ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល សម្រេច​ដាក់​ខេត្តបាត់ដំបង ជា​បេក្ខភាព «​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» របស់​អង្គការ​យូណេស្កូ​

2 ឆ្នាំ មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ​៖ យោងតាម​សំណើ​របស់​ក្រសួងទេសចរណ៍ និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​រដ្ឋបាលខេត្ត​បាត់ដំបង រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជាគោលការណ៍​អនុញ្ញាត​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ (UNESCO Creative…

រាជធានី​ភ្នំពេញ​៖ យោងតាម​សំណើ​របស់​ក្រសួងទេសចរណ៍ និង​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​រដ្ឋបាលខេត្ត​បាត់ដំបង រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ជាគោលការណ៍​អនុញ្ញាត​ដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ (UNESCO Creative Cities Network) «​ក្នុង​ប្រភេទ​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​»​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការជ្រើសរើស​យក​ទីក្រុង​បាត់ដំបង ដើម្បី​ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​នេះ លើ​ផ្នែក «​ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ​» ដោយសារ​តាម​ការវាយតម្លៃ​របស់​ក្រុមការងារ​ជំនាញ​ទីក្រុង​បាត់ដំបង មក​ថា ខេត្តបាត់ដំបង​សម្បូរ​ទៅដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ និង​ច្រើន​ទម្រង់​ដែល​ត្រូវបាន​រៀបចំ និង​កែច្នៃ ដើម្បី​ចែករំលែក និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​។ ការចូល​ជា​សមាជិក​បណ្តាញ​នេះ នឹង​អនុញ្ញាត​ឲ្យ​កម្ពុ​ជាមាន​សិទ្ធិ​ប្រើប្រាស់​និម្មិត​សញ្ញា (Logo) របស់​បណ្តាញ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​សក្តានុពល និង​ភាព​ពិសេសៗ​របស់​ទីក្រុង​ខ្លួន ទៅកាន់​ទីក្រុង​នានា​ជា​សមាជិក​បណ្តាញ និង​ក្នុង​ក្របខណ្ឌ​របស់​អង្គការ​យូណេស្កូ ក្នុងការ​លើកស្ទួយ​នូវ​វប្បធម៌ សក្តានុពល​ទេសចរណ៍​ទីក្រុង និង​មុខមាត់​របស់​ទីក្រុង​ជ័យលាភី ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល ពិសេស​ការតម្រង់​ឆ្ពោះទៅរក​ការផ្សព្វផ្សាយ​ទេសចរណ៍​ម្ហូបអាហារ Gastronomy Tourism ដែលជា​និន្នាការ​ថ្មី​របស់​ពិភពលោក ហើយ​ដែល​កម្ពុជា ពិសេស​ទីក្រុង​បាត់ដំបង​តែម្តង មាន​សក្តានុពល​សម្បូរ​បែប​។

​គួរ​បញ្ជាក់ថា បណ្តាញ​ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​របស់​អង្គការ​យូណេស្កូ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុងចំណោម​ទីក្រុង​មាន​ភាព​ច្នៃប្រឌិត​លើ​សមាសភាព​សំខាន់ៗ​មួយចំនួន ដែលជា​កត្តា​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​។

​បច្ចុប្បន្ន បណ្តាញ​នេះ មាន​ទីក្រុង​ចំនួន ២៤៦ នៅ​ជុំវិញ​ពិភពលោក ដែល​ចែកចេញជា ៧ ប្រភេទ ដែល​រួមមាន​៖ ១៖ ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​សិប្បកម្ម និង​សិល្បៈ​ប្រជាប្រិយ (Crafts and Folk Arts) ២៖ ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​សិល្បៈ​នៃ​ការផ្សព្វផ្សាយ Media Arts) ៣៖ ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ខ្សែភាពយន្ត (Film) ៤៖ ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​រចនាប័ទ្ម និង​ការតុបតែង (Design) ៥៖ ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​ម្ហូបអាហារ (Gastronomy) ៦៖ ទីក្រុង​ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​អក្សរសាស្ត្រ (Literature) ៧៖ ទីក្រុង ដែលមាន​ភាព​ច្នៃប្រឌិត​លើ​ផ្នែក​តន្ត្រី (Music)​។

​ដោយឡែក នៅ​តំបន់​អាស៊ាន​មាន​ទីក្រុង​ចំនួន ៦ ក្នុងប្រទេស​ចំនួន ៤ ដែលជា​សមាជិក​ក្នុង​បណ្តាញ​ទីក្រុង​របស់​អង្គការ​យូណេស្កូ​នេះ រួមមាន​៖ ប្រទេស​ថៃ មាន​ទីក្រុង​ភូ​កេ​ត និង​ទីក្រុង​ឈាង​ម៉ៃ​, ប្រទេស​ឥណ្ឌូណេស៊ី មាន​ទីក្រុង​បាន​ឌុ​ង (Bandung) និង​ទីក្រុង​ផេ​កាឡុង​ហ្កា​ន (Pekalongan), ប្រទេស​សិង្ហ​បុរី មាន​ទីក្រុង​សិង្ហ​បុរី និង​ប្រទេស​ហ្វីលីពីន មាន​ទីក្រុង​បាក​ជី​អូ (Baguio)​។ ដូច្នេះហើយ​ទើប​កម្ពុជា​ប្រឹង​ស្រវាស្រទេញ ដើម្បី​បានដាក់​បេក្ខភាព​ទីក្រុង​បាត់ដំបង​នេះ ទៅក្នុង​ប្រភេទ​ទី​៥៕ សុខ សា​រ៉ា​យ​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ