ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​សហគមន៍ ក៏​ធ្វើ​ឱ្យ​តួអង្គ​យក្ស​ស្ងួត​ជើងធ្មេញ​ស្រែក​មិន​លឺ​សម្លេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុំ​ថា​ឡើយ​មនុស្ស​សា បើ​សូ​ម្បី​តែ​យក្សា​ដែល​មាន​រិ​ទ្ធី​អំណាច​ស្រែក​បែក​អ​កាស​សារ​មិន​ខ្លាច​អ្វី​ទាំងអស់ ក៏​បាន​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​នា​សម័យកាល​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩

រាជធានី​ភ្នំពេញ ៖ កុំ​ថា​ឡើយ​មនុស្ស​សា បើ​សូ​ម្បី​តែ​យក្សា​ដែល​មាន​រិ​ទ្ធី​អំណាច​ស្រែក​បែក​អ​កាស​សារ​មិន​ខ្លាច​អ្វី​ទាំងអស់ ក៏​បាន​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​សម្រាប់​ចិញ្ចឹមជីវិត​នា​សម័យកាល​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​នា​ពេល​នេះ​ផង​ដែរ​។ ធ្លាប់តែ​ស្រែក​គ្រហឹម​រង្គើ​ល​ឆាក​មួយ​យប់​ទល់​ភ្លឺ ពេល​នេះ​តួអង្គ​យក្ស​ល្ខោន​មួយ​រូប បែរជា​ស្ងួត​ជើងធ្មេញ​ស្រែក​មិន​លឺ​សម្លេង ដោយសារ​ជួប​វិបត្តិ​រក​ប្រាក់​ចំណូល​ស្ទើរ​មិន​បាន ព្រោះតែ​មេរោគ​កូ​វី​ដ​១៩ កំពុង​តែ​យាយី​នា​ពេល​នេះ​។

តួអង្គ​យក្ស​ក្នុង​វង់​ល្ខោន​មួយ​នៅ​រាជធានី​ភ្នំពេញ គឺ​លោក ជី ចំណាប់ បាន​ប្រែ​ពី​ការ​ស្រែក​បែក​អាកាស​សារ មក​ស្រែកថ្ងូរ​ដូច​ព្រាប ព្រោះតែ​លោក​បាន​បាត់​ចំណូល​ទាំងស្រុង​ពី​ការ​សម្តែង​ល្ខោន​នេះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

លោក​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា តាំងពី​ការ​ញាំញី​ដោយសារ​កូ​វី​ដម​ក លោក​ស្ទើរ​ដាច់​បាយ ប្រសិនបើ​ពឹងផ្អែក​លើ​អាជីព​សម្តែង​ល្ខោន​នេះ​តែ​មួយ​មុខ​។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​គ្រាន់​មានមុខ​របរ​ក្រៅ​តិចតួច​សម្រាប់​ដោះស្រាយ​ជីវភាព តែ​មិន​បាន​គ្រប់គ្រាន​ឡើយ ពោល​គឺ​ចំណូល​បាន​តិច​បំផុត​។

លោក​បន្ថែម​ថា លោក​បាន​ធ្វើការ​ងារ​លក់​តាម​អន​ឡាញ ដោយ​ការងារ​នេះ​គឺ​បាន​ចំណូល​ដោយ​ថ្ងៃ ហើយ​ខ្លះ​បាន​ចំណេញ​តិចតួច ហើយ​ខ្លះ​បាន​ត្រឹម​រួចខ្លួន​ប៉ុណ្ណោះ​។ តួអង្គ​យក្ស​ល្ខោន​ដែល​មាន​វ័យ​២៣​ឆ្នាំ​នេះ បាន​លើក​ឡើង​បន្ថែម​ថា ការងារ​លក់​តាម​អន​ឡាញ​របស់​លោក​បើ​ប្រៀបធៀប​ជាមួយនឹង​ការ​សម្តែង​ល្ខោន​នោះ មានការ​ខុស​គ្នា​។ លោក​ថា ខុស​គ្នា​គឺ​ការ​សម្តែង​ល្ខោន​ពេល​មាន​គេ​ជួល​ច្រើន គឺ​ក្នុង​មួយ​ខែ​លោក​អាច​នៅ​សល់​ប្រាក់​ច​ម្លោះ​មួយ​លាន​រៀល បន្ទាប់​ពីផាត់​ការ​ចំណាយ​។

លោក​បញ្ជាក់​ថា ជា​ទូទៅ​ការ​សម្តែង​តួ​របស់​លោក​មួយ​យប់ អាច​ទទួល​បាន​ច​ម្លោះ​ពី​១០​ទៅ​១៥​ម៉ឺន​រៀល តាម​ជិត ឬ​ឆ្ងាយ​។ ហើយ​ក្នុង​រដូវ​កាល​គេ​ជួល​ច្រើន ពោល​គឺ​ក្នុង​មួយ​ខែ​អាច​សម្តែង​បាន​១០​រោង​នោះ សម្រាប់​រូប​លោក​ផ្ទាល់​មួយ​ខែ​លោក​អាច​សល់​ប្រាក់​ចន្លោះ​១​លាន​ទៅ​២​លាន​រៀល​ដែរ​។

យ៉ាងណា បើ​តាម​តួអង្គ​យក្ស​ល្ខោន​ដែល​មាន​ដើម​កំណើត​នៅ​ព្រែក​រាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្ត​កំ​ណ្តា​ល លោក ជី ចំណាប់ ក្រោយ​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​រីក​រាលដាល​ចូល​ក្នុង​សហគមន៍​រហូត​មក​ទល់​ពេល​នេះ លោក​បាន​ពើបប្រទះ​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​មិន​អាច​ប្រកប​អាជីព​ល្ខោន​នេះ​បាន​។

លោក​ថា បច្ចុប្បន្ន លោក​ត្រូវ​រក​ប្រាក់ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ព្រមទាំង​មើលជំងឺ​ម្តាយ​ដែល​បញ្ហា​ក្រលៀន​មិន​មាន​លទ្ធភាព​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយ​បាន​ត្រឹម​ផឹកថ្នាំ​ខ្មែរ​នៅផ្ទះ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា លោក ជី ចំណាប់ បាន​ចូល​ប្រឡូក​ក្នុង​អាជីព​តួ​ល្ខោនបាសាក់​តាំងពី​ឆ្នាំ​២០១៣​មក ពោល​គឺ​តាំងពី​លោក​មាន​អាយុ​១៣​ឆ្នាំ​មក​ម្ល៉​វ​។ យ៉ាងណា លោក​រំពឹង​ថា បញ្ហា​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា អាច​នឹង​ឆាប់​ថមថយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​អោយ​រូប​លោក និង​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​អាច​ចេញ​សម្តែង ដើម្បី​បាន​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ