ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់លបបាញ់ដោយកាំភ្លើងអាកាបណ្ដាលឲ្យរងរបួសជិតដាច់ម្រាមដៃ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ ស្ថិតភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ជាប់ព្រំប្រទល់ឃុំស្ទឹងកែវ ស្រុកទឹកឈូ ។
យោងតាមសំដីស្ត្រីឈ្មោះ ពៅ ភាព អាយុ៣៦ឆ្នាំ ជាប្រពន្ឋជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គោដែលចងនៅក្រោមផ្ទះបានរបូតចំណង ប្តីរបស់គាត់(ជនរងគ្រោះ)ចុះពីលើផ្ទះទៅចាប់គោចង ក្រោយពីចងគោហើយប្តីគាត់បានឡើងមកលើផ្ទះវិញរួចបិទគន្លឹះទ្វាបម្រុងចូលដេក ស្រាប់តែឮសូរសម្រឹបជើងមនុស្សដើរនៅពីមុខផ្ទះ ពេលនោះប្តីគាត់ក៍បានកាន់ពិលចុចសំដៅមាត់ទ្វាផ្ទះ ប៉ុន្តែមិនទាន់បើកទ្វាទេ គាត់លបមើលតាមប្រហោងទ្វាមិនទាន់ទាំងឃើញអ្វីផងស្រាប់តែស្នូរអាវុធប្រាវបាញ់ពីមុខផ្ទះមកសំដៅមាត់ទ្វាផ្ទះបណ្តាលឲ្យធ្លាយមាត់ទ្វាផ្ទះ រួចត្រូវម្រាមដៃប្តីគាត់ខាងឆ្វេងបែកឆ្អឹងជិតដាច់ម្រាមដៃ ។
ក្រោយពីកើតហេតុជិតកន្លះម៉ោងទើបម្តាយក្មេក (ម្តាយបង្កើតជនរងគ្រោះ) និងក្មួយៗដែលមានផ្ទះនៅជិតគ្នាមកសួរនាំ រួចហើយក៏នាំជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឃុំស្ទឹងកែវដើម្បីឲ្យពេទ្យរុំរបួសទាំងយប់ ។
ប្រភពដដែលឲ្យដឹងទៀតថា នៅវេលាម៉ោង២រំលងអាធ្រាតទើបកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងនគរបាលស្រុកឈូកទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ ។
លោកអធិការងស្រុកឈូកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ តាប់ ភេទប្រុស អាយុ៣៥ឆ្នាំបានរងរបួសម្រាមដៃឆ្វេងបន្ទាប់ពីកូនដៃ ដោយជនមិនស្គាល់មុខលបបាញ់ដោយកាំភ្លើងអាកាចំនួន២-៣គ្រាប់ ប៉ុន្តែនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញតែសំបកគ្រាប់កាំភ្លើងអាកាតែ១គ្រាប់ទេ និងត្រូវធ្លាយមាត់ទ្វាផ្ទះតែមួយកន្លែងដែរ ។
លោកបន្តទៀតថា ជុំវិញករណីលបបាញ់ជនរងគ្រោះពីសំណាក់ជនមិនស្គាល់មុខនេះ តាមការសន្និដ្ឋានជាបឋមមិនមែនជាករណីប្លន់ទេ អាចជារឿងគំនុំច្រើនជាង ព្រោះជនរងគ្រោះមានជីវភាពមធ្យម មិនមែនជាអ្នកមានទ្រព្យសម្បត្តិអ្វីធំដុំនោះទេ ។ លោកបន្តទៀតថា ករណីខាងលើនេះសមត្ថកិច្ចក៏មិនទាន់បានសាកសួរ និងស្រាវជ្រាវប្រភពព័ត៌មានពីជនរងគ្រោះឲ្យបានជាក់លាក់នៅឡើយដោយពេលនេះជនរងគ្រោះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ ប៉ុន្តែទោះបីជាយ៉ាងណាសមត្ថកិច្ចនឹងស្រាវជ្រាវរកមុខសញ្ញាជនល្មើសឲ្យទាល់តែឃើញក្នុងពេលដ៏ខ្លីខាងមុខនេះ ៕
ចែករំលែកព័តមាននេះ