ខេត្តសៀមរាប ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធខេត្ត បានធ្វើការឃាត់ខ្លួនក្មេងស្រីទំនើងចំនួន៥នាក់តាមពាក្យរបស់ជនរងគ្រោះកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ពីករណីហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោសនៅខាងកើតចំណុចបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធខេត្ត បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ កង ដារីណា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ១០មករា មានទីលំនៅបច្ចុប្បន្នភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃ៣១ ខែមករា ឆ្នាំ២០១៦ ទើបកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ទី១-ឈ្មោះ ឌុច ចរិយា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប, ទី២-ឈ្មោះ ធឹម មាលា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប, ទី៣-ឈ្មោះ ទឹម ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺជាអ្នកយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យប៉ោងរយះស្បែកជាច្រើនកន្លែង លើថ្ងាសខាងឆ្វេង ចូលដេកពេទ្យ (លទ្ធផលស្កែន គឺហើមខួរក្បាល) ថែមទាំងទាញទម្លាក់ពីលើម៉ូតូ រួចទាត់ធាត់មួយទំហឹងបណ្តាលឱ្យជនរងគ្រោះរងរបួសជាទម្ងន់ មូលហេតុបណ្តាលមកពីខាងក្រុមជនសង្ស័យឱ្យជនរងគ្រោះហៅពួកគេថា បងៗ ឬហៅ ថាចែៗៗ, ទី៤-ឈ្មោះ ចាន់ ស្រីពីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប និង ទី៥-ឈ្មោះ តឹក ឡាលីន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកបន្តថា បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅតុលាការនៅវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកបក្ខពួកជនសង្ស័យមួយចំនួនទៀតដែលបានគេចខ្លួននោះ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធខេត្តកំពុងតាមស្រាវជ្រាវស្វែងរកជនទាំងនោះយកមកដាក់ទោសទៅតាមច្បាប់ឱ្យខាងតែបាន ដើម្បីកុំឱ្យក្មេងទំនើងផ្សេងទៀតយកគំរូតាម ៕
ចែករំលែកព័តមាននេះ