រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ១ក្រុមមានគ្នា៨នាក់ជិះម៉ូតូ៤គ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ តែមិនបានសម្រេចនោះទេ គ្រាន់តែបណ្ដាលឲ្យនារីរងគ្រោះដួលម៉ូតូរងរបួសស្រាលប៉ុណ្ណោះ ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា ពេលនាងចេញពីធ្វើការត្រឡប់ទៅផ្ទះវិញនៅម្តុំមន្ទីរពេទ្យ IU ស្ថិតក្នុងខណ្ឌសែនសុខ ខណៈកំពុងជិះម៉ូតូម៉ាក Wave S ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1B-6501 តាមបណ្ដោយផ្លូវលេខ២៧១ ដល់មុខមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ស្រាប់តែមានក្មេងស្ទាវ១ក្រុមមានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នាងដែលនាងដាក់ក្នុងអាវរូតជិតតែលានចេញមកក្រៅបន្តិច ប៉ុន្តែមិនបានសម្រេចនោះទេ តែបណ្ដាលឲ្យនាងដួលម៉ូតូរងរបួសស្រាល ។ ភ្លាមៗនោះក្រុមក្មេងស្ទាវជាចោរឆក់ទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានចូលមន្ទីរពេទ្យព្រះកុសុមៈដើម្បីឲ្យក្រុមគ្រូពេទ្យជួយលាងមុខរបួសឲ្យ ហើយទូរស័ព្ទហៅបងប្អូនឲ្យមកទទួលនិងជូនត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ