រាជធានីភ្នំពេញ ៖ ក្រុមអ្នកលេង៣នាក់ ក្នុងចំណោម៥នាក់ ប្រដាប់ដោយកាំបិត និងដាវគ្រប់ដៃ បានធ្វើសកម្មភាពអុកឡុកនៅក្នុងសាលារៀនមួយ និងប៉ុនប៉ងកាប់សម្លាប់សិស្សនៅក្នុងសាលានោះ ដោយបោយដៃហៅសិស្សម្នាក់ឲ្យចេញទៅប្រយុទ្ធស្លាប់រស់ជាមួយពួកខ្លួននោះ ត្រូវបានកម្លាំងប៉ូលិសខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ធ្វើការចាប់ខ្លួនបាន នាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅមុខវិទ្យាល័យទួលអំពិល ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលចាប់ខ្លួនបាននោះមាន ១-ឈ្មោះ អំ វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ, ២-ឈ្មោះ តឹម មាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ និង ៣-ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ប៉ូលិសដកហូតបានដាវ និងកាំបិតចំនួន៣ដើមផងដែរ ។ ចំណែក២នាក់ទៀតដែលបានរត់គេចខ្លួនរួចនោះមាន ១-ឈ្មោះ អ៊ី ណូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និង ២-ឈ្មោះ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងខាងលើក្រុមអ្នកលេងទាំង៥នាក់នោះបាននាំគ្នាទៅ ធ្វើការអុកឡុកវិទ្យាល័យខាងលើដោយបានបោយដៃហៅយុវជនម្នាក់ឈ្មោះ ហេង តេង អាយុ២០ឆ្នាំជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យខាងលើ មានទីលំនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឲ្យចេញទៅខាងក្រៅសាលា ដើម្បីប្រយុទ្ធគ្នាឲ្យដឹងឈ្នះចាញ់ ហើយកន្លងមកក្រុមជនទាំងនេះក៏ធ្លាប់ បានព្រួតវាយជនរងគ្រោះម្ដងរួចមកហើយ ប៉ុន្តែពេលនោះជនរងគ្រោះមិនហ៊ានចេញក្រៅសាលាទេ ហើយបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ សហការជាមួយប៉ូលិសខណ្ឌក្រោមបញ្ជា និងការដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានចុះទៅអន្តរាគមន៍ និងចាប់ឃាត់ខ្លួនបាន៣នាក់ រួមនិងវត្ថុតាង ដាវកែច្នៃចំនួន៣ដើម យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពបានឲ្យដឹងទៀតថា ក្រុមជនទំនើងខាងលើនេះកន្លងមកតែងតែបង្កការអុកឡុកនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ជាញឹកញាប់ហើយប៉ូលិសក៏ធ្លាប់បានឃាត់ខ្លួន ធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលធានាទៀតផង តែមិនរាងចាល ពេលនេះប៉ុនប៉ងកាប់សម្លាប់មនុស្ស និងបង្កការភ័យខ្លាចដល់សិស្សនៅក្នុងសាលា ទើបចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង ៕
ចែករំលែកព័តមាននេះ