ដោយ​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ចប្រជុំ​នៅ​តាម​បណ្តា​ខេត្ត នៅ​តាម​ព្រំដែន ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ជាក់ស្តែង​តែ​ម្តង ។

លោក ជិន ម៉ា​លី​ន ឲ្យ​ដឹង​ទៀត​ថា កិច្ចព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ធ្វើ​រួច​មាន ទី​១-​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​ច្បាប់​លើ​វិស័យ​រដ្ឋប្បវេណី តាំងពី​ឆ្នាំ​២០១៣  ទី​២-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ធ្វើ​បត្យាប័ន និង​ទី​៣-​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ។ ចំណែក​កិច្ចព្រមព្រៀង​ថ្មី​ដែល​នឹង​ធ្វើ​ហើយ​ចុះ​អនុ​ស្សរណៈ​នៅ​ពេល​ខាង​មុខ គឺ​ទី​១-​កិច្ចព្រមព្រៀង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​ព្រហ្មទណ្ឌ និង​ទី​២-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត ៕