ខេត្តកំពង់ចាម ៖ បុរសជាបងថ្លៃម្នាក់ឈ្មោះ ភន ភឿន អាយុ៣០ឆ្នាំ រស់នៅភូមិខ្ទួយទី៣ ឃុំអូម្លូ ស្រុកស្ទឹងត្រង់ ត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យថាចាប់រំលោភប្អូនថ្លៃស្រីវ័យ១៦ឆ្នាំ ថែមទាំងបានយកពន្លាកចាក់ឲ្យរបួសធ្ងន់ទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកែងចំការកៅស៊ូ មុខរោងច្រកអ៊ុច អេង ស្ថិតនៅភូមិអូរតាសេក ឃុំអូម្លូ ហើយនារីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់ឲ្យដឹងថា ប្អូនថ្លៃដែលរងគ្រោះមានទីលំនៅស្រុកសន្ទុក ខេត្តកំពង់ធំ បានមកស្នាក់នៅជាមួយនឹងបងស្រី ត្រូវជាប្រពន្ធរបស់ជនសង្ស័យ ដោយបានស៊ីឈ្មួលធ្វើជាកម្មករចៀរជ័រកៅស៊ូឲ្យគេដើម្បីរកប្រាក់មកផ្តត់ផ្គង់ជីវភាពគ្រួសារ ។
លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់បន្តឲ្យដឹងទៀតថា នៅពេលដែលទៀបភ្លឺឈានចូលថ្ងៃទី២៥ មករា ជនសង្ស័យនិងប្អូនថ្លៃស្រីបានជិះម៉ូតូ១គ្រឿងចេញពីផ្ទះ ដើម្បីទៅចៀរជ័រកៅស៊ូ ខណៈពេលដែលជិះដល់ត្រង់ចំណុចផ្លូវកែងរោងចក្រកៅស៊ូខាងលើ ស្រាប់តែបងថ្លៃបែរជាចាប់រំលោភប្អូនថ្លៃស្រី ហើយថែមទាំងចាក់១ពន្លាកត្រង់ដោះបណ្ដាលឲ្យរងរបួសធ្ងន់ថែមទៀតផង ។
លោក សឿន ទិត អធិការរងនគរបាលស្រុកស្ទឹងត្រង់ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថា ក្រោយពីហេតុការណ៍កើតឡើង បងថ្លៃប្រុសបានបីប្អូនថ្លៃស្រីត្រឡប់មកដល់ផ្ទះ ដោយបានប្រាប់ប្រពន្ធរបស់ខ្លួនថានាងបានដើរដួល ទើបបណ្តាលឲ្យត្រូវរបួសបែបនេះ ហើយក៏ប្រញាប់ដឹកតាមរថយន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ហើយបងថ្លៃប្រុសបានគេចមកក្រៅបាត់ ដោយប្រាប់ថាទៅរកលុយមកព្យាបាលរបួសឲ្យប្អូនថ្លៃ ប៉ុន្តែពេលដែលប្រពន្ធទូរស័ព្ទទាក់ទង ម្តងប្រាប់ថា នៅកន្លែងនេះ ម្តងប្រាប់ថានៅកន្លែងនោះ ។ លុះនៅវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី២៥ មករា សមត្ថកិច្ចបានស្រាវជ្រាវដឹង និងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យមន្ត្រីជំនាញក្រោមឱវាទ រហូតដល់ឈានចាប់បានជនសង្ស័យជាបងថ្លៃត្រង់ចំនុចក្បាលស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម ។
លោក សឿន ទិត អធិការរងនគរបាលស្រុកស្ទឹងត្រង់ បញ្ជាក់ថា នៅពេលដែលបញ្ជូនប្អូនស្រីមកដល់ពេទ្យខេត្ត នារីរងគ្រោះបានប្រាប់ពីហេតុការណ៍ដែលកើតឡើងថា បងថ្លៃប្រុសជាអ្នកចាប់រំលោភសេពសន្ថវៈ ដោយមានទាំងឈាមបានហូរចេញពីប្រដាប់ភេទថែមទៀត ។
ជនសង្ស័យកំពុងតែត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ