ខេត្តសៀមរាប ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាបុគ្គលិករបស់ក្រុមហ៊ុន OPEN NET ម្នាក់ក្នុងចំណោម៤នាក់ ដែលបានលួចកាច់កម៉ូតូ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិមណ្ឌល១ សង្កាត់សា្វយដង្គំ ក្រុងសៀមរាប ខណៈពួកគេកំពុងធ្វើសកម្មភាពនៅតាមមាត់ស្ទឹង ដឹកនាំលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានឱ្យកម្លាំងក្រោមឱវាទចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងនគរបាលប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ដោយមានការសហការល្អជាមួយពលរដ្ឋ ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ភា្លមៗផងដែរ ។
លោកវរសេនីយឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៣កុម្ភៈនេះថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ដែលចាប់ខ្លួនបានមានឈ្មោះ យោន វីណា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិករបស់ក្រុមហ៊ុន OPEN NET មានទីតាំងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានស្រុកកំណើតនៅភូមិរំចេក៤ សង្កាត់រតន ក្រុង/ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកបន្តថា ខណៈពេលដែលចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើរួចនាំយកមកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តសៀមរាប មូលហេតុដោយសារតែជននេះបានជាប់ពាក់ព័ន្ធ ករណីល្មើសជាច្រើនដូចជាលួចកាច់សោ.កម៉ូតូ ក្លែងបន្លំឯកសារម៉ូតូ ដូចជា ធ្វើស្លាកលេខ និងកាតគ្រីក្លែងក្លាយជាដើម ។
លោកនាយការិយាយល័យបន្តថា ក្រោយពីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យោន វីណា បានសារភាពប្រាប់សមត្ថកិច្ចថា រូបគេនិងបក្ខពួកផ្សេងទៀតធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះតាមរូបភាពផ្សេងៗដូចជា ធ្វើជាអ្នកទិញដី/លក់ដី រួចខ្ចីម៉ូតូជនរងគ្រោះជិះធ្វើជាជ្រុះលុយ ពេលជនរងគ្រោះចុះរើស គ្នីគ្នាផ្សេងទៀតមកលួចយកម៉ូតូតែម្តង ។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យខាងលើរួចមក កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ម៉ូតូជនរងគ្រោះ២គ្រឿង និងម៉ូតូរបស់ជនសង្ស័យសម្រាប់ជិះធ្វើសកម្មភាព១គ្រឿង, ស្លាកលេខដោះទុកសម្រាប់ដូរចំនួន៣មាន (សៀមរាប 1L-5371, សៀមរាប 1T-5702 និង កំពង់ធំ 1F-8349), មួកសុវត្ថិភាព២ ,ម៉ាស៊ីនឆាបថ្ម១, ម៉ែត្រ១, កញ្ចក់ម៉ូតូ៤គូ និងឧបករណ៍មួយចំនួនធំផងដែរ ។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមួយចំនួនទៅតុលាការនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោកវរសេនីយឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប បើបងប្អូនបានបាត់ម៉ូតូ សូមមកទាក់ទងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ