ខេត្តព្រៃវែង ៖ កសិករដែលរស់នៅក្នុងភូមិទូលពពេល ឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បាននាំគ្នាចាប់យកមុខរបរចិញ្ចឹមចង្រិតដែកលក់ ដោយសារមានទីផ្សារច្រើន ហើយប្រើរយៈពេលខ្លី ចំណែកតម្លៃវិញ គឺថ្លៃគួរសម ដែលអាចទទួលយកបាន ដើម្បីរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យធូរធាបានមួយកម្រិតទៀត។

បើតាមកសិករដែលបានលើកឡើងប្រហាក់ប្រហែលគ្នា បានប្រាប់អោយដឹងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ថា ការចាប់យកមុខរបរចិញ្ចឹមចង្រិតដែកនេះ គឺដោយសារមានទីផ្សារច្រើន ជួនការចិញ្ចឹមមិនទាន់តម្រូវការឈ្មួញផង ហើយចង្រិតដែកនេះ មិនពិបាកចិញ្ចឹមនោះទេ។
កសិករបានអះអាងថា ចង្រិតងាយស្រួលចិញ្ចឹមជាងមាន់ ទារ និងជ្រូកទៀត ដែលប្រើរយៈពេលត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះនឹងបានប្រមូលផល ហើយក៏មានឈ្មួញចុះមកប្រមូលទិញដល់ផ្ទះទៀត ដោយក្នុង១គឡូក្រាមអាចលក់បានតម្លៃ១១,០០០រៀលឯណោះ។

កសិករបញ្ជាក់បន្ថែមទៀតថា នៅឃុំគោកគង់លិចនេះ ក្រៅពីមុខរបរបង្កបង្កើនផលដំណាំធ្វើស្រែចំការបន្តិចបន្តួចហើយ កសិករជាច្រើនគ្រួសារក៏បាននាំគ្នាឆ្លៀតពេលងាកមកចាប់យកមុខរបរចិញ្ចឹមចង្រិត ដោយអ្នកខ្លះចិញ្ចឹម១០ទ្រុង និងអ្នកខ្លះទៀតចិញ្ចឹម២០ទ្រុង ព្រោះចំណាយដើមទុនតិច អោយវាស៊ីស្លឹកឈើ និងចំណីកូនមាន់បន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីរកប្រាក់ជួយផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារធូរធាបានមួយកម្រិតដែរ៕











ចែករំលែកព័តមាននេះ