ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​លេខ​៣១០ ទីប្រជុំជន​អ្នក​លឿងពោរពេញ​ដោយ​ភក់​ល្បាប់ ​ជង្ហុក​ជ្រៅ​ៗ

2 ឆ្នាំ មុន
  • ព្រៃវែង

ផ្លូវជាតិ​លេខ​៣១០ ប្រវែង​ជាង​១​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង ពេល​នេះ​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ដោយសារ​តែ​តួ​ផ្លូវ​ទាំងមូល​ពោរពេញ​ទៅ​ដោយ

ខេត្តព្រៃវែង ៖ ផ្លូវជាតិ​លេខ​៣១០ ប្រវែង​ជាង​១​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​អ្នក​លឿង ពេល​នេះ​កំពុង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ដោយសារ​តែ​តួ​ផ្លូវ​ទាំងមូល​ពោរពេញ​ទៅ​ដោយ​ភក់ល្បាប់ និង​កន្លែង​ខ្លះ​មាន​ជង្ហុក​ជ្រៅ ថែម​ទាំង​ដក់​ទឹក​ពេញ​មើលទៅ​ដូច​ជា​ស្រះ​ទឹក​ទៅ​ហើយ​។

ផ្លូវ​ដែល​រង​ការ​ខូចខាត​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​កែង​ផ្សារ​អ្នក​លឿង ចាក់​ទៅ​ដល់​ខាង​មុខ​សាលាឃុំ​ព្រែក​ខ្សាយ​(​ខ​) និង​បាន​ខូចខាត​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ ចំណែក​ខាង​អាជ្ញាធរ​មូលដ្ឋាន បាន​ព្យាយាម​ធ្វើការ​ជួសជុល​ជា​ច្រើន​លើក​មក​ហើយ​ដែរ ប៉ុន្តែ​ផ្លូវ​នេះ​នៅ​តែ​ខូច​ដដែល​។

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ បានអោយ​ដឹង​ថា ផ្លូវជាតិ​លេខ​៣១០ ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង​នេះ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​តែ​ក្រុម​រថយន្ត​ដឹក​ខ្សាច់ និង​រថយន្ត​ដឹកស្រូវ​ធំ​ៗ​បើក​ឆ្លងកាត់​ទាំងថ្ងៃទាំងយប់​ជា​រៀងរាល់ថ្ងៃ ម្យ៉ាងទៀត​ដោយសារ​ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​ដី បូក​រួម​មាន​ភ្លៀង​ធ្លាក់​មក​ញឹកញាប់​ផង​នោះ ទើប​ធ្វើ​អោយ​ផ្លូវ​នេះ​រង​នូវ​ការ​ខូចខាត​ទាំងស្រុង​បែប​នេះ​។

ប្រជាពលរដ្ឋ​បន្ត​ថា ដោយសារ​តែ​ផ្លូវ​នេះ ពោរពេញ​ទៅ​ដោយ​ភក់ល្បាប់ ពិបាកធ្វើ​ដំណើរ​ពេក ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ស្នើ​សុំ​អោយ​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មេត្តា​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​ផង ដើម្បី​អោយ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​សុខ​ស្រួល លែង​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​គ្រោះថ្នាក់​ដូច​សព្វ​ថ្ងៃនេះ​ទៀត​។

ចំណែក​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បាន​មាន​ប្រសាសន៍​ថា ផ្លូវជាតិ​លេខ​៣១០ ដែល​កំពុង​រង​ការ​ខូចខាត និង​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ អាជ្ញាធរ​ឃុំ​ស្រុក​ក៏​បានដឹង​ដែរ ហើយ​ក៏​កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ផ្លូវ​នេះ​ស្ថិត​ក្នុង​គំរោង​របស់​ថ្នាក់​ជាតិ ទើប​ស្រុក​ពុំ​អាច​លូកដៃ​ទៅ​ធ្វើ​បាន ហើយ​បើ​ទោះជា​ត្រូវធ្វើ ក៏​គ្មាន​កញ្ចប់​ថវិកា​ដែរ ដូច្នេះ​កន្លង​មក ខាង​អាជ្ញាធរ​ឃុំ និង​ស្រុក បាន​ត្រឹមតែ​ជួយ​ជួសជុល​ក្នុង​រូបភាព​តិចតួច តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​ពី​សប្បុរស​ជន​ក្នុងស្រុក​តែ​ប៉ុណ្ណោះ​។

ដោយឡែក​លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ផ្លូវជាតិ​លេខ​៣១០​នេះ ស្ថិត​នៅ​ក្នុង​គំរោង​របស់​ថ្នាក់​ជាតិ ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​កង​វិស្វកម្ម​ក្រសួងមហាផ្ទៃ ហើយ​គេ​កំពុង​ធ្វើ​មក​ជិត​ដល់ទី​ប្រជុំជន​អ្នក​លឿង​នេះ​ហើយ​។

លោក អ៊ុ​ន សុធា បាន​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៣១០ នៅ​ត្រង់​តំបន់​ទីប្រជុំជន​អ្នក​លឿង ប្រវែង​ជាង​៧០០​ម៉ែត្រ ពិតជា​បាន​ខូចខាត​ធ្ងន់ធ្ងរ​មែន ហើយដោយ​យោង​តាម​ស្ថានភាព​នេះ មន្ទីរ​សាធារណការ​ខេត្ត បាន​លើក​ជា​គំរោង​ដល់​បញ្ចូល​ទៅ​ក្នុង​ផែនការ​ឆ្នាំ​២០២២ ដោយ​ធ្វើ​ផ្លូវ​នេះ​ឡើង​វិញ ជា​ប្រភេទ​ផ្លូវ​បេតុង​តែ​ម្តង ដោយ​មាន​ទទឹង​៨​ម៉ែត្រ ដូច្នេះ​ផ្លូវ​នេះ​អាច​នឹង​ត្រូវ​បាន នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ