ខេត្តប៉ៃលិន ៖ ល្បែងហ្គេមតាមអ៊ីនធើណិតដុះស្លែចំនួន៣កន្លែង ដែលពង្វក់ស្មារតីក្មេងៗ សិស្សានុសិស្សនៅក្រុងប៉ៃលិនឱ្យភ្លេចបាយភ្លេចទឹក ភ្លេចការរៀនសូត្រ និងគេចវេសមិនចូលរៀននោះ រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះឆ្មក់ចូលបង្ក្រាប ខណៈមានមនុស្សក្មេងចាស់ប្រុសស្រីកំពុងវក់លេងយ៉ាងសប្បាយ ។
ការបង្ក្រាបនេះក្រោយទទួលបញ្ជាពីលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ៣ក្រុមចុះប្រតិបត្តិការព្រមគ្នាតែម្តង ។ ហេតុការណ៍ចុះបង្ក្រាបទ្រង់ទ្រាយធំនៅក្រុងប៉ៃលិននេះ បានធ្វើឡើងកា លពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ទី១. ស្ថិតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន រឹបអូសបានកុំព្យូទ័រចំនួន១៣គ្រឿង ទី២. ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រឹបបានកុំព្យូរទ័រចំនួន១២គ្រឿង និងទី៣. ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រឹបអូសបានកុំព្យូទ័រចំនួន៨គ្រឿង ។
ប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយទទួលបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ភ្លាមៗ នោះកងកម្លាំងសមត្ថកិច្ចលោកបានចុះប្រតិបត្តិការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនក្មេងប្រុសៗ ចំនួន១៥នាក់ និងមនុស្សពេញវ័យចំនួន៣នាក់ រឹបអូសបានកុំព្យូទ័រចំនួន៣២ឈុត ទូរដាក់កុំព្យូរទ័រចំនួន១១ទូ កៅអីជ័រ ចំនួន៨កៅអី និងម៉ូតូចំនួន៩គ្រឿង ។ លោកប ន្តទៀតថា ក្រោយមកក៏បានហៅម្ចាស់អាជីវកម្មអ៊ីនធើណេតខាងលើទាំង៣នាក់ យកមកធ្វើ ការអប់រំ និងផាកពិន័យរាងចាល ។
លោកបញ្ជាក់ថា ក្មេងៗ សិស្សសាលាទាំងនោះ ខាងលោកបានកោះហៅឪពុកម្តាយឱ្យមកផ្តិតមេដៃធ្វើកិច្ចសន្យារាងចាលឈប់បណ្តែតបណ្តោយកូនឱ្យចូលលេងល្បែងបន្តទៀត ។ ចំណែកមនុស្សពេញវ័យចំនួន៣នាក់ទៀត ខាងសមត្ថកិច្ចក៏ធ្វើការអប់រំមិនឱ្យលេងល្បែងហ្គេមតាមអ៊ីនធើណិតនេះដែរ ។ លោករម្លឹកផងដែរថា កាលពីឆ្នាំមុន២០១៥ខាងកងរាជអាវុធហត្ថខេត្ត ធ្លាប់ចុះបង្ក្រាបជាទ្រង់ទ្រាយធំនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ម្តងរួចទៅហើយ ដោយបានហៅក្មេងៗ ជាសិស្ស និងម្ចាស់ទូហ្គេមយកទៅអប់រំ រួចបញ្ឈប់មិនឱ្យបើកល្បែងមួយនេះបន្តទៀត ។
ចំណែកឪពុកម្តាយសិស្សានុសិស្សជាច្រើននៅក្រុងប៉ៃលិន បានសម្តែងនូវការសប្បាយ រីករាយក្នុងចិត្តឥតឧបមា ខណៈសមត្ថកិច្ចកងរាជអាវុធហត្ថចុះបង្ក្រាបបនល្បែងតាមអ៊ីនធើណេតនេះ ព្រោះអីកូនៗ របស់ពួកគាត់មួយចំនួនតែងតែគេចវេសមិនចូលរៀន ថែមទាំងលួចលុយកាក់ យកទៅលេងល្បែងផងដែរ ហើយខណៈឪពុកម្តាយវាយប្រដៅកូនរបស់ខ្លួន ក៏ត្រូវសមត្ថកិច្ចស្នងការនគរបាលខេត្តហៅទៅព្រមានអប់រំម្តងរួចទៅហើយ ធ្វើឱ្យពួកគាត់មានក្តីអាម៉ាស់យ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ