រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងនៅលើហ្វេសប៊ុកប្រទេសកម្ពុជា ច្បាស់ជានៅចាំបានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅ មានករណីស្ត្រីម្នាក់ ដែលប្រើប្រាស់គណនីយហ្វេសប៊ុកឈ្មោះ Ah July បានសរសេរសារខមិនជេរប្រមាថមកលើតារាចម្រៀងកញ្ញា អ៊ី វ៉ា យ៉ាងចាស់ដៃ មិនត្រឹមតែការចូលខមិនជេរប្រមាថលើហ្វេសប៊ុករបស់តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មសាន់ដេរូបនេះប៉ុណ្ណោះទេ ស្ត្រីម្នាក់នោះ ក៏បានហៅទូរស័ព្ទ ទៅគំរាមបន្ថែមទៀតផងដែរ ពេលនេះដឹងការពិត គួរឲ្យអាណិតទៅវិញ ព្រោះរូបនាងមានជំងឺសរសៃប្រសាទ ។
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ត្រីម្នាក់ដែលមានជំងឺសរសៃប្រសាទ ធ្លាប់បានជេរតារាចម្រៀង និងតារាសម្តែងជាច្រើនរូប ហើយបន្លំធ្វើជាកូនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានអាជ្ញាធរនាំយកទៅព្យាបាលហើយ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានបញ្ជាក់អោយដឹងថា ស្ត្រីរូបនេះមានទីលំនៅ ក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើគណនីហ្វេសប៊ុកឈ្មោះ «Ah July» ចូលទៅសរសេរក្នុងខមិន Comment របស់សម្តេចតេជោ ដោយបានរៀបរាប់មានចេតនាបង្ហាញថា រូបគេគឺជាកូនរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
តាមរយៈការខមិនរបស់សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីជៀសវាង ការភ័ន្តច្រឡំរបស់មហាជន លើការលើកឡើងរបស់ក្មួយដែលលើកឡើងច្រើនដង ហើយហាក់ដូចជាក្មួយនេះ ជាកូនស្រីរបស់ពូ និងមីង ដែលត្រូវបោះបង់ចោល ឲ្យនៅខាងក្រៅ ។ ពូសូមប្រាប់ទៅក្មួយ សូមបញ្ឈប់ ចូលមកបន្លំជាកូនពូ និងមីង តទៅទៀត ព្រោះវាជារឿងអគុណធម៌ខ្លាំងណាស់ សម្រាប់ពូ និងមីង ដែលបោះបង់កូនចោលមិនរាប់រក ។ ពេលក្មួយចូលមកក្មួយ តែងប្រើរាជស័ព្ទ ដែលធ្វើឲ្យមានកំហុសបន្ថែមទៀត ។ ប្រសិនបើជាពូមិនយល់ថា ក្មួយមានជំងឺសរសៃប្រសាទទេ ម្ល៉េះសមពូឲ្យនគរបាលតាមរកក្មួយយូរមកហើយ ។ ពូ និងមីង អាចជួយព្យាបាលជំងឺសរសៃប្រសាទជូនក្មួយបាន សុំក្មួយផ្តល់លេខទូរស័ព្វមកពូ ឬចេញមកបកស្រាយតាមរយៈខមិននេះថា តើក្មួយជាអ្នកណា ? និងកំពុងរស់នៅឯណា ? » ។
សូមរម្លឹកឡើងវិញថា «ស្ត្រីម្នាក់ខលគំរាម និងជេរប្រមាថប្រើប្រាស់ភាសាអសុរជាច្រើនដល់ អ៊ី វ៉ា យ៉ាងចាស់ដៃ» ៕










ចែករំលែកព័តមាននេះ