ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​សម្តែង​ក្នុង​វង់​ល្ខោន​លោក អុល សំអាង ធ្លាក់ខ្លួន​ត្រដាបត្រដួស​ខ្លាំង​នា​សម័យ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

៖ តួ​សម្តែង​នៅ​ក្នុង​វង់​ល្ខោនបាសាក់​របស់​លោក អុល សំអាង ស្ទើរតែ​ទាំងអស់​បាន​ជួប​បញ្ហា​ត្រដាបត្រដួស​យ៉ាង​ខ្លាំង​នា​សម័យ​កូ​វី​ដ​នេះ ដោយសារ​បាត់បង់​ការ​សម្តែង​។ មិន​ថា

រាជធានី​ភ្នំពេញ ៖ តួ​សម្តែង​នៅ​ក្នុង​វង់​ល្ខោនបាសាក់​របស់​លោក អុល សំអាង ស្ទើរតែ​ទាំងអស់​បាន​ជួប​បញ្ហា​ត្រដាបត្រដួស​យ៉ាង​ខ្លាំង​នា​សម័យ​កូ​វី​ដ​នេះ ដោយសារ​បាត់បង់​ការ​សម្តែង​។ មិន​ថា តួ​ស្តេច តួ​ភីលាង អា​ម៉ាត យក្ស និង​តួ​ផ្សេង​ៗ​ទៀត​ឡើយ គឺ​សុទ្ធ​តែ​ជួប​បញ្ហា​ជីវភាព​ទាំងអស់​នៅ​ក្នុង​ពេល​ដែល​ការ​សម្តែង​ល្ខោន​មិន​បាន​ដំណើរការ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​។

ប្រធាន​ក្រុម​វង់​ល្ខោន​មហាជន​រាជធានី​ភ្នំពេញ លោក អុល សំអាង បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ចាប់តាំងពី​ក្រុម​ល្ខោន​របស់​លោក​មិន​មានការ​សម្តែង​នោះ កូនក្រុម​របស់​លោក​បាន​បែងចែក​ទៅ​ការងារ​ផ្សេង​ៗ​រៀងខ្លួន ដោយ​មាន​អ្នកខ្លះ​បាន​ជួប​បញ្ហា​លំបាក​ក្នុង​ផ្នែក​ជីវភាព​យ៉ាង​ខ្លាំង​។ លោក​បញ្ជាក់​ថា ពួក​គេ​ទាំង​អស់នោះ ខ្លះទៅ​ធ្វើការ​សំណង់ សន្តិសុខ​យាម ធ្វើស្រែ​ចំការ និង​អ្នកខ្លះ​ធ្វើ​នំ​បញ្ចុក និង​លក់​ផ្លែ​ឈើ​តាមរ​ទះ​។ លោក​ថា តួ​សម្តែង​ជា​ស្តេច ជាស​ដ្ឋី គាត់​មានអី​ឡូ​វ​គាត់​ធ្វើ​នំ​បញ្ចុក ផ្លែ​ឈើ និង​បន្លែ​លក់​តាម​រ៉ឺ​ម៉ក ខណៈ​តួ​ថ្លុក​គាត់​ទៅ​ធ្វើ​សន្តិសុខ​យាម​តាម​ផ្ទះ និង​រោងចក្រ​។

លោក អុល សំអាង បាន​លើក​ឡើង​បន្ថែម​ថា មុន​ផ្ទុះ​កូ​វី​ដ​ក្នុង​សហ​គម​លើក​ទី​១ ក្រុម​របស់​លោក​ក៏​មានការ​សម្តែង​២​លើក​ដែរ តែ​ចាប់តាំងពី​ផ្ទុះ​លើក​ទី​២​នេះ អត់​មាន​សោះតែ​ម្តង​។ លោក​បញ្ជាក់​ថា ការ​សម្តែង​នោះ គឺ​បាន​ត្រឹម​សម្តែង​តាម​ទូរទស្សន៍​ប៉ុណ្ណោះ ដោយ​ការ​សម្តែង​តាម​បណ្តា​បុណ្យ​ទាន​ផ្សេង​ៗ​នោះ គឺ​មិន​មាន​ឡើយ ពោល​គឺ​ប្រហែល​ជិត​២​ឆ្នាំ​ហើយ​។

យ៉ាងណា បើ​តាម​លោក អុល សំអាង ថ្មី​ៗ​នេះ ក្រុម​របស់​លោក​ក៏​បាន​ដាក់​រឿង​ចំនួន​២​ទៅ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​​សម្តែង​ផង​ដែរ​។ លោក​បញ្ជាក់​ថា ២​រឿង​នេះ គឺជា​គម្រោង​ឆ្នាំ​ចាស់​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ ទើប​គម្រោង​នេះ​ត្រូវ​បាន​ពន្យា​ពេល​រហូត​មក​ដល់​ពេល​នេះ​។ យ៉ាងណា បើ​ទោះបីជា​ក្រុម​របស់​លោក​បាន​បាត់បង់​ការ​សម្តែង​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​សិល្បៈ​របស់​លោក​នៅ​បន្ត​រក្សា​ការ​ទំនាក់ទំនង​គ្នា​មិន​អោយ​ដាច់​ឡើយ ហើយ​ពួក​គេ​ទាំងអស់​នៅ​តែ​បង្ហាញ​នូវ​ឆន្ទៈ​នៅ​ក្នុង​ការ​បន្ត​សម្តែង​សិល្បៈ​ល្ខោនបាសាក់​នេះ​ដដែល​។

លោក អុល សំអាង រំពឹង​ថា ក្នុង​ពេល​ខាង​មុខ បើ​ជំងឺ​កូ​វី​ដ​១៩ មានការ​ថមថយ ឬ​អស់ពី​ប្រទេស​កម្ពុជា​នោះ ក្រុម​របស់​លោក​នឹង​មានការ​សម្តែង​ឡើង​វិញ​ជា​ធម្មតា ព្រោះ​ក្រុម​របស់​លោក​នៅ​តែ​បង្ហាញ​ឆន្ទៈ​ស្រឡាញ់ និង​ថែរក្សា​សិល្បៈ​បុរាណ​មួយ​នេះ​ដដែល​។ លោក​ក៏​សង្ឃឹមថា គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នឹង​បន្ត​ជម្រុញ​ការ​ផ្សព្វផ្សាយ​សិល្បៈ​ល្ខោនបាសាក់​ខ្មែរ​បន្ថែម​ទៀត ទោះ​តិច​ក្តី ច្រើន​ក្តី​។

លោក​ថា ការ​ចូលរួម​ផ្សព្វផ្សាយ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​លើកទឹកចិត្ត និង​លើក​ស្ទួយ​អ្នកសិល្បៈ​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លាំង​នា​សម័យ​កូ​វី​ដ​នេះ​។ លោក​ក៏​សូម​អំពាវនាវ​ផង​ដែរ ដល់​សំណាក់​ទស្សនិកជន ជា​ពិសេស​បណ្តា​យុវវ័យ​ជំនាន់​ក្រោយ​សូម​បន្ត និង​ងាក​មក​ជួយ​គាំទ្រ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ផង ដើម្បី​ចូលរួម​លើក​ត​ម្កើ​ន និង​អភិរក្ស​ស្នាដៃ​សិល្បៈ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​អោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ