រាជធានីភ្នំពេញ ៖ ទស្សនិកជនដែលបានទស្សនារឿង «នគរមាស» ដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ប្រាកដជាបានស្គាល់ច្បាស់នូវតួអង្គកុមារឈ្មោះ រៀម ដែលមានចរិតក្រមិចក្រមើម និងសម្តែងបានយ៉ាងសាកសមនោះ។ វី សុវណ្ណា មានអាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ ជាអ្នកស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺតួអង្គដែលមានប្រវត្តិកំសត់ទាំងក្នុងសាច់រឿង និងក្រៅសាច់រឿង។

នៅក្នុងសាច់រឿង រៀម ត្រូវបានគេសម្លា.ប់ឱពុកម្តាយក្លាយជាក្មេងកំព្រា រសាត់មករស់នៅជាមួយព្រះសង្ឃនៅក្នុងវត្តមួយ។ ចំណែកក្រៅសាច់រឿងវិញ វី សុវណ្ណា ជាក្មេងកំព្រាឪពុកស្លា.ប់ចោល ហើយរស់នៅជាមួយម្តាយធ្វើការរោងចក្រ និងមានបងប្អូន២នាក់រស់នៅក្នុងការគ្រប់គ្រងដោយជីដូន និងជីតា។
យ៉ាងណា បើទោះបីជាក្មេងកំព្រាឪពុក និងមិនមានប្រវត្តិរៀនសូត្រពីសិល្បៈក៏ដោយ ប៉ុន្តែ វី សុវណ្ណា ត្រូវបានទស្សនិកជនវាយតម្លៃខ្ពស់ថា សម្តែងបានយ៉ាងសាកសមទាំងឈុតកំសត់ និងកំប្លែង។

អ្នកនិពន្ធ និងដឹកនាំរឿង «នគរមាស» និងជាអ្នកគ្រប់គ្រងតួអង្គក្មេងលោក ជ័យ សម្បត្តិ បានអះអាងប្រាប់កោះសន្តិភាពថា វី សុវណ្ណា ជាក្មេងឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់នៅពេលដែលលោកបង្ហាត់បង្ហាញពេលសម្តែងម្តងៗ។ លោកថា យើងបានស្គាល់គាត់តាំងពីយើងបានចុះទៅថតរឿង «ត្ពុលមាស» កាលពីមួយឆ្នាំមុន នៅពេលយើងត្រូវការអ្នកភូមិជាតួក្មេងចាស់សម្រាប់ថត។

លោកបញ្ជាក់ថា វី សុវណ្ណា ជាមនុស្សឆ្លាត ព្រោះនៅពេលលោកបានពន្យល់ក្មេងៗផ្សេងពីការសម្តែងនោះគាត់ក៏យល់ ហើយណែនាំក្មេងៗទាំងអស់នោះសម្តែងតាមអ្វីយើងចង់បាន។ លោកបន្ថែមថា ដោយហេតុនេះ យើងបានកត់សម្គាល់គាត់ ហើយបានសាកល្បងអោយគាត់សម្តែង ព្រោះសាច់រឿងនេះត្រូវសាច់រឿងគាត់ និងចរិតរប៉ិលរប៉ូចដែលអាចទាក់ទាញអ្នកទស្សនាបាន។ ហើយកាលថតរឿងដំបូង ការសម្តែងរបស់គាត់រាងពិបាកបន្តិច ប៉ុន្តែរយៈពេលមួយឆ្នាំ បូករួមទាំងការខិតខំរបស់គាត់ផងនោះ ទើបថតរឿង «នគរមាស» គាត់យល់បានច្រើន និងត្រូវអ្វីដែលយើងចង់បាន។

លោក ជ័យ សម្បត្តិ បានអោយដឹងទៀតថា សាច់រឿងដែលតម្រូវអោយ វី សុវណ្ណា សម្តែងនោះមួយផ្នែក គឺត្រូវនឹងសាច់រឿងគាត់ខាងក្រៅ ហេតុនេះហើយពេលសម្តែងគាត់ធ្វើបានល្អដូចពិតៗ។ លោកថា ក្នុងឈុតសម្តែងហូរទឹកភ្នែក ដោយសារឪពុកម្តាយត្រូវគេសម្លា.ប់នះ គឺគាត់ចេះដាក់អារម្មណ៍ទៅនឹងសាច់រឿងដែលឪពុកគាត់បានស្លា.ប់ដែរនោះ ធ្វើអោយគាត់ហូរទឹកភ្នែកចេញមកពិតតែម្តង។ ចំណែកអត្តចរិតរប៉ិលរប៉ូច ដោយសារតែគាត់មានចរិតបែបនេះខ្លះពីកំណើតនោះ គឺគាត់សម្តែងទៅបានទាំងព្រមជាមួយដឹកនាំរឿង។

យ៉ាងណា បើតាមលោក ជ័យ សម្បត្តិ ការដឹកនាំសម្តែងជាមួយតួអង្គក្មេងៗនោះមិនមែនជារឿងងាយស្រួលឡើយ គឺទាមទារការអត់ធ្មត់ និងពន្យល់ច្រើន។ លោកថា នៅពេលយើងពន្យល់គាត់នោះ គាត់ងក់ក្បាលយល់ ប៉ុន្តែយើងមិនដឹងថា គាត់យល់ដល់កម្រិតណានោះឡើយ ហេតុនេះយើងព្យាយាមពន្យល់គាត់មិនថា ដេក ដើរ អង្គុយ និងពេលញ៉ាំបាយនោះឡើយ។

ម្យ៉ាងទៀត គាត់ត្រូវសម្តែងជាមួយព្រះនាងតូច ជេនណា ដែលមានការបង្ហាត់បង្ហាញពីសែរាជ្យវង្សរបស់ព្រះនាង ដូច្នេះយើងត្រូវធ្វើយ៉ាងណាអោយគាត់មានសមភាពមួយ ដើម្បីសម្តែងអោយចូលគ្នាល្អជាមួយព្រះនាង។ ទោះជាយ៉ាង ក្រោមការបង្ហាត់បង្ហាញ និងការខិតខំប្រឹងប្រែងរបស់ កុមារ វី សុវណ្ណា លោក និងក្រុមការងារទាំងអស់ពិតជាមានមោនភាពចំពោះគាត់ដែលអាចសម្តែងតាមការចង់បាន និងមានការចាប់អារម្មណ៍ពីអ្នកទស្សនា។
លោក ជ័យ សម្បត្តិ រំពឹងថា រឿងក្រោយៗទៀត ប្រសិនបើមានតួអង្គណាដែលត្រូវរ៉ូលដែលគាត់អាចសម្តែងនោះ លោកនឹងផ្តល់ឱកាសអោយ វី សុវណ្ណា សម្តែងជាថ្មីម្តងទៀត៕


ចែករំលែកព័តមាននេះ