ភ្នំពេញ៖ ខ្សែភ្លើង ១ដុំ មានតំលៃរាប់ពាន់ដុល្លារ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួចដុត ឆេះផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ បាញ់ពន្លត់ កាលពីវេលាម៉ោង ១២ និង ៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ ហេតុការណ៍នេះ កើតឡើង នៅចំណុចស្តុបក្បាលថ្នល់ ផ្លូវ ៦០ម៉ែត្រ កែងផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគាត់ មានអ្នកខ្លះ រត់ម៉ូតូកង់បី អ្នកខ្លះចាំប៉ះកង់នៅជិតនោះ មិនដឹងថា មានអ្នកណាលួចដុតនោះទេ ក៏ស្រាប់តែឃើញខ្សែភ្លើង ១ដុំធំ ដែលទុកនៅចោលទីនោះ បានឆេះសន្ធោសន្ធៅ ទើបពួកគាត់នាំគ្នា ស្រែកផ្អើលដល់សមត្ថកិច្ច ចរាចរណ៍ក្រុង ដែលប្រចាំការនៅក្បែរនោះ ចេញមកមើលបានជួយបោះដៃ តាមវិទ្យុទាក់ទង ហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចេញមកអន្តរាគមន៍ ១គ្រឿង បាញ់អោយរលត់ទៅវិញ ទៅវេលាម៉ោង ១២ និង ២០នាទីយប់ថ្ងៃដដែល។
ក្នុងហេតុការណ៍នេះ មិនបង្កឲ្យឆេះរាល់ដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតនោះទេ គឺគ្រាន់តែខូចខាតខ្សែភ្លើង អស់មួយចំនួនតែប៉ុណ្ណោះ។ ករណីនេះ គេសង្ស័យថា មានជនអនាថា ឬបែកថ្នាំ ជាអ្នកលួចដុត៕







ចែករំលែកព័តមាននេះ