ខេត្តមណ្ឌលគិរី ៖ ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគិរី បានឈានដល់ចំណុចគួរឱ្យព្រួយបារម្ភខ្ពស់បំផុត ក្រោយពេលអត្រាអ្នកឆ្លងជំងឺនេះ បានកើនឡើងជាងមួយពាន់ករណី ចំណែកទីតាំងដែលមានការពាក់ព័ន្ធសរុបប្រមាណ២០៧កន្លែង ។
លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តមណ្ឌលគិរីមានអាត្រាឆ្លងជំងឺកូវីដ១៩ សរុប១,០១៤ករណី ករណីឆ្លងថ្មី៤៧ករណី ជាសះស្បើយ៤២១ករណី ស្លា.ប់០៤ករណី និងកំពុងសម្រាកព្យាបាល៥៨៩ករណី ក្នុងនោះក៏មានអ្នកជំងឺកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មី ប្រភេទ Delta ចំនួន២៦ករណីផងដែរ ។ លោកបន្តថា ចំពោះអ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌល និងកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន មានប្រមាណជាង១,៥០០ករណី ។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ ខេត្តមណ្ឌលគិរី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជូនដល់មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋប្រមាណជាង៥ម៉ឺននាក់ហើយ ក្នុងនោះមានទាំងមនុស្សពេញវ័យ និងកុមារ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ហើយនឹងបានចាក់ដូសជម្រុញទី៣ ជាង៤ពាន់នាក់ផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី កូវីដ១៩បានរាតត្បាតនៅទូទាំងក្រុង/ស្រុកទាំង៥ ដោយក្នុងនោះក្រុងសែនមនោរម្យ មានអាត្រាអ្នកជំងឺច្រើនជាងគេ បន្ទាប់មកគឺស្រុកកោះញែក ហើយនៅថ្ងៃទី៣០ ខែសីហាផ្ទាល់ គឺជំងឺកូវីដ១៩ បានរាតត្បាតទៅស្រុកអូររាំងបន្ថែមទៀត ។ ស្ថានភាពជំងឺកូវីដ១៩នៅខេត្តមណ្ឌលគិរី មិនទាន់ប្រសើរនៅឡើយទេ ដោយអាជ្ញាធរខេត្ត និងមន្ត្រីជំនាញគ្រប់វិស័យ កំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺដ៏កាចសា.ហាវនេះ ៕







ចែករំលែកព័តមាននេះ