រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម” នៅវេទិកាហិរញ្ញវត្ថុសកល PBCSF ដែលសហការរៀបចំដោយ សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាកលវិទ្យាល័យ Tsinghua កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងកិច្ចពិភាក្សានេះក៏មានវត្តមានចូលរួមពីវាគ្មិនជំនាញៗដទៃទៀត ដែលរួមមាន លោក Alfred Hanning នាយកប្រតិបត្តិ AFI លោក Bei Duoguang នាយកវិទ្យាស្ថានចិនសម្រាប់ការសិក្សាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន នៃសាកលវិទ្យាល័យ Renmin និងលោក MA Honglin ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chengdu Jiaozi Financial Holding Group Co., Ltd ។

លោកជំទាវ ទេសាភិបាល បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបានចែករំលែកបទពិសោធរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការអភិវឌ្ឍ MSMEs ។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការអនុវត្តវិធានការគោលនយោបាយនានា សំដៅពង្រឹងលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ MSMEs ឱ្យបានកាន់តែទូលំទូលាយថែមទៀត ។ លើសពីនេះ លោកជំទាវក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ប្រព័ន្ធទូទាត់បាគង ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើតឱកាសថ្មីៗសម្រាប់ MSMEs ក្នុងការចូលរួមកាន់តែសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច ។

វាគ្មិនក៏បានពិភាក្សាពីបញ្ហាប្រឈមចម្បងៗ ដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបានផ្លាស់ប្តូរទស្សនាទានដើម្បីជាដំណោះស្រាយឆ្លើយតប ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតរវាងស្ថាប័នហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ