ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវាធ្វើដំណើរផ្លូវអាកាស ការស្នាក់នៅ អាហារ បានត្រៀមទទួលអ្នកទេសចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាប្រកាសថា នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ វិស័យរដ្ឋ និងឯកជនដែលផ្តល់សេវាកម្មផ្សេងៗ មានការហោះហើរ ស្នាក់នៅ អាហារ ដល់ភ្ញៀវទេសចរបានអះអាងថា…

រាជធានីភ្នំពេញ ៖ នៅពេលកម្ពុជាប្រកាសថា នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ វិស័យរដ្ឋ និងឯកជនដែលផ្តល់សេវាកម្មផ្សេងៗ មានការហោះហើរ ស្នាក់នៅ អាហារ ដល់ភ្ញៀវទេសចរបានអះអាងថា បានត្រៀមខ្លួននៅក្នុងការទទួលស្វាគមន៍អ្នកទេសចររួចរាល់ហើយ ។ 

លោក Alain Brun អគ្គនាយកក្រុមហ៊ុន Cambodia Airport ថាសេវាដឹកជញ្ជួនផ្លូវអាកាសរបស់ក្រុមហ៊ុនលោកបានត្រៀមខ្លួនស្វាគមន៍អ្នកទេសចរអន្តរដែលមានបំណងវិលមកកាន់កម្ពុជាសារជាថ្មី ។ លោក ថា វិបត្តិកូវីដ ១៩ បានធ្វើឱ្យវិស័យអាកាសចរក៏ដូចជាវិស័យផ្សេងទៀតរងផលប៉ះពាល់ ប៉ុន្តែទោះបីជាកម្ពុជាបានទទួលឥទ្ធិពលពីវិបត្តិនេះយ៉ាងណាក្ដីក៏អាកាសយានដ្ឋានអន្តរជាតិទាំងបីមិនបានផ្អាកដំណើរការនោះទេ ពោលគឺនៅតែធ្វើប្រតិបត្តិការដដែល ។ លោកថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅប្រតិបត្តិការរបស់យើង គឺមានតែ៣ភាគរយប៉ុណ្ណោះធៀបនឹងប្រតិបត្តិការកាលពីឆ្នាំ ២០១៩ មុនកូវីដ ១៩ ប៉ុន្តែយើងមិនបានបញ្ឈប់ បង្អាក់សកម្មភាពរបស់យើងឡើងយ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីលទ្ធភាពដែលកម្ពុជានឹងបើកទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សំាងហើយក្នុងពេលឆាប់ៗនេះ ជាពិសេសភ្ញៀវទេសចរជនជាតិចិន ដែលមានសក្តានុពលនោះ ។ នៅពេលនេះក្រសួងទេសចរណ៍ ក៍បានជំរុញឲ្យគ្រប់ផ្នែកត្រៀមខ្លួននៅក្នុងការស្តារឡើងវិញនូវធនធានមាសបៃតងនេះ ។ 

ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ២០២១ តំណាងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានឱ្យដឹងផងដែរថា ក្នុងការត្រៀមខ្លួនដើម្បីស្វាគមន៍ដំណើរការទេសចរណ៍ឡើងវិញក្រុមហ៊ុនខ្លួនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការពារអ្នកដំណើរតាមជើងហោះហើរ Cathay ជាក់ស្ដែងនៅតាមយន្តហោះនីមួយៗបានបំពាក់នូវបច្ចេកវិទ្យាទំនើប ដោយបញ្ចេញសារធាតុម្យ៉ាងរាល់បីនាទីម្ដងដើម្បីកម្ចាត់មេរោគកូវីដ ១៩ ពីយន្តហោះ ។

ចំណែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលមានសមាជិករកទទួលទានច្រើនប្រភេទក្នុងវិស័យទេសចរណ៍ មានទំាងសណ្ឋាគារ អាហារ ជាដើមនោះ បានលើកឡើងថាក្នុងនាមជាប្រតិបត្តិករក្នុងវិស័យទេសចរណ៍ពិតជារំភើបនៅពេលដែលរដ្ឋាភិបាលបានប្រកាសថានឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ ហើយវាក៏ជាសារមួយដាស់ស្មារតីដល់ប្រតិបត្តិករទេសចរជាច្រើនទៀត ឱ្យងើបពីសន្លប់ធំក្នុងវិបត្តិកូវីដ ១៩ ។ 

តាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងវិបត្តិកូវីដ ១៩ នេះ អាជីវកម្មទេសចរណ៍ប្រមាណ ៣ ពាន់ទីតាំងនៅទូទាំងប្រទេសបានបិទ និងផ្អាកដំណើរការ និងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកប្រមាណ ៦ ម៉ឺននាក់ ដូច្នេះការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ នឹងជួយឱ្យអាជីវកម្មដែលបិទទ្វារនិងផ្អាកដំណើរមានសកម្មភាពឡើងវិញ ហើយបុគ្គលិក នឹងចូលមកកាន់កន្លែងការងារវិញជាមួយនឹងប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ ។

«នៅពេលអាជីវកម្មទេសចរណ៍បានបិទ និងផ្អាកដំណើរការបុគ្គលិកទាំងអស់ខ្លះទៅធ្វើសំណង់ ខ្លះទៅលក់ដីឡូត៏ លក់ផ្ទះ ទៅធ្វើការងារកសិកម្ម ខុសពីជំនាញ ដូច្នេះបើសិនជាយើងបើកដំណើរការឡើងវិញនោះពួកគាត់នឹងចូលមកកាន់កន្លែងការងារដែលមានជំនាញនិងធ្វើឱ្យជីវភាពប្រសើរឡើងវិញផងដែរ» នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន។ សម្រាប់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាក្រៅពីការបើកទទួលអ្នកទេសចរអន្តរជាតិឡើងវិញ បានស្នើឲ្យកម្ពុជា ចរចាជាមួយប្រទេសនានាដើម្បីបើកឲ្យអ្នកទេសចរចេញពីកម្ពុជាទៅអន្តរជាតិផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ