ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូល​ប្រក់​មេឃ​! ភ្លៀង​​​ម្តង​ៗយាយ​​តា​និង​កូន​ពិការ​ឱបដៃ​មើល​មុខ​គ្នា​ទាំង​ភ័យ​ខ្លាច

2 ឆ្នាំ មុន
  • កណ្តាល

ប្តី​ប្រពន្ធ​ចាស់ជរា​មួយ​គ្រួសារ ដែល​មាន​ប្រពន្ធ​ឈ្មោះ សាន សឺ​ន អាយុ​៦៦​ឆ្នាំ និង​ប្តី​ឈ្មោះ មុំ ទូ អាយុ​៦៤​ឆ្នាំ ជា​មនុស្ស​ស្វិតជើង និង​មាន​ជំងឺ​ប្រចាំ​កាយ​ដើរ​មិន​រួច មាន​ទីលំនៅ

ខេត្តកណ្តាល ៖ ប្តី​ប្រពន្ធ​ចាស់ជរា​មួយ​គ្រួសារ ដែល​មាន​ប្រពន្ធ​ឈ្មោះ សាន សឺ​ន អាយុ​៦៦​ឆ្នាំ និង​ប្តី​ឈ្មោះ មុំ ទូ អាយុ​៦៤​ឆ្នាំ ជា​មនុស្ស​ស្វិតជើង និង​មាន​ជំងឺ​ប្រចាំ​កាយ​ដើរ​មិន​រួច មាន​ទីលំនៅ​ចំណុច​ទំនប់​ទទឹង ស្ថិត​ក្នុងភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល ហើយ​មាន​ជីវភាព​ទីទាល់​ក្រ កំពុង​តែ​ជួប​ការ​លំបាក​ជា​ខ្លាំង បាន​ដ​ង្ហើ​យ​យ៉ាង​ទទូច សូម​អោយ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​គ្រួសារ​គាត់​ផង​។

យាយ​តា​ទាំង​២​នាក់ បាន​រៀបរាប់​ប្រាប់​នា​រសៀល​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២១​នេះ​ថា គាត់​មាន​ប្រុស​៣​នាក់ ប៉ុន្តែ​កូន​បង​ៗ​ទី​១ កូន​ទី​២ ទៅ​មាន​ប្រពន្ធ​នៅ​ស្រុក​ឆ្ងាយ​បាត់​អស់ ហើយ​កូនប្រុស​ទាំង​២​នាក់​នេះ​ក៏​មាន​ជីវភាព​ខ្វះខាត​ដែរ​។ រីឯ​កូនប្រុស​ពៅ​ម្នាក់​ទៀត តាំងពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មក ប្រពន្ធ​បាន​យក​កូន​រត់​ចោល​ទៅ​បាត់​តែ​ម្តង​។ ឥឡូវ​ខូច​ជើង​ម្ខាង​ធ្វើ​ការងារ​អ្វី​មិនកើត​ឡើយ ហើយ​នៅ​ក្នុង​បន្ទុកគ្រួសារ គឺ​មាន​តែ​លោកយាយ​ម្នាក់ឯង​ទេ​ដែល​ដើរ​ស៊ី​ស្នួល​បេះ​បន្លែ​អោយ​គេ ប៉ុន្តែ​វា​មិន​ទៀងទេ ដោយ​ថ្ងៃ​ខ្លះ​គេ​ហៅ​ទៅ​១​ថ្ងៃ​បាន​កម្រៃ​តែ​១៥០០០​រៀល​ទៅ​២០០០០​រៀល គ្រាន់​ទិញ​អង្ករ​ហូប និង​ទិញ​ថ្នាំ​អោយ​ឱ្យ​តា​លេប​ជា​ប្រចាំ​ផង​។

លោកយាយ​លោកតា​ខាងលើ​បន្ត​ថា កន្លង​មក ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ជិតខាង រួម​ជាមួយនឹង​សប្បុរសជន តែងតែ​ជួយ​រំលែក​ទុក្ខ​លំបាក​ដល់​គ្រួសារ​របស់​គាត់​ម្តងម្កាល​ដែរ តិច​ក្តី ច្រើន​ក្តី​ទៅ​តាម​សទ្ធា​។

ដោយឡែក​លោកតា មុំ ទូ បាន​បញ្ជាក់​ថា ជើង​ស្តាំ​របស់​គាត់​ស្វិត​នេះ គឺ​ដោយសារ​តែ​ត្រូវ​គ្រាប់កាំភ្លើង​តាំងពី​គាត់​នៅ​ធ្វើ​ទាហាន​ក្នុង​អំឡុង​ឆ្នាំ​70​មក​ម្ល៉េះ​។ តែ​ពី​មុន​គាត់​នៅ​ដើរ​ធ្វើ​ការងារ​ធម្មតា​បាន ទើបតែ​ដើរ​លែង​រួច​ខណៈ​ពេល​ដែល​រូប​គាត់​មាន​ជំងឺ​ច្រើន​មុខ​ប្រហែល​រយៈពេល​ជាង​១០​ឆ្នាំ​នេះ​ទេ​។ ហើយ​សព្វ​ថ្ងៃនេះ គ្រួសារ​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ខ្វះ​អង្ករ​ដាំបាយ​ហូប គ្មាន​លុយ​ទិញ​ថ្នាំលេប ជា​ពិសេស​ផ្ទះ​កាល​ណោះ​បាន​អ្នក​ភូមិ​ជួយ​កាប់​ដើម​រាំង​យក​ធ្វើ​ជាស​រសរ និង​ដក​ដែក​ស័ង្កសី​ចាស់​ៗ បាន​អ្នក​ភូមិ​អោយ​យក​មក​បាន​ប្រក់​ដំបូល និង​ជញ្ជាំង​ស្នាក់​នៅ​។

លោកតា​បន្ត​ថា ស្រាប់តែ​ពេល​នេះ ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ ដំបូល​មើលឃើញ​មេឃ ជញ្ជាំង​ធ្លុះធ្លាយ​អស់ លុះ​ពេល​មេឃ​ធ្លាក់​ភ្លៀង​មាន​ខ្យល់​ម្តង​ៗ ២​នាក់​តា​យាយ​និង​កូន​អង្គុយ​អោបដៃ​មើល​មុខ​គ្នា​ទាំង​ចិត្ត​ភ័យ​ខ្លាច​បំផុត​។ ដូច្នេះ​លោកយាយ លោកតា បាន​លើកដៃ​សំពះ​ទ​ទួ​ច សូម​អោយ​សប្បុរសជន​ជិត​ឆ្ងាយ​ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌ មេត្តា​ជួយ​តិច​ក្តី​ច្រើន​ក្តី​ទៅ​តាម​សទ្ធា សម្រាប់​ជីវិត​ចុង​ក្រោយ​គាត់​ផង​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ