រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាកូនថៅកែហាងថតរូបត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករាធ្វើការឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្ដឹងពីនារីរងគ្រោះថាបានដាក់ថ្នាំសណ្ដំ រួចនាំនាងទៅរំលោភនៅក្នុងផ្ទះសំណាក់ឡាក់គី២ ព្រមទាំងប្លន់យកទូរស័ព្ទដៃ និងគ្រឿងអលង្ការអស់ពីខ្លួនថែមទៀតផង ។
សមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បូរ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៨៩ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាកូនប្រុសថៅកែហាងថតរូប ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ខណៈជនសង្ស័យកំពុងជិះរថយន្តដល់ទីនោះ ។ ចំណែកនារីរងគ្រោះ ស.ស.ច.ដ. អាយុ២៩ឆ្នាំ មុខរបររកស៊ី ។
យោងតាមពាក្យបណ្តឹងនារីរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នាងបានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិមួយកន្លែង ដោយនៅពេលនោះនាងបានជួបជុំ និងស្គាល់ជនសង្ស័យ ហើយនៅពេលចេញពីកម្មវិធីខួបកំណើតនោះ ដោយសាររូបនាងពុំមានយានជំនិះធ្វើដំណើរត្រឡប់ទៅផ្ទះវិញទើបបុរសសង្ស័យឲ្យនាងជិះរថយន្តទៅផ្ទះជាមួយ ។
ប្រភពបន្តថា លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវជនសង្ស័យបានបបួលនាងហូបអាហារជាមួយគ្នាដោយសន្យាថានឹងឲ្យលុយ២០០ដុល្លារដល់នាង ។ លុះនាងចុះហូបអាហាររួចហើយ ស្រាប់តែទន់ដៃទន់ជើងលែងដឹងខ្លួនតែម្តង ។ ក្រោយមកពេលនាងស្វាងដឹងខ្លួនវិញស្រាប់តែឃើញនៅក្នុងផ្ទះសំណាក់ឡាក់គី២ទាំងកាយអាក្រាត ព្រមទាំងបាត់បង់កាបូបលុយ ដែលក្នុងនោះមានទូរស័ព្ទអាយហ្វូន១គ្រឿង នាឡិកាដៃ១ ខ្សែ.កមាស១ខ្សែ និងប្រាក់២៨០ដុល្លារ ។ គ្រានោះទើបនាងដឹងថា ខ្លួនបានចាញ់បោកជនសង្ស័យ ហើយក៏មកដាក់ពាក្យប្តឹងនៅអធិការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីឲ្យជួយអន្តរាគមន៍ ។
រហូតដល់ម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ