ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ដឹក​ជញ្ជូន​តាម​យានយន្ត​ដែល​ប្រើ​ថាមពល​អគ្គិសនី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​គិតគូរ​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន​បៃតង ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សាកល​ភាវូបនីយកម្ម ជា​ពិសេស​ការ​ប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​វិញ ដើម្បី​អាច​កាត់​បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ និង​ជៀសវាង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​ពេល​ដែល​យានយន្ត​អគ្គិសនី​សាក​ភ្លើង ដោយ​ថាមពល​កកើត​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​គិតគូរ​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន​បៃតង ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​សាកល​ភាវូបនីយកម្ម ជា​ពិសេស​ការ​ប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​វិញ ដើម្បី​អាច​កាត់​បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ និង​ជៀសវាង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅ​ពេល​ដែល​យានយន្ត​អគ្គិសនី​សាក​ភ្លើង ដោយ​ថាមពល​កកើត​ឡើង​វិញ ។

នេះ​បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក Anthony Galliano ប្រធាន​AmCham​និង​ជា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Cambodia Investment Management​។

ក្នុង​ជំនួប​នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​កា​រត​ភ្ជាប់​បណ្តាញ​ផ្លូវថ្នល់​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង (DBST) ទៅ​ផ្លូវ​បេតុង​កៅស៊ូ​(AC) និង​កា​រត​ភ្ជាប់​នៅ​គ្រប់​ច្រកល្ហក​ទាំងអស់ ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ពង្រីក​វិសាលភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល សម្រេច​បាន គម្រោង​កំពុង​អនុវត្ត​បន្ត និង​គម្រោង​សាងសង់​នា​ពេល​អនាគត​ដែល​ក្នុង នោះ​រួម​មាន ៖ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​២២ លេខ​៣ លេខ​៤ លេខ​៥ ផ្លូវជាតិ​លេខ​៦ លេខ​៧ លេខ​៨ លេខ​៤៨ លេខ​១០ លេខ​១១ លេខ​៥៦ លេខ​៥៨ និង​ផ្លូវជាតិ​លេខ​៧៦ ដែល​ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់ និង​គម្រោង​លើកកម្ពស់​ផ្លូវជាតិ​លេខ ៣១ ៣៣ ៤១ ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង​(DBST)​ទៅ​ជា​ផ្លូវ​បេតុង​កៅស៊ូ​(AC) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧១c កំពង់ចាម​-​ត្បូងឃ្មុំ និង​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុង ព្រះ​សីហ​នុ​គិត​រហូត​មក​ទល់​ពេល​នេះ​សម្រេច​បាន​ជាង​៥០%​ហើយ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី ភ្នំពេញ​ទៅ​បា​វិត ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២​បញ្ចប់​រួចរាល់ គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៣ កំពុង​ដំណើរការ សាងសង់ និង​គម្រោង​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៤ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង ភ្នំពេញ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ៖ ទោះបីជា​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​ក៏​ដូច​ជា នៅ​ទូ​ទាំង​ពិភពលោក​ក៏​ដោយ ក៏​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​នៅ​តែ​បន្ត​ដំណើរការ របស់​ខ្លួន​ឥត​ឈប់​ឈរ មិន​ទាន់​ឃើញ​មាន​គម្រោង​ណាមួយ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រាតត្បាត ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅឡើយ​ទេ​។

ទាក់ទង​នឹង​ការ​ដឹក​ជញ្ជូន ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រសួង​បាន​ប្រើប្រាស់​ប្រព័ន្ធ បច្ចេកវិទ្យា​សម័យ​ទំនើប​ដើម្បី​គាំទ្រ​ដល់​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ចំណេញ​ពេល វេលា កាត់​ចំណាយ​ក្រៅផ្លូវការ ដែល​ក្នុង​នោះ​រួម​មាន ៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន ការ​បើក​ដំណើរការ​មណ្ឌល​ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ ទំនើប​អ៊ី​អន​ម៉​ល​១ អ៊ី​អន​ម៉​ល​២ និង​ផ្សារ ទំនើប​ជីប​ម៉ុង និង​ការ​បង្កើត​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក ទេស​យានយន្ត និង​ការ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App)​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ចូលរួម​រាយការណ៍​អំពី​ផ្លូវ​ខូច សំដៅ​ថែទាំ​ផ្លូវ​ឱ្យ​បាន​យូរអង្វែង​។

ជាង​នេះ​ទៅ​ទៀត គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​(NRSC) កំពុង​អភិវឌ្ឍ​គម្រោង​ដ៏​ថ្មី ស្រឡាង​មួយទៀត​គឺ​កម្មវិធី​កាត់​ពិន្ទុ​បណ្ណ​បើកបរ ដែល​អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ធ្វើការ ដក​ពិន្ទុ​បណ្ណ​បើកបរ​ដោយ​ស្វ័យប្រវត្តិ និង​ជូនដំណឹង​ទៅ​កាន់​ស្ថាប័ន​ចេញ​បណ្ណ​បើកបរ និង​ម្ចាស់​បណ្ណ ដែល​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​កម្មវិធី​ព័ត៌មានវិទ្យា​ជា​ច្រើន​ទៀត ដើម្បី​ផ្ដល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ធ្វើ​កត់សម្គាល់​ផង​ដែរ​ថា​៖« កម្ពុជា​កំពុង​គិតគូរ​អំពី គោលនយោបាយ និង​យុទ្ធសាស្ត្រ​សម្រាប់​ការ​ដឹក​ជញ្ជូន​បៃតង ដើម្បី​សម្រប​ខ្លួន​ទៅ​តាម​ការ​រីក​ចម្រើន​នៃ សាកល​ភាវូបនីយកម្ម ជា​ពិសេស​ការ​ប្រើប្រាស់​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ជំនួស​វិញ ដើម្បី​អាច​កាត់​បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ និង​ជៀសវាង​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ពេល​ដែល យានយន្ត​អគ្គិសនី​សាក​ភ្លើង​ដោយ​ថាមពល​កកើត​ឡើង​វិញ​»​។

ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ការ​បង្កើត វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ក្មេង​ជំនាន់ ក្រោយ ជា​ពិសេស​បណ្តុះបណ្តាល​វិស្វករ​កម្ពុជា​ឱ្យ​ចេះ​ធ្វើ​ផ្លូវ អាច​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​បាន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ប្រកបដោយ​គុណ​ភាពរឹងមាំ​ឱ្យ​ដូនតា​ជំនាន់​មុន​ដែល​បាន​កសាង អង្គរវត្ត​ទុក​ឱ្យ ។

ក្នុង​ជំនួប​គណៈប្រតិភូ បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ដូច​ជា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ដើម្បី​បន្ត​ជំរុញ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​មានការ​រីក​ចម្រើន​យ៉ាង​រហ័ស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ