រាជធានីភ្នំពេញ ៖ ពិធីការិនីអ្នកនាង កែវ ចាន់និមល បានដឹកដៃគ្រួសារចេញទៅអាមេរិក ដោយទម្លាក់ចោលការងារសិល្បៈមួយរយៈ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។ តារារូបបានចេញទៅអាមេរិកយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីនាងត្រូវមិត្តភក្តិជិតដិតរៀបចំពិធីខួបកំណើតតូចមួយ មុនពេលនាងឡើងយន្តហោះចេញទៅ។
រូបភាពជាច្រើនសន្លឹកត្រូវបាន កែវ ចាន់និមល បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីភាពសប្បាយរីករាយជួបជុំគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។

ពិធីការិនី នាង ប៉ែន ស្រីពេជ្រ ដែលជាអ្នកជិតដិតបំផុតជាមួយអ្នកនាង កែវ ចាន់និមល បានអះអាងប្រាប់កោះសន្តិភាពថា អ្នកនាង កែវ ចាន់និមល បានធ្វើដំណើរទៅអាមេរិកទាំងគ្រួសារក្នុងគោលបំណងលំហែកំសាន្តនៅទីនោះមួយរយៈ។
អ្នកនាងបញ្ជាក់ថា ការចេញទៅអាមេរិករបស់អ្នកនាង កែវ ចាន់និមល នាពេលនេះ គឺមានរយៈពេលប្រមាណ១ខែកន្លះ ក្នុងនោះឪពុកម្តាយរបស់នាងក៏បានចេញទៅជាមួយគ្នាផងដែរ។ យ៉ាងណា ក្រៅពីដំណើរកំសាន្តនៅលើទឹកដីមហាអំណាចនោះ គេមិនដឹងថា កែវ ចាន់និមល នឹងត្រូវបំពេញភារកិច្ចអ្វីផ្សេងទៀតនោះឡើយ ខណៈការងារនៅស្រុកខ្មែរនាងនៅបន្តផ្អឹបចោលនៅឡើយ។

ជាការកត់សម្គាល់ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩នោះមក កែវ ចាន់និមល ហាក់នៅមិនទាន់ទទួលយកការងារសិល្បៈរបស់ខ្លួនអោយពេញដៃនៅឡើយទេ។ នាងបានចំណាយពេលនៅជាមួយគ្រួសារសម្រាប់ការលំហែកំសាន្តនៅទីកន្លែងនានា ដោយមិនទាន់នឹកនាដល់ការងារសិល្បៈនោះឡើយ។
យ៉ាងណា មហាជនរំពឹងថា បន្ទាប់ពីការវិលត្រឡប់មកពីលំហែនៅអាមេរិកវិញ កែវ ចាន់និមល នឹងវិលមកកាន់ក្បាលមេក្រូបន្តអាជីពជាពិធីការិនីរបស់នាងឡើងវិញ ខណៈពេលដែលស្ថានីយទូរទស្សន៍ហង្សមាស ក៏បានត្រៀមរៀបចំកម្មវិធីកំសាន្តលំដាប់ពិភពលោកដែលនាងធ្លាប់កាន់នោះឡើងវិញផងដែរ៕









ចែករំលែកព័តមាននេះ