ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើង ៣​ចំណុច ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក​

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៦ ខែកក្កដា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​បាន​អញ្ជើញ​ចូលរួម​ប្រជុំ និង​ថ្លែង​សន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន…

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃទី​៦ ខែកក្កដា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​បាន​អញ្ជើញ​ចូលរួម​ប្រជុំ និង​ថ្លែង​សន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក ក្រោម​ប្រធានបទ «​ការបំពេញ​ការងារ ដើម្បី​សុភមង្គល​ប្រជាជន​៖ ការទទួលខុសត្រូវរ​បស់​គណបក្សនយោបាយ​»​។ កិច្ចប្រជុំ​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ស៊ី ជីន​ពីង អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមទាំង​ថ្នាក់ដឹកនាំ និង​តំណាង​គណបក្សនយោបាយ​ជាច្រើន​ផ្សេងទៀត​។​

​ក្នុង​សុន្ទរកថា ដែល​ថ្លែង​តាម​ប្រព័ន្ធ​វិ​ដេ​អូ សម្ដេច​តេ​ជោ ហ៊ុន សែន លើកឡើងថា កិច្ចប្រជុំ​កំពូល​រវាង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក ដែល​ផ្តួចផ្តើម និង​រៀបចំ​ដោយ​ឯកឧត្តម ស៊ី ជីន​ពីង ពិត​ជាមាន​សារៈសំខាន់​យ៉ាង​អនេក ក្នុង​ការបង្កើន​ភាពជិតស្និទ្ធ សាមគ្គីភាព និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្សនយោបាយ​នានា នៅលើ​ពិភពលោក ក្នុងអំឡុងពេល​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គឺជា​តឹកតាង​ប្រវត្តិសាស្ត្រ​មួយ ដែល​បានបង្ហាញ​ឲ្យ​យើងទាំងអស់គ្នា ឃើញច្បាស់​ថា នរណា​ជា​មិត្ត​ល្អ​ពិតប្រាកដ ដែល​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​។ នៅក្នុង​បរិបទ​នេះ ប្រទេស​ទាំងអស់​លើ​ពិភពលោក គួរ​ណាស់​តែ​រួបរួមគ្នា​ជា​ធ្លុង​មួយ ដើ​ម្ប​បុព្វហេតុ​មនុស្សជាតិ​។

​ក្នុងន័យនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចូលរួមចំណែក​នូវ​ទស្ស​នៈ​មួយចំនួន ទៅលើ​តួនាទី​របស់​គណបក្សនយោបាយ ក្នុងការ​ឆ្លើយតប​ទៅនឹង​បរិការណ៍​នៃ​វិបត្តិ​ទាំងនេះ ដើម្បី​លើកកម្ពស់​សុភមង្គល វិបុលភាព និង​សុខមាលភាព​ប្រជាជន ដូចខាងក្រោម​៖
​ទី​១-​យើង​ត្រូវ​ប្តេជ្ញា​រក្សា​ស្ថិរភាព​នយោបាយ និង​រារាំង​ឲ្យ​បាន​ដាច់ខាត​នូវ​ការជ្រៀតជ្រែក​នយោបាយ​ពី​ប្រទេស​ដទៃ​។​
​ទី​២-​យើង​ត្រូវតែ​សហការ និង​រួបរួមគ្នា សង្គ្រោះ​អាយុជីវិត​មនុស្សជាតិ តាមរយៈ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាន​ដាច់ខាត​។​
​ទី​៣-​នៅពេលដែល​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ថមថយ​នាពេលខាងមុខ ការគិតគូរ​ទៅលើ​ការ​ងើប​ឡើងវិញ​នៃ​សង្គម​-​សេដ្ឋកិច្ច គឺជា​ការណ៍​មួយ​ដ៏​សំខាន់ ដែល​មិនអាច​ខ្វះ​បាន​។

​ក្នុង​សន្ទរកថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកសរសើរ​ចិន​ថា «​ជាការ​ពិតណាស់ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ជូន​ពិភពលោក​នូវ​ភាពជោគជ័យ​ជាទី​មោទន​របស់​ប្រជាជន​ចិន ក្នុងការ​កំណត់​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន ដោយបាន​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៃ​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ទំនើប និង​បានប្រែក្លាយ​ប្រទេស​ចិន​ទាំងមូល ទៅជា​មហាអំណាច​ពិភពលោក​។ ការរក្សាបាន​នូវ​ស្ថ​រិ​ភាព​នយោបាយ និង​ការចាត់ទុក​សុភមង្គល វិបុលភាព និង​សុខមាលភាព​របស់​ប្រជាជន​ជា​ស្នូល នៅក្នុង​ការសម្រេចចិត្ត​នយោបាយ​ធំៗ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន គឺជា​គម្រូ​ដ៏​ល្អ​មួយ ដែល​គណបក្ស​នយោបាយ​ដទៃទៀត នៅលើ​ពិភពលោក គប្បី​រៀនសូត្រ​។ ក្នុងន័យនេះ តាងនាម​សម្តេច​តេ​ជោ ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ និង​កសាង​ប្រទេស​កម្ពុជា ចាប់ពី​ចំណុចសូន្យ សម្តេច​បាន​យល់​យ៉ាងច្បាស់​ណាស់ អំពី​ការតស៊ូ ការលះបង់ និង​ការខិតខំ​ពុះពារ​ដ៏​លំបាក​របស់​ប្រជាជន​ចិន និង​គណបក្ស​កុម្មុយនីស្ត​ចិន​៕​