ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​សិក្សា​២០១៧

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ​៖​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ឡឺ​រ៉ូ​យ៉ា​ល់​ភារៈធារី​ស្ថានទូត​អូស្ត្រាលី លោក សាយ​ម៉ុ​ន ហ្វ៊ែ​ល​ឡូ​វ​ស៍​និង​លោក​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​រួម​គ្នា​បើក​ជា​ផ្លូវការ​នូវ​កម្មវិធី​អាហារ​រូបករណ៍ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ ២០១៧​។​ស្ថានទូត​បាន​លើក​ឡើង​ថា​អាហារ​រូបករណ៍​អូស្ត្រាលី គឺជា​អាហារ​រូបករណ៍ ដែល​មាន​កិត្យានុភាព​លក្ខណៈ​អន្តរជាតិ ផ្តល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​អ្នកដឹកនាំ​ពិភពលោក​ជំនាន់​ក្រោយ​។

​លោក ហ្វ៊ែ​ល​ឡូ​វ​ស៍ មាន​ប្រសាសន៍​ថា​៖ “ នេះ​គឺជា​ឱកាស​ដ៏​ប្រពៃ​មួយ សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់ទៅ​សិក្សា​ថ្នាក់ក្រោយឧត្តម នៅ​សកល​វិទ្យាល័យ​លំដាប់ថ្នាក់​ពិភពលោក​។  ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​អ្នក​ដែល​ចាប់​អារ​ម្ម​ណ៏ ឲ្យ​ចូលរួម​ដាក់​ពាក្យ ដើម្បី​ទទួល​បាន​អាហារ​រូបករណ៍​អូស្ត្រាលី​។​” សេចក្តី​ប្រកាស​របស់​ស្ថានទូត​ដដែល​បាន​លើក​ឡើង​ថា​៖​អាហារ​រូបករណ៍​អូស្ត្រាលី​សំរាប់​ឆ្នាំ​២០១៧ បើក​ទទួល​ពាក្យ​ចាប់ពី​ពេល​នេះ​រហូត​ដល់ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៦​។ 

សូម​អញ្ជើញ​បេក្ខជន​ដែល​ចង់​សិក្សា​លើ​គ្រប់​ផ្នែក​ទាំងអស់ ចូលរួម​ដាក់​ពាក្យ​។  សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី បាន​បញ្ជាក់​ថា​យើង​សូម​លើកទឹកចិត្ត​ជា​ពិសេស ដល់​បេក្ខជន​ដែល​ចង់​សិក្សា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល គ្រប់គ្រង​វិស័យ​អប់រំ ពាណិជ្ជកម្ម  និង​មុខ​វិជ្ជា​ទាំងឡាយ​ណា​ដែល​អាច​ចូលរួម​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី  ចូលរួម​ដាក់​ពាក្យ​សម្រាប់​អាហារ​រូបករណ៍​នេះ​។ ស្ថានទូត​បាន​លើក​ឡើង​ថា​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ លោក ហ្វ៊ែ​ល​ឡូ​វ​ស៍ និង ឯកឧត្តម ជា សុ​ផា​រ៉ា នឹង​ធ្វើការ​ស្វាគមន៍​នូវ​ការ​វិល​ត្រលប់​មក​កាន់​មាតុភូមិ​វិញ នៃ​និស្សិត​អាហារ​រូបករណ៍​អូស្ត្រាលី​ចំនួន​៥២​រូប ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ពី​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៥​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សំដី​លោក​ជា​សុ​ផា​រ៉ា មាន​ប្រសាសន៍​ថា​៖ “ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ត្រលប់​មក​វិញ​នៅ​ពេល​នេះ បាន​ពាំនាំ​មក​ជាមួយ​នូវ​គំនិត​ថ្មី​ៗ ព្រមទាំង​ចំណេះដឹង និង​សមត្ថភាព ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។  ” សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា​កម្មវិធី​អាហារ​រូបករណ៍​អូស្ត្រាលី បើក​ទទួល​ពាក្យ​ពី​បេក្ខជន​ទាំងអស់​ដែល​មក​ពី ស្ថាប័នរដ្ឋ អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​វិស័យ​ឯកជន​ផង​ដែរ​។

ស្ថានទូត​បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្តេជ្ញា​ចិត្ត ក្នុង​ការ​ផ្តល់​ឱកាស​ជូន​ដល់​មនុស្ស​គ្រប់​គ្នា ហើយ​យើង​សូម​លើកទឹកចិត្ត​ជា​ពិសេស​ដល់​ស្ត្រី ជន​ពិការ និង​បេក្ខជន​ដែល​មក​ពី​តាម​បណ្ដាល​ខេត្ត​នានា ក្នុង​ការ​ដាក់​ពាក្យ ។​ស្ថានទូត​បញ្ជាក់​ថា​ព័ត៌មាន​បន្ថែម​អំពី​អាហារ​រូបករណ៍​អូស្ត្រាលី​សូម​ចូល​ទៅ​វេ​ប​សាយ www.australiaawards.gov.au ទំនាក់ទំនង​ព័ត៌មាន​៖ លោកស្រី រូត ស្ទី​វ៉​ត អនុប្រធាន​បេសកកម្ម ស្ថានទូត​អូស្ត្រាលី​ទូរស័ព្ទ​លេខ ០២៣ ២១៣ ៤៧០​។​