ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅបន្ទាយស្រីសាកបោះតង់ពេលយប់ម្តងមើល !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការដើរកម្សាន្តបែបធម្មជាតិស័ក្ដិសមបំផុតនៅក្នុងកាលៈទេសៈកូវីដ ១៩ នេះ ។ «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» គឺជាទីតាំងបោះតង់ និងសម្រាកលម្ហែបែបជនបទថ្មីដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរដែលចង់ផ្លាស់ប្តូរពីការរស់នៅទីក្រុង មកទទួលយកនូវបទពិសោធន៍កម្សាន្តបែបជនបទ…

រាជធានីភ្នំពេញ ៖ ការដើរកម្សាន្តបែបធម្មជាតិស័ក្ដិសមបំផុតនៅក្នុងកាលៈទេសៈកូវីដ ១៩ នេះ ។ «សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន» គឺជាទីតាំងបោះតង់ និងសម្រាកលម្ហែបែបជនបទថ្មីដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរដែលចង់ផ្លាស់ប្តូរពីការរស់នៅទីក្រុង មកទទួលយកនូវបទពិសោធន៍កម្សាន្តបែបជនបទ ។

សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន ដែលអ្នកទេសចរមួយចំនួនប្រាថ្នាយកទៅសម្រាកលម្ហែអារម្មណ៍នោះ ស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទបន្ទាយស្រី ក៏ដូចជាគោលដៅទេសចរណ៍នានានៅក្នុងស្រុកបន្ទាយស្រី អាចសាកល្បង បោះតង់សម្រាកនៅសហគមន៍នេះ អមជាមួយទេសភាពធម្មជាតិខៀវស្រងាត់ មើលឃើញជើងភ្នំ ធ្វើឲ្យអ្នកទេសចរអាចរំសាយនូវទុក្ខកង្វល់ ដោយក្នុងសហគមន៍នោះក៏មានទីតាំងបោះតង់ និងសម្រាកលម្ហែបែបជនបទមួយមានឈ្មោះថា The Scenery Natural Campsite ដែលមានចម្ងាយត្រឹមតែ ៨ គីឡូម៉ែតប៉ុណ្ណោះពីប្រាសាទបន្ទាយស្រី ។

ក្រៅតែពីសេវាកម្មបោះតង់ The Scenery Natural Campsite ក៏មានផ្តល់ជូននូវសេវាកម្មផ្សេងៗជាច្រើនជូនដល់ភ្ញៀវទេសចរ ដូចជា ម្ហូបអាហារ ការជិះកង់កម្សាន្តនៅជុំវិញសហគមន៍ ការធ្វើនំបញ្ចុក និងការដាំដុះបន្លែបង្ការរបស់ប្រជាសហគមន៍ ។ លោកស្រី កង គន្ធា ដែលជាម្ចាស់ទីតាំងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រៅពីការបោះតង់យើងមានបម្រើសេវាកម្ម ម្ហូបអាហារ ភេសជ្ជៈ ហើយមានរៀបជាកញ្ចប់ទេសចរណ៍ សម្រាប់ភ្ញៀវ ដូចជាការជិះកង់កម្សាន្តមើលអ្នកភូមិ របៀបនៃការរស់នៅរបស់អ្នកភូមិ ការធ្វើនំបញ្ចុក ការដាំបន្លែ និងចិញ្ចឹមសត្វ ការជិះកង់ទៅលេងដល់ព្រៃបល្ល័ង្ក ស្រះដូនរាជនៅជិតៗនេះ យើងសម្បូរកន្លែងដើរលេងច្រើន» ។

ម្ចាស់ទីតាំង The Scenery Natural Campsite រូបនេះបានឲ្យដឹងទៀតថា ពាក់ព័ន្ធទៅនឹងម្ហូបអាហារដែលធ្វើជូនសម្រាប់ភ្ញៀវ គឺបន្លែ ត្រី សាច់ ភាគច្រើនជាការដាំដុះ ក៏ដូចជាចិញ្ចឹមនៅទីនេះដោសហគមន៍នៅក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្តង គ្មានជាតិគីមី រឹតតែបង្កើនរសជាតិអាហារមួយកម្រិតទៀត ខណៈដែលទីតាំងរបស់លោកស្រីផ្ទាល់ ក៏មានដាំដុះនូវបន្លែបង្ការ និងចញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ជាម្ហូបអាហារជូនដល់ភ្ញៀវទេសចរមកបោះតង់ សម្រាកនៅទីនេះផងដែរ ។

«ចំពោះបន្លែត្រីសាច់ គឺពួកគាត់ចិញ្ចឹមនៅទីនេះផ្ទាល់ លក្ខណៈធម្មជាតិទាំងអស់ ហើយដោយឡែក បន្លែមួយចំនួន ដូចជា ការ៉ុត ខ្ទឹមបារាំង ដំឡូងបារាំង គឺយើងទិញពីផ្សារមក ដោយសារតែគាត់មិនទាន់អាចធ្វើបាន ។ សព្វថ្ងៃកន្លែងយើងមាន យើងដាំជាប្រភេទគ្រឿងទេស គល់ស្លឹកគ្រៃ រំដេង ជី ហើយសត្វយើងចិញ្ចឹងមមាន់ និងត្រី» នេះជាការបញ្ជាក់បន្ថែមទៀតរបស់លោកស្រី កង គន្ធា ។

សហគមន៍ទេសចរណ៍ធម្មជាតិត្បែងគូលែន បានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ ២០១៩ និងបានចាប់ផ្តើមបើកទទួលភ្ញៀវកាលពីខែសីហា ឆ្នាំ ២០២០ ប៉ុន្តែប្រសិនបើភ្ញៀវទេសចរចង់មកសម្រាកលម្ហែ ក៏ដូចជាបោះតង់នៅទីនេះ ភ្ញៀវទេសចរត្រូវកក់ទុកជាមុន ព្រោះម្ចាស់ទីតាំងត្រូវផ្តល់ព័ត៌មានទៅខាងអាជ្ញាធរភូមិ ដើម្បីធានានូវវិធានសុខាភិបាល ហើយម្យ៉ាងទៀតក៏ជាការងាយស្រួលក្នុងការរៀបចំនូវម្ហូបអាហារ កន្លែងសម្រាក និងសេវាកម្មផ្សេងៗឲ្យបានល្អជូនដល់ភ្ញៀវទេសចរផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ