រាជធានីភ្នំពេញ ៖ ទោះបីស្ថានភាពជំងឺកូវីដ ១៩នៅតែធ្ងន់ធ្ងរយ៉ាងណាក្តី ក៏អ្នករកទទួលទានក្នុងវិស័យស្នាក់នៅ ជារួមវិស័យទេសចរណ៍ទំាងមូលនៅតែមមានសង្ឃឹមថានៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នេះ សណ្ឋាគារ និងបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសឡើងងវិញ ។ ក្តីសង្ឃឹមបានកើតមានស្របពេលដែលរដ្ឋាភិបាលរៀបចំយុទ្ធសាស្រ្តទទួលភ្ញៀវបរទេសដែលបានចាក់វ៉ាក់សំាងហើយដែរ ។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា និយាយថា វិស័យសណ្ឋាគារបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីវិបត្តិកូវីដ ១៩ ។ លោកថាសណ្ឋាគារជាច្រើនបានបិទទ្វារ និងផ្អាកដំណើរការអាជីវកម្មពីព្រោះតែអត់មានភ្ញៀវមកសម្រាក ពីព្រោះសណ្ឋាគារមួយចំនួនគឺផ្ដោតលើភ្ញៀវទេសចរបរទេស ។

ទោះយ៉ាងណាប្រធានសមាគមសណ្ឋាគារដែលទើបឡើងកាន់តួនាទីថ្មីៗនេះ មិនអស់សង្ឃឹមនោះទេ ។ លោកសង្ឃឹមថា នៅពេលកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកាន់តែច្រើននោះ វិស័យនេះនឹងមានសកម្មភាពឡើងវិញ ។ លោកថា ៖ «ពេលនេះយើងរំពឹងលើវ៉ាក់សាំងដែលកំពុងចាក់ជូនពលរដ្ឋ ដែលចំនួនពលរដ្ឋកាន់តែច្រើនឡើងបានទទួលវ៉ាក់សំាង ដូច្នេះយើងរំពឹងថានៅចុងឆ្នាំ ២០២១ នេះ ឬដើមឆ្នាំ ២០២២ ខាងមុខ វិស័យសណ្ឋាគារអាចនឹងងើឡើងវិញបណ្ដើរៗ» ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក៍មានសង្ឃឹមដូច្នេះ ។ លោកស្រីបញ្ជាក់ថា ប្រតិបត្តិករទេសចរទាំងអស់គួរតែត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ ភ្ញៀវបរទេសដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន កុំរង់ចាំដល់ពេលវមានភ្ញៀវមកទើបចាប់ផ្ដើមរៀបចំនោះ ។ «កម្ពុជាមានគម្រោងរៀបចំបុណ្យសមុទ្រ និងគម្រោងរៀបចំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុ ដូច្នេះព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសក្នុងការជំរុញវិស័យឡើងវិញ» ។

លោកជំទាវបន្តថា វិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ ២០២១ នេះកាន់តែមានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំ ២០២០ ទៅទៀត ជាក់ស្ដែងចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ មក ដែលមានការរីករាលដាលកាន់តែខ្លាំងនៃមេរោគកូវីដ ១៩ ។
ក្នុងរយៈពេល ១ ឆមាសដើមឆ្នាំ ២០២១ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសតែជាង ១០ ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងចំណោមភ្ញៀវទេសចរទាំងនោះភាគច្រើនជាអ្នកវិនិយោគ ដែលមិនមែនជាភ្ញៀវមកទស្សនាកម្សាន្តឡើយ ។

លោក ឌិន សុមេធារិទ្ធ តាមពិតទៅផែនការរបស់រាជរដ្ឋាភិបាលដែលបានប្រជុំជាមួយវិស័យឯកជនកាលពីពេលថ្មីៗកន្លងទៅនេះ គ្រោងនឹងបើកប្រទេសឡើងវិញ គឺគ្រោងនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលមកដោយមិនចាំបាច់ធ្វើចត្តាឡីស័កចំពោះភ្ញៀវដែលតេស្តអវិជ្ជមានកូវីដ ១៩ និងបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ តែដោយសារតែថ្មីៗនេះ មានមេរោគបំប្លែកថ្មី ទើបគម្រោងបើកទទួលភ្ញៀវបរទេសនេះ អាចនឹងពន្យារបន្តិច ដោយរង់ចាំមើលដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ