ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ទីផ្សារ​ត្រី​នៅ​កម្ពុជា ៖ អ្នកវិភាគ​និង​អ្នកជំនាញ​កសិ​កម្ម​លើក​ឡើង​អ្វីខ្លះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងកសិ​កម្ម​​ពន្យល់​ហេតុផល​ផ្សេង

2 ឆ្នាំ មុន
  • ភ្នំពេញ

ប្រធានបទ​ត្រី​នៅ​តែ​ជា​រឿង​គួរឱ្យចាប់អារម្មណ៍​មួយ​នៅកម្ពុជា ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រើ​វិធានការក្តៅ​ ​តម្រូវឱ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ លើ​ដង​ទន្លេ​ត្រូវ​រុះរើ​ចេញពី​រាជធានី​ភ្នំពេញ​ជា​បន្ទាន់ នូវបែត្រី និងផ្ទះបណ្តែតទឹកលើដងទន្លេកម្ពុជា​ ។

រាជធានី​ភ្នំពេញ ៖ ប្រធានបទ​ត្រី​នៅ​តែ​ជា​រឿង​គួរឱ្យចាប់អារម្មណ៍​មួយ​នៅកម្ពុជា ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្រើ​វិធានការក្តៅ​ ​តម្រូវឱ្យ​ពលរដ្ឋ​វៀតណាម​រស់នៅ លើ​ដង​ទន្លេ​ត្រូវ​រុះរើ​ចេញពី​រាជធានី​ភ្នំពេញ​ជា​បន្ទាន់ នូវបែត្រី និងផ្ទះបណ្តែតទឹកលើដងទន្លេកម្ពុជា​ និង​មាន​បុរស​ចំណាស់​និយាយ​ថា ការ​បណ្ដេញ​ជនជាតិ​វៀតណាម​ចេញពី​ទន្លេ​រាជធានី​ភ្នំពេញ ពលរដ្ឋ​កម្ពុជា​នឹង​ខ្វះ​ត្រី​បរិភោគ ព្រោះ​ពលរដ្ឋ​ខ្មែរ​មិន​ចេះ​ចិញ្ចឹម​ត្រូវ​នោះ​ទេ ។

ពាក់ព័ន្ធ​បញ្ហា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​វេ​ង​សា​ខុន ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ម្ដង​រួច​ហើយ និង​មានការ​សាទរ និង​ប្រតិកម្ម​ពី​អ្នកវិភាគ​និង​អ្នកនយោបាយ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ផង​ដែរ​ថា ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ្យ​បណ្ឌិត្យសភា កម្ពុជា​បាន​ដាក់​ជា​ចំណោទ​ចោទសួរ​ទៅ​សាធារណជន​ថា ហេតុ​អ្វី​គ្រាន់តែ​វៀតណាម​ឡើងគោក លែង​ចិញ្ចឹម​ត្រី បែរជា​ស្ថាប័ន​ពាក់ព័ន្ធ​ថា​កម្ពុជា​ខ្វះ​ត្រី​ហូប ? ខណៈ​ដែល​អ្នក​ជិតខាង​យើង​មាន​ប្រជាជន​ច្រើន​ជាង​យើង ពូជ​ត្រី​ក៏​ក្រ​ជាង​យើង តែ​បែរជា​ដឹក​ត្រី​ចូល​មក​យើង​។ បើ​ឡាវ​ខ្វះ​ត្រី​ហូប ទើប​មិន​ចម្លែក តែបើ​ខ្មែរ​ថា​ខ្វះ​ត្រី​ទទួលទាន វា​ដូច​ជា​ចម្លែក​អស្ចារ្យ​ណាស់ ព្រោះ​ខ្មែរ​មាន​ទន្លេមេគង្គ បឹង​ទន្លេសាប និង​ស្ទឹង ព្រែក បឹង អូរ​ជា​ច្រើន​ប្រៀប​ដូច​សរសៃឈាម ហើយ​ថែម​ទាំង​មាន​សមុទ្រ​ជា​ប្រភព​ត្រី​ទឹកប្រៃ​ទៀត តែ​អស់​ត្រី​ហូប ប្រហែល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា ៖

១-​មិន​បាន​គណនា​ពី​តម្រូវការ​ទីផ្សារ​នៅ​ក្នុងស្រុក ដែល​ប្រហែល​មក​ពី​ខ្វះ​អ្នក​គិត​ចំណោទ​ហើយ
២-​ប្រហែលជា​មក​ពី​ព្រៃ​លិច​ទឹក​ត្រូវ​បាន​បំផ្លាញ​អស់
៣-​ប្រហែល​មក​ពី​បឹង​ត្រូវ​បាន​លុប
៤-​ប្រហែល​មក​ពី​តំបន់​នេសាទ និង​តំបន់​ចិញ្ចឹម​ត្រី មិន​ត្រូវ​បាន​រៀបចំ​ទៅ​តាម​សក្ដានុពល តែ​បែរជា​ត្រូវ​បាន​លុប​ដោយសារ​តម្លៃ​ទីផ្សារ​ដី​ឡើង​ខ្ពស់​នាំ​គ្នា​លុប​បឹង ស្ទឹង អូរ យក​ទៅ​លក់

៥-​មិន​បាន​ចង​ជា​សហគមន៍ ដើម្បី​ឱ្យ​ការ​ផលិត ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ
៦-​យើង​មិន​បាន​កែ​ច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក​ដែល​មាន ឱ្យទៅ​ជា​ចំណី​របស់​សត្វ​ឬ​មនុស្ស តែ​យើង​ទិញ​ចំណី​ស្រាប់​ពី​គេ​មក​ឱ្យ​សត្វ ដែល​ធ្វើ​ឱ្យ​ថ្លៃដើម​ផលិត​ខ្ពស់​មិន​អាច​ប្រកួតប្រជែង​បាន
៧-​បើ​ត្រី​ដែល​ចិញ្ចឹម​បាន​មាន​អតិផរណា យើង​អាច​កែ​ច្នៃ​ត្រី​ទៅ​ជា​ផលិតផល​ជា​ច្រើន​តាម​លក្ខណៈ​ប្រពៃណី មិនបាច់​ប្រើ​វិទ្យាសាស្ត្រ​ទេ ដូច​ជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទោះជា​មិនបាច់​ធ្វើ​ត្រីខកំប៉ុង ក៏​ត្រី​គ្មាន​អតិផរណា​ដែរ ។

ចំណែក​លោក​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​មួយ​រូប​នៅ​កម្ពុជា ក៏​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​បុរស​ម្នាក់​ជា​អ្នក​ក្នុង​វិស័យ​វារីវប្បកម្ម​នៅ​ខេត្តសៀមរាប ។ ការ​លើក​ឡើង​នោះ ថា​កសិករ​ខ្មែរ​មាន​សមត្ថភាព​ចិញ្ចឹម​ត្រី​នឹង​សត្វ​ទឹក​ដូច​ជា​ក្តាម បង្កង បង្គា កន្ធាយ រួម​ទាំង​ការ​ផលិត​ពូជ​ត្រី​។ បច្ចេកទេស​កសិករ​ខ្មែរ​មិន​ចាញ់​យួន​ទេ តែ​ដោយសារ​ខ្វះ​ការ​ជ្រោមជ្រែង​ដែល​នាំ​អោយ​មានការ​វិវត្តន៍​យឺត​។

នៅ​ក្នុង​ការ​លើក​ឡើង​របស់​វា​រី​វប្បករ​ម្នាក់​នោះ ក៏​បាន​បង្ហាញ​ពី​កត្តា​ដែល​នាំ​ឱ្យ​មានការ​អ​ភី​វឌ្ឍន៍​នៅ​កម្ពុជា ចំពោះ​វិស័យ​វារីវប្បកម្ម កម្ពុជា
ទី​១.​វៀតណាម ផ្គត់ផ្គង់​ទីផ្សារ​យូ​ណាស់​មក​ហើយ​បណ្តាញ​ចែកចាយ​ត្រី​របស់​យួន​នៅ​ស្រុក​ខ្មែរ​រឹង​មាំ​កសិករ​មាន​ទីផ្សារ​ចង្អៀត​ដើម្បី​លក់​ផលិតផល​របស់​ខ្លួន ការ​ពង្រីក​អោយ​ធំ​ក៏​កាន់តែ​ពិបាក​។
២. មិន​មានការ​វិនិយោគ​ខ្នាត​ធំ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ឬ​បរទេស​។ កសិករ​ចិញ្ចឹម​ត្រី​មាន​ទុន​តិច​ក្នុង​ការ​ពង្រីក​អោយ​ធំ​។ ធនាគា​ផ្តល់​កំចី​ដោយ​មានការ​ប្រាក់​ខ្ពស់ ។

៣. ចំណី​ត្រី​ក្នុងស្រុក​មាន​តំលៃ​ខ្ពស់​ជាង​ចំណី​ត្រី​នៅ​វៀតណាម​នៅ​ពេល​ក្រសួងកសិកម្ម​ប្រកាស​ផ្អាក​នាំ​ចូល​ត្រី​ពី​វៀតណាម​កាលពីដើម​ខែមករា​ទាំង​ដែល​ត្រី​វៀតណាម​នៅ​តែ​នាំ​ចូល​ជា​ធម្មតា​នោះ រោងចក្រ​ផលិត​ចំណី​ត្រី​នឹង​នាំ​ចូល​ដឹក​ដៃ​គ្នា​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ចាប់ពី​៣០​ទៅ​៥០​ដុល្លារ​ក្នុង​មួយ​តោន​។

៤. គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព​ត្រី​នាំ​ចូល​ត្រី​នាំ​ចូល​ពី​វៀតណាម​មិន​បាន​ពិនិត្យ​គុណភាព​ត្រឹមត្រូវ ។
៥. ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ត្រី​នាំ​ចូល​មិន​បាន​បង់ពន្ធ​ពេញ​ទេ នេះ​បើ​តាម​សំដី​ឈ្មួញ​នាំ​ចូល​ម្នាក់​នៅ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​កាលពី​ខែធ្នូ​កន្លង​ទៅ ដែល​មាន​វត្តមាន​ឯកឧត្តម​រដ្ឋមន្ត្រី សមាគម​ត្រី នឹង​អ្នក​ចិញ្ចឹម​ត្រី​ជា​ច្រើន​ផង​។ ការ​មិន​បង់ពន្ធ​ត្រឹមត្រូវ​នេះ​ធ្វើ​អោយ​រដ្ឋ​ខាត​ប្រាក់​ចំណូល ហើយ​កសិករ​ទាំងឡាយ​តែងតែ​ជួប​ការ​លំបាក​ដោយសារ​ឈ្មួញ​តែងតែ​ទំលាក់​តំលៃ​។ រឿង​ទាំងនេះ​វា​ផ្ទុយ​ពី​ក្រសួងពាណិជ្ជកម្ម​យួន​ដែល​ដំឡើង​ពន្ធ​ស្ករស​នាំ​ចូល​ពី​ថៃ​ដើម្បី​ការពារ​ផលិតកម្ម​ក្នុងស្រុក​របស់​ខ្លួន​។

៦. យុទ្ធ​សា​ស្ត​ផ្តួល ៖ ពីរ​ឆ្នាំ​នេះ​វៀតណាម​ទំលាក់​ថ្លៃ​ត្រី​ក្រោម​ថ្លៃដើម​ផលិត​របស់​គេ​លក់​មក​ខ្មែរ​។ ការ​លក់​ខាត​ក្នុង​រយៈពេល​ខ្លះ​អាច​ជា​បញ្ហា​តំរូវការ​ទីផ្សារ តែ​ការ​ទំលាក់​ថ្លៃ​រយៈពេល​វែង​ជា​យុទ្ធ​សា​ស្ត​ផ្តួល​សុទ្ធសាធ​។ ចាំ​ដល់​កសិករ​ខ្មែរ​ដួល​អស់ ចាំ​ពួក​វា​ឡើងថ្លៃ​ស្រង់​ដើម​វិញ ។

ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បានបញ្ជាក់ថា «ដោយឡែកការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក ការចិញ្ចឹមមិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ ហើយការប្រមូលផលជួបការលំបាក ត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដែលត្រូវការពេលវេលាច្រើន ដើម្បីប្រមូលធ្វើការផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនមកកាន់ទីផ្សារចែកចាយ» ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បើ​ទោះបី​កម្ពុជា​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​នៅ​សេសសល់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​វារីវប្បកម្ម និង​បញ្ហា​ទីផ្សារ​យ៉ាងណា​ក៏​ដោយ ក៏​ការ​ធ្វើ​វារីវប្បកម្ម​នៅ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ (២០១៥-២០២០)​បាន​ប្រព្រឹត្ត​ទៅ​ទទួល​បាន​វឌ្ឍនភាព ដោយ​មាន​សន្ទុះ​គួរ​ឱ្យ​កត់សំគាល់ ដែល​ទិន្នផល​វារីវប្បកម្ម​ប្រមូល​ប្រចាំឆ្នាំ​៖

– ២០១៥ ទទួល​បាន ១៤៣ ១៤១ តោន
– ២០១៦ ទទួល​បាន ១៧២ ៥០០ តោន
– ២០១៧ ទទួល​បាន ២០៧ ៤៤៣ តោន
– ២០១៨ ទទួល​បាន ២៥៤ ០៤៨ តោន
– ២០១៩ ទទួល​បាន ៣០៧ ៤០៨ តោន

សូម​បញ្ជាក់​ថា មាន​កំណើន​ទិន្នផល​វារីវប្បកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម ២០,៦% ចាប់ពី​ឆ្នាំ​២០១៥-២០១៩ និង​នៅ​ឆ្នាំ​២០២០ កើនឡើង​ដល់ ៤០០ ៤០០ តោន មាន​កំណើន ៣០% ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ