កុយ អេនណា បានបង្ហាញខ្លួនយ៉ាងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងការដើរលើកម្រាលព្រំក្រហមព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦ (2026 Cannes Film Festival) ខណៈពេលដែលសកម្មភាពនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាតិ និងអន្តរជាតិ ។
យ៉ាងណា ការបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហម នៅក្នុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាននាពេលនេះ កុយ អេនណា ត្រូវបានចាត់ទុកថា នាងជាបេក្ខភាពបវរកញ្ញាទីមួយ តំណាងប្រទេសកម្ពុជានៅក្នុងការចូលរួមកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ពិភពលោកមួយនេះ ។
តាមរយៈវីដេអូដែលបានបង្ហោះលើបណ្តាញសង្គម កុយ អេនណា បានបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហមនៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន (2026 Cannes Film Festival) ជាលើកដំបូងបង្អស់ ក្នុងឆ្នាំ២០២៦នេះ ជាមួយឈុតសម្លៀកបំពាក់ដ៏អស្ចារ្យបំផុត ច្នៃឡើងដោយអ្នកច្នៃម៉ូដល្បីឈ្មោះ គឺលោក អូលីវ៉ា គង់។
ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់ស្ត្រីខ្មែរ ជាមួយសម្បុរស្បែកពណ៌ទឹកឃ្មុំដ៏ស្រស់ស្អាតរបស់នាង គួបផ្សំភាពរួសរាយរាក់ទាក់ផងនោះ កុយ អេនណា បានទាក់ទាញចិត្តអ្នកចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំសម្បើមនេះឱ្យងាកមកចាប់អារម្មណ៍រូបនាង ។
អ្វីដែលពិសេសទៀតនោះ គឺឈុតសម្លៀកបំពាក់ដ៏ប្រណីត ច្នៃឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយការយកចិត្តទុកដាក់ បង្ហាញពីភាពរស់រវើកនៃសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកបាញ់ឆ្ពោះទៅកាន់ទស្សនិកជននៅលើពិភពលោកតាមរយៈកម្មវិធីដើរលើកម្រាលព្រំក្រហមនៃកម្មវិធីដ៏ធំមួយនេះ ។
កុយ អេនណា ជារបស់អតីតបេក្ខភាពបវរកញ្ញាកម្ពុជា បានដើរលើកម្រាលព្រំក្រហមដោយ ភាពជឿជាក់របស់ខ្លួន និងមានភាពស្មើមុខស្មើមាត់ជាមួយតារា និងផលិតករល្បីៗជាច្រើនរូបដែលមកជុំវិញពិភពលោក ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ សម្រាប់អ្នកសិល្បៈកម្ពុជាដែលមានឱកាសចូលរួមដើរលើកម្រាលព្រំក្រហមព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ពោលកន្លងមក ក៏មានអ្នកសិល្បៈល្បីៗមួយចំនួនទៀតក៏បានចូលរួមដូចគ្នា ក្នុងនោះ មានដូចជា មាន សូនីតា និងស៊ីន យូប៊ីន ជាដើម ។ល ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ បន្ទាប់ពីឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញា កុយ អេនណា ត្រូវបានគេមើលឃើញថា នាងតែងតែចូលរួមក្នុងសកម្មភាពនានាក្នុងការងារមនុស្សធម៌ ជាពិសេស ការចូលរួមចំណែកផ្សព្វផ្សាយសិល្បៈ វប្បធម៌ដែលអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែមានភាពទូលំទូលាយ ។
ជាកត់សម្តែងកាលពីពេលថ្មីៗនេះ កុយ អេនណា បានធ្វើការប្រូម៉ូតផ្សព្វផ្សាយពីស្បៃខ្មែរទៅកាន់ពិភពលោកដោយចំហ ក្នុងនោះ នាងបានគ្រងឈុតស្បៃខ្មែរដើរបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅតំបន់ Times Square ទីក្រុង New York សហរដ្ឋអាមេរិក និងរូបនាងបានបន្តនាំយកស្បៃខ្មែរមកស្លៀកបង្អួតសម្រស់នៅប៉ម Tour Eiffel ជានិមិត្តរូបនៃទីក្រុងប៉ារីសដ៏ល្បីល្បាញ នៅប្រទេសបារាំង នៅមុនពេលដែលនាងបង្ហាញវត្តមានដើរលើកម្រាលក្រហមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន ឆ្នាំ២០២៦ នាពេលនេះ ។
មហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ជាកន្លែងប្រមូលផ្តុំតារាភាពយន្តគ្រប់ជាតិសាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្ត មកពីគ្រប់ទិសទីក្នុងពិភពលោក ខណៈពេលកម្មវិធីនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈខ្នាតធំមួយរបស់ពិភពលោក ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ៕
ចែករំលែកព័តមាននេះ