រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី១៩ ដល់២២ កក្កដា កម្ពុជារងឥទ្ធិពលកូនព្យុះទី៧ មានឈ្មោះថា សេមប៉ាកា(CENPAKA) ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ ។
ក្រសួងធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ជាលក្ខណៈសកល និងតំបន់ បានបង្ហាញឲ្យឃើញថា ព្យុះទី៦ឈ្មោះ «IN-FA» ដែលបានកើតនៅលើសមុទ ប៉ាស៊ីហ្វិក កាលពីវេលាម៉ោង០១ យប់ម្សិលមិញនោះ នៅថ្ងៃនេះបានវិវត្តន៍ទៅជាព្យុះទីហ្វុង និងដើរតម្រង់ឆ្ពោះទៅខាងកើតប្រទេសចិន ។
នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ មានវិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុងបានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» នៅភាគខាងលើសមុទ្រចិនខាងត្បូងនឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន ។
ក្រសួងថា យោងតាមការព្យាករជ្រលងនៃកូនព្យុះ សេមម៉ាកា «CEMPAKA» រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប់ ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ។ លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែកក្កដានេះ មានស្ថានភាពដូចខាងក្រោម ៖ គឺបណ្តាខេត្តនៅតំបន់វាលទំនាបនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ ក្នុងកម្រិតខ្លាំង ។
ចំណែកបណ្តាខេត្ត នៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។
ដោយឡែកតំបន់មាត់សមុទនឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃសមុទ្រ និងអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
ក្រសួងបន្ថែមថា យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មានពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ជាមួយគ្នានោះដែរ ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមាន ការប្រែប្រួល ៕
ចែករំលែកព័តមាននេះ