រាជធានីភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌទួលគោកបានឃាត់ខ្លួនយុវជន២នាក់ដែលមានគ្រឿងញៀនម៉ាកទឹកកក២កញ្ចប់នៅជាប់នឹងខ្លួនកាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ខណៈដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនម្នាក់ឈ្មោះ សម្បត្តិ រាជណាឆា អាយុ១៦ឆ្នាំ ជាជាងជួសជុលទូរស័ព្ទនៅផ្សារទួលសង្កែ ស្នាក់នៅម្តុំផ្សារហេងលី និងម្នាក់ទៀតឈ្មោះ ណន ឌីណេត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅម្តុំសង្កាត់ទួលសង្កែង ខណ្ឌឫស្សីកែវ ។ ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-8663 ព្រមទាំងដកហូតបានថ្នាំញៀន២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ