ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំណាំ​មុខ​ទុក​! ជំនាញ​ខាង​ឆក់ ចាប់បាន ២​នាក់ បញ្ជូនទៅ​តុលាការ និង​បន្ត​តាម​ចាប់​បក្ខពួក​បិទគូទ ២​នាក់​ទៀត​

1 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩ និង​៣០​នាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ…

​រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១៩ និង​៣០​នាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់ នៅ​បុរី​រុងរឿង តាម​ផ្លូវលំ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់​ទូរស័ព្ទដៃ​មួយគ្រឿង ម៉ាក​អាយ​ហ្វូ​ន 11Pro ពណ៌​ប្រផេះ ១​គ្រឿង​)​។ ករណីនេះ ត្រូវបាន​គេ​លើកឡើងថា យុវជន​ទាំង ២​នាក់​នេះ ជំនាញ​ខាង​ឆក់ ហើយ​ជាប់គុក ក៏​ជាប់​មិនយូរ​ដែរ​។​

ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉េង មិនា ហៅ ស្វិត ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ម្នាក់​ឈ្មោះ ឃាង សៀង​ហៃ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៧៤B ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូ ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​សមត្ថកិច្ច បាន​ចាប់យក​វត្ថុតាង មាន​៖ ម៉ូតូ​ម៉ាក​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IL-6252 មួយគ្រឿង​។
​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់ ២​នាក់​ខាងលើនេះ ត្រូវបាន​លោក​វរៈសេនីយ៍ឯក ប៊ុន សត្យា នាយ​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៤០​នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ មាន​អំពើ​ឆក់​ទូរស័ព្ទដៃ មួយ​ករណី នៅ​ចំណុច​មុខ​ហាង​កាហ្វេ STARBUCK ផ្លូវ​លេខ​៧១ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន ៤​នាក់ ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង គឺ​ឈ្មោះ វ៉េង មិនា ហៅ ស្វិត ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន​មួយ​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ឆ្នាំ​ផលិត ២០២០ ពាក់​ស្លាក​លេខ ភ្នំពេញ 1IL-6252 ឌុប​ឈ្មោះ ឃាង សៀង​ហៃ​។

ចំណែក​ឈ្មោះ ឈី​ង ភេទ​ប្រុស អាយុ​ប្រហែល ១៦​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​លឿង មិន​ចាំ​ស្លាក​លេខ ឌុប​មិត្តភក្តិ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ១៦​ឆ្នាំ ចេញ​ធ្វើ​សកម្មភាព ឆក់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ នៅតាម​ផ្លូវ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​។

លោក ប៊ុន សត្យា បន្តថា ពេល​ជនសង្ស័យ នាំគ្នា​ជិះ​ម៉ូតូ ទៅដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បានឃើញ​មនុស្ស​ស្រី​ម្នាក់ កំពុង​ដើរ​ដៃ​កាន់​ទូរ​សព្ទ​និយាយ ឃើញ​ដូច្នេះ ឈ្មោះ វ៉េង មិនា ហៅ ស្វិត បើក​ម៉ូតូ​ចូល​ទៅជិត​ជនរងគ្រោះ ហើយ​ឈ្មោះ ឃាង សៀង​ហៃ ក៏បាន​ធ្វើ​សកម្មភាព ឆក់យក​ទូរ​សព្ទ​ដៃ ពី​ស្រី​ម្នាក់​នោះ បានសម្រេច​។ ពេលនោះ​ឈ្មោះ ឈី​ង ដែល​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ម្នាក់ មិន​ស្គាល់ឈ្មោះ បាន​ជិះ​ម៉ូតូ​បិទគូទ​ពីក្រោយ នាំគ្នា​គេចខ្លួន ដោយ​សុវត្ថិភាព​។

​ក្រោយពី​កើតមាន​អំពើ​ឆក់​ទូរ​សព្ទ​ដៃ​នោះ ឯកឧត្តម​អគ្គ​ស្នងការរង​នគរ​នាល​ជាតិ ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការរង ទទួល​ផ្ន​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជាបន្ទាន់ ប៉ុន្តែ​ដោយសារ​ស្ត្រីជន​រងគ្រោះ មិនបាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​១ ខណ្ឌទួលគោក ទើប​សម​ត្ត​កិច្ច​ជួប​ផល​លំបាក​បន្តិច ក្នុងការ​កំណត់​ភិនភាគ និង​មុខសញ្ញា​ក្រុមចោរឆក់​។

​តែ​ទោះជា​យ៉ាងណាក្តី ចោរ​នៅ​ចោរ មិនអាច​គេចផុត​ពី​ការ​តាម​ប្រ​ម៉ាញ់​របស់​សមត្ថកិច្ច​នោះបានទេ មិនយូរ​មិនឆាប់​គង់តែ​ចូល​អន្ទាក់​។ ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ មិន​ដល់ ១០​ថ្ងៃ​ផង សមត្ថកិច្ច​ក្របួច​បាន ២​នាក់ និង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក ២​នាក់​ទៀត​។

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ឃឹម ប៊ុន​ណាក់​

Picture
Picture
Picture
Picture