ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសដាច់កដៃឆ្វេងត្រូវបានអ្នកជិតខាងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជិះរថយន្តជាមួយអ្នកភូមិទៅមើលគេប្រឡងចម្រៀងសម័យនៅក្នុងវត្ត លុះពេលចុះពីលើរថយន្តបម្រុងចូលទៅមើលគេច្រៀង ស្រាប់តែត្រូវជនមិនស្គាល់មុខលួចកាប់ចំពីលើក្បាល តែជនរងគ្រោះឃើញទាន់ក៏យកដៃឆ្វេងរងបណ្តាលឱ្យចំកដៃឆ្វេងដាច់តែម្តង ។
ហេតុការណ៍ជនមិនស្គាល់មុខលបកាប់បណ្តាលឱ្យដាច់កដៃឆ្វេងនេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណវត្តស្រង់ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុន ចាន់ធឿន ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសដាច់កដៃឆ្វេង ជាកម្មករដំឡូងមី មានស្រុកកំណើតនៅភូមិឈើតុំ ឃុំដំណាក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិអណ្តូងពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិជាច្រើននាក់បានឡើងជិះរថយន្តមួយគ្រឿងរបស់ថៅកែដំឡូងមីបម្រុងទៅមើលគេប្រគុំតន្ត្រីប្រឡងចម្រៀងសម័យនៅក្នុងបរិវេណវត្តស្រង់ស្ថិតក្នុងភូមិខាងលើ លុះបើកបររថយន្តទៅដល់ចតឈប់នៅក្នុងបរិវេណវត្ត ហើយនាំគ្នាចុះដើរបម្រុងទៅមើលគេច្រៀង ស្រាប់តែមានជនមិនស្គាល់មុខម្នាក់យកកាំបិតខ្វែវដងវែងទៅកាប់ប្រហារ ដោយបម្រុងកាប់ចំពីលើក្បាល តែជនរងគ្រោះក្រឡេកឃើញទាន់ពេលក៏យកដៃរងបណ្តាលឱ្យចំកដៃឆ្វេងដាច់ហូរឈាមជោគខ្លួន ហើយត្រូវបានអ្នកជិតខាងឃើញទាន់ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។
ប្រភពពីលោកគ្រូពេទ្យបានឱ្យដឹងថា ពេលនេះវេជ្ជបណ្ឌិតបានដេរភ្ជាប់ឆ្អឹង និងសាច់ចូលគ្នាវិញហើយ តែនៅពេលជាសះស្បើយជនរងគ្រោះពិការដៃនេះមួយជីវិត មិនអាចធ្វើការអ្វីកើតនោះទេ ព្រោះដាច់ឆ្អឹងនិងសរសៃអស់បាត់ទៅហើយ នៅសល់តែស្បែកបន្តិចសម្រាប់ដេរភ្ជាប់វិញប៉ុណ្ណោះ ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា រូបគេទើបតែមកធ្វើការជាកម្មករនៅខេត្តប៉ៃលិនបានរយៈពេលកន្លះខែប៉ុណ្ណោះ មិនធ្លាប់មានរឿងជាមួយអ្នកណាឡើយ ស្រាប់តែត្រូវគេលួចកាប់របួសធ្ងន់តែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានឱ្យដឹងថា ការកាប់ប្រហារគ្នានេះ គេសង្ស័យជនរងគ្រោះមានបញ្ហាទំនាស់ពាក្យសម្តី ឬគំនុំជាមួយជនសង្ស័យពីមុនមក ខណៈមករស់នៅក្នុងខេត្តប៉ៃលិនធ្វើជាកម្មករស៊ីឈ្នួលដកដំឡូងមី ហើយពេលនេះសមត្ថកិច្ចកំពុងតែតាមស៊ើបរកជនដៃដល់ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ