រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមចេញពីច្រៀងខារ៉ាអូខេទៅហូបមង្អែម ត្រូវជនមួយក្រុមទៀតដេញវាយ និងគប់ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ៣គ្រឿង ហើយត្រូវជនដៃដល់វាយកម្ទេចម៉ូតូខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីកែងផ្លូវ២០០៤ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញយុវជនវ័យក្រោម២០ឆ្នាំមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៥គ្រឿង ក្នុងនោះម៉ាក MSX ចំនួន៣គ្រឿង និងម៉ូតូនិក២គ្រឿង ទើបតែចេញពីច្រៀងខារ៉ាអូខេម្តុំផ្លូវ២០០៤ ហៅផ្លូវម៉ៃដា នាំគ្នាទៅអង្គុយហូបបង្អែមនៅម្តុំភ្លើងស្តុប២០០៤ ខណៈទៅដល់កន្លែងលក់បង្អែមមិនទាន់បានហូបផង ក៏ត្រូវជនមិនស្គាល់មុខមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកប្រដាប់ដោយដាវសាមូរ៉ៃបានដេញវាយនិងគប់ទៅលើក្រុមជនរងគ្រោះ ធ្វើឲ្យក្រុមជនរងគ្រោះភ័យស្លន់ស្លោនាំគ្នារត់ចោលម៉ូតូ៣គ្រឿង ត្រូវក្រុមជនដៃដល់វាយកម្ទេចខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសទេ ។
ករណីខាងលើនេះ សង្ស័យជារឿងគំនុំ ក្រោយពេលកើតហេតុ ក្រុមជនដៃដល់នាំគ្នាគេចខ្លួនអស់ ទើបជនរងគ្រោះត្រឡប់មកយកម៉ូតូវិញហើយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប ឲ្យជួយអន្តរាគមន៍ ៕
ចែករំលែកព័តមាននេះ