ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ភ្នំ​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ ប្រកាស​បើក​ទទួលភ្ញៀវ​ទេសចរណ៍​ឡើង​វិញ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំបន់​ភ្នំ​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ ក្រោយ​ពី​ប្រកាស​បិទ​ជាប​ណ្ណោះ​អាសន្ន​មួយ​រយៈ លែង​ឲ្យ​ភ្ញៀវ​ចូល​ទៅ​លេង​កំសាន្ត ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ រីក​រាលដាល​នោះ នៅ​ថ្ងៃ​ទី​២៣ សីហា…

រាជធានី​ភ្នំពេញ ៖ តំបន់​ភ្នំ​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ ក្រោយ​ពី​ប្រកាស​បិទ​ជាប​ណ្ណោះ​អាសន្ន​មួយ​រយៈ លែង​ឲ្យ​ភ្ញៀវ​ចូល​ទៅ​លេង​កំសាន្ត ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ រីក​រាលដាល​នោះ នៅ​ថ្ងៃ​ទី​២៣ សីហា ២០២១​នេះ បាន​ចាប់ផ្តើម​បើក​ទទួលភ្ញៀវ​ទេសចរណ៍​ឡើង​វិញ​ហើយ ។

សូម​ជម្រាប​ថា ភ្ញៀវ​ទេសចរណ៍​ទាំងអស់ ដែល​មាន​បំណង​ចង់ ទៅ​លេង​តំបន់​ខ្នង​ផ្សារ និង​ខ្នង​ក្រពើ សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នង​ផ្សារ នឹង​បើក​ទទួលភ្ញៀវ​ចូល​មក​លេង​កម្សាន្ត​ឡើង​វិញ ចាប់ពី​ថ្ងៃ​ចន្ទ​នេះ តទៅ ។ ដូច្នេះ បើសិន​បងប្អូន​មាន​បំណង​ចង់ទៅ​លេង សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​សហគមន៍​ដោយ​ផ្ទាល់ ដើម្បី​ធ្វើការ​កក់​អ្នក​នាំ​ផ្លូវ គោ​យន្ត តង់ ម្ហូប ឬ​សម្ភារ​ផ្សេង​ៗ​ជា​មុន ដើម្បី​អោយ​ខាង​សហគមន៍​ងាយស្រួល​ត្រៀម​រៀបចំ​ជូន ។

ជាមួយ​គ្នា​នេះ​ដែរ សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នង​ផ្សារ ក៏​សូម​បងប្អូន​មេត្តា​ចូលរួម​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ដោយ​មាន​ពាក់​ម៉ាស់​ការពារ អាកុល​លាងដៃ និង​ចូលរួម​វ៉ាស់​កម្តៅ អោយ​បាន​ត្រឹមត្រូវ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ។

ដោយឡែក ក្រសួងទេសចរណ៍ ធ្លាប់​បាន​ក្រើនរំឭក​ដល់​អ្នកគ្រប់គ្រង ឬ​ប្រធាន​សហគមន៍ នៅ​តាម​តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​រៀបចំ​ឲ្យ​មានការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ ពិសេស​ការ​ធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវ​ទេសចរ ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ឲ្យ​ភ្ញៀវ​ទេសចរ ចូល​ទៅ​តំបន់​ផ្សងព្រេង​របស់​ខ្លួន ។

ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា ក្នុង​ដំណាក់កាល​ដ៏​លំបាក នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ចលនា​ទេសចរណ៍​ផ្ទៃក្នុង ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង មាន​សន្ទុះ​កើនឡើង​ខ្លាំង បង្កើត​បានជា​ប្រាក់​ចំណូល​ដោយ​ផ្ទាល់ ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​បាន​ធ្វើ​ឲ្យ​អនុ​វិស័យ​ទាំងនេះ មាន​ភាព​ធន់​នឹង​វិបត្តិ (Resilient) រួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ជា​រួម ពិសេស​កាត់​បន្ថយ​ផល​ប៉ះពាល់ នៃ​ការ​ធ្លាក់​ចុះ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

ក្រសួង ក៏​បាន​ក្រើនរំឭក​ឲ្យ​ភ្ញៀវ​ទេសចរ ផ្នែក​ឯកជន និង​គណៈ​គ្រប់គ្រង​តំបន់ យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​ស្តង់ដា​ទេសចរណ៍​ផ្សងព្រេង ដែល​ក្រសួងទេសចរណ៍ បាន​ដាក់​ឲ្យ​អនុវត្ត កាលពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​ការ​រៀបចំ​តំបន់​ទេសចរណ៍​ផ្សងព្រេង​នានា ឲ្យ​គោរព​តាម​ស្តង់ដា ធានា​បាន​នូវ​សន្តិសុខ​-​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ។

តំបន់​ទេសចរណ៍​ផ្សងព្រេង​សំខាន់​ៗ ដូច​ជា ៖ តំបន់​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ គិរី​រម្យ តំបន់​ជី​ផាត អា​រ៉ែ​ង ពាម​ក្រសោប ស្រែអំបិល វាល​ធំ សំឡូត ភ្នំ​ត្បែង សមុទ្រ​ឈើ តំបន់​រាម​សា បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​ជា​ច្រើន គឺ​សុទ្ធតែ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ដំណាក់​វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ​២០២០ និង​២០២១​នេះ ។

ក្នុង​ន័យ​នេះ តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​រៀបចំ​ឲ្យ​មានការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ ពិសេស​ការ​ធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ចាប់ផ្តើម​ចូល​ទៅ​តំបន់​ផ្សងព្រេង ។ អ្នកគ្រប់គ្រង​តំបន់​ក៏​ត្រូវ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ ឲ្យ​គោរព​ទៅ​តាម​បទបញ្ញត្តិ និង​បំរាម​នានា ដែល​ត្រូវ​បាន​កំណត់​ក្នុង​តំបន់​នីមួយ​ៗ ព្រម​ជាមួយ​ការ​ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​ការ​អនុវត្ត​វិធានកា ៣​កុំ និង ៣​ការពារ ។

ទន្ទឹម​នឹង​នេះ ត្រូវ​រៀបចំ​ឲ្យ​បាន​សមរម្យ​នូវ​បន្ទប់ទឹក និង​បង្គន់​អនាម័យ ដែល​មាន​ទំហំ​សម​ស្រប ដែល​អាច​មាន​លទ្ធភាព​រៀបចំ​បាន ដើម្បី​ធានា​សោភ័ណ​ភាព និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន និង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ ព្រម​ជាមួយ​ការ​រំលឹក​ឲ្យ​ភ្ញៀវ​ទេសចរ​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ