ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​​បាន​ទេ​! តួ​នាង​វិធា​វី​ក្នុង​រឿង«​ផ្កា​ស្រពោន​» នា​ឆ្នាំ​​៦០ កំពុង​ឈឺ​ធ្ងន់ធ្ងរ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី ញ៉ុញ សា​ណុំ ដែល​គេ​ស្គាល់​តាម​រយៈ​តួ​នាង​វិធា​វី ក្នុង​ខ្សែភាពយន្ត​រឿង​ផ្កា​ស្រពោន ក្នុង​អំឡុង​ឆ្នាំ​១៩៦៥ បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ

រាជធានី​ភ្នំពេញ ៖ លោកស្រី ញ៉ុញ សា​ណុំ ដែល​គេ​ស្គាល់​តាម​រយៈ​តួ​នាង​វិធា​វី ក្នុង​ខ្សែភាពយន្ត​រឿង​ផ្កា​ស្រពោន ក្នុង​អំឡុង​ឆ្នាំ​១៩៦៥ បាន​និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​ដុះ​សាច់​កូនកណ្តុរ​។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ក្រុមព្រះ​សុរិយា ដែល​បាន​ចុះ​សួរសុខទុក្ខ​លោកស្រី​ផ្ទាល់​នា​ឯ​គេហដ្ឋាន​នៅ​ក្នុង​ខេត្តបាត់ដំបង​។

បើ​តាម​ក្រុមព្រះ​សុរិយា ថា ទស្សនិកជន​ដែល​មាន​អាយុ​ជាង​៦០​ឆ្នាំ​ប្រាកដជា​ស្គាល់​ចង​ចាំ​យ៉ាង​ច្បាស់​នូវ​វត្តមាន​របស់​សិល្ប​ការិនី​ល្ខោននិយាយ ញ៉ុញ សា​ណុំ តាម​រយៈ​ខ្សែភាពយន្ត​រឿង​ផ្កា​ស្រពោន​ដ៏​ល្បីល្បាញ កាលពី​ឆ្នាំ​១៩៦៥ ដោយ​កាលនោះ​លោកស្រី​សម្តែង គឺ​តួឯក តួ​នាង​វិធា​វី ដែល​មាន​លោក​សាស្ត្រាចារ្យ ប៉ុ​ល សំ​អឿ​ន ជា​អ្នកដឹកនាំ​រឿង ក្រោយ​ពី​ទទួល​បាន​សិទ្ធិ​ផលិត​ជា​ខ្សែភាពយន្ត​ពី​អ្នកនិពន្ធ នូ ហាច​។

បើ​តាម​ក្រុមព្រះ​សុរិយា បន្ត​ថា លោកស្រី ញ៉ុញ សា​ណុំ អតីត​តួ​សម្តែង​ល្ខោននិយាយ និង​តួ​ភាពយន្ត​មួយ​រូប សព្វ​ថ្ងៃនេះ​មាន​អាយុ​៨០​ឆ្នាំ​ហើយ​។ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ លោកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ នៅ​ខណៈ​ដែល​កន្លង​មក លោកស្រី​នៅ​មាន​សុខភាព​ល្អ​រឹង​មាំ​នៅឡើយ​នោះ​។ ក្រោយ​ពី​ធ្លាក់​ខ្លូ​ន​ឈឺ​ភ្លាម កូន​ៗ​របស់​លោកស្រី​បាន​បញ្ជូន​លោកស្រី​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​រក​ឃើញ​ថា លោកស្រី​មាន​ដុះ​សាច់​កូនកណ្តុរ ហើយ​ស្ថាន​ក្នុង​ករណី​ធ្ងន់ធ្ងរ​ទៀត​ផង​។

បើ​តាម​ក្រុមព្រះ​សុរិយា បន្ត​ទៀត​ថា នៅ​ពេល​នោះ លោកស្រី​ក៏​សម្រេចចិត្ត​ទទួល​ការ​ព្យាបាល​ដោយ​បាញ់ថ្នាំ​គីមី​។ ក្រោយ​ពី​បាន​ធូរ​ខ្លះ​ៗ​ហើយ​នោះ នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី​ក៏​ត្រឡប់​ពី​មន្ទីរពេទ្យ មក​សំរាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្រុង​បាត់ដំបង​វិញ​វិញ​។

លុះ​នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ម្សិលមិញ​នេះ ក្រុមព្រះ​សុរិយា​បាន​ចុះ​ទៅ​សួរសុខទុក្ខ​លោកស្រី​ផ្ទាល់​នា​គេហដ្ឋាន​របស់​លោកស្រី ហើយ​ក៏​បានឃើញ​ថា ស្ថានភាព​លោកស្រី​មិន​ទាន់​ល្អ​ប្រសើរ​នៅឡើយ​ទេ ដោយពេល​នេះ​លោកស្រី​ពុំ​ទាន់​អាច​ក្រោក​ដើរ ឬ​និយាយ​បាន​ឡើយ ហើយ​ការ​ចង​ចាំ​ក៏​ភ្លេចភ្លាំង​ច្រើន​។ ក្រុមព្រះ​សុរិយា និង​បុរី ចាវ សុ​ជាតិ ក៏​ដូច​ជា​អ្នក​ស្នេហា​មរតក​សិល្បៈ​ខ្មែរ​ពី​អតីតកាល សូម​ជូនពរ​លោកស្រី​មាន​ស្មារតី​រឹង​មាំ និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា លោកស្រី ញ៉ុញ សា​ណុំ គឺជា​សិល្ប​ការិនី​ផ្នែក​ល្ខោននិយាយ ប្រចាំ​ក្រុម​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា និង​ជា​តួ​សម្តែង​ក្នុង​ភាពយន្ត​។ តាម​រយៈ​ខ្សែភាពយន្ត​រឿង ផ្កា​ស្រពោន បាន​ធ្វើ​អោយ​មហា​ទស្សនិកជន​ស្ងើចសរសើរ​ពី​ការ​សម្តែង​របស់​លោកស្រី ដែល​ប្រកបដោយ​មនោសញ្ចេតនា រស់​រវើក គ្រប់​ឈុត​ឆាក ទាំង​សប្បាយ កំសត់​ស្រក់​ទឹកភ្នែក​។ ជា​ពិសេស​ឈុត​ចម្រៀង​បទ​វិញ្ញាណ​វិធា​វី ដែល​លោកស្រី​សម្តែង​បាន​យ៉ាង​សម រស់​រវើក ច្រៀង​ផង យំ​ផង និង​ក្អក​ធ្លាក់ឈាម​ផង​។

គួរ​រំលឹក​ផង​ដែរ​ថា លោកស្រី​បាន​បំរើ​សិល្បៈ​ស្ទើរតែ​ពេញ​មួយ​ជីវិត​តាំងពី​ទស​វត្ស​៦០ រហូត​ដល់​បច្ចុប្បន្ន​។ នៅ​ក្រោយ​របប​ខ្មែរក្រហម​បញ្ចប់​ទៅ លោកស្រី​ក៏​នៅ​បន្ត​បំរើ​វិស័យ​សិល្បៈ​នេះ ដោយ​បាន​បង្ហាត់​សិស្ស​ជា​ច្រើន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ ក៏​ដូច​ជា​នៅ​តាម​បណ្តា​ខេត្ត​នានា ហើយ​នៅ​ទស​វត្ស​៩០ លោកស្រី​បាន​ទទួល​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ប្រចាំ​ខេត្តបាត់ដំបង រហូត​ដល់​លោកស្រី​ចូល​និវត្តន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ