ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់រស់វិស័យទេសចរណ៍ពេលនេះអាស្រ័យលើកត្តាខាងក្នុង និងខាងក្រៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ ចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់ ២ មានកត្តាខាងក្នុង…

រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ ចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់ ២ មានកត្តាខាងក្នុង និងខាងក្រៅ ។ លោកថា កត្តាខាងក្រៅសំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព ។

ចំណែកកត្តាខាងក្នុងសំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែ ដល់ចុងខ្សែ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់ ។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ដូចនេះ នៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្នុងថ្ងៃទី ១៥ កញ្ញាឆ្នាំ ២០២១ ដែលមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេស ចរណ៍រាជធានី-ខេត្តទាំង ២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ ។

លោករដ្ឋមន្ត្រី បានបន្តថា ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាម ស្ថានភាព សេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមាន ៖ ការបំលែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ, ត្រូវពង្រឹង គុណភាព អនាម័យ និងសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មនិងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការ បង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី ។

ទោះយ៉ាងណាលោកបានបញ្ជាក់ថា «ក្នុងដំណាក់កាលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ទេសចរណ៍ផ្ទៃក្នុងត្រូវបានអ្នកជំនាញលើសាកលលោក ជាពិសេសអង្គការទេសចរណ៍ ពិភពលោក (UNWTO) ចាត់ទុកថាជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ និងជាពិសេសចូលរួម ក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍ ។ ជាក់ស្តែងវិស័យទេសចរ ណ៍នៅកម្ពុជា ក៏មិនខុសគ្នាពីបណ្តាប្រទេស ដទៃលើសាកលលោកដែរ ដែលត្រូវពឹងផ្អែកលើទេសចរណ៍ផ្ទៃក្នុងដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងស្ថានភាពទេសចរណ៍ជារួមឡើងវិញ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ