ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១០​ថ្ងៃ​យក​សំណាក​លើ​កម្មករ​កម្មការិនី​ជាង​២​ពាន់​នាក់ និង​រក​ឃើញ​កូ​វី​ដ​ជាង​៣​រយ​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ចាប់តាំងពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​កន្លង​ទៅ ក្រុមការងារ​យក​សំណាក បាន​ចុះ​យក​សំណាក​ទៅ​លើ​កម្មករ កម្មការិនី​ចំនួន​២.៥១៧​នាក់ និង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៣៥២​នាក់ ក្នុង​ចំណោម​រោងចក្រ

ខេត្តស្វាយរៀង ៖ ក្រុមការងារ​ស្រាវជ្រាវ​យក​សំណាក​វិភាគ​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​កន្លង​ទៅ ក្រុមការងារ​យក​សំណាក បាន​ចុះ​យក​សំណាក​ទៅ​លើ​កម្មករ កម្មការិនី​ចំនួន​២.៥១៧​នាក់ និង​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៣៥២​នាក់ ក្នុង​ចំណោម​រោងចក្រ​ចំនួន​៨ ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ ក្នុង​ក្រុង​បា​វិត រួម​មាន ៖

១-​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង មាន​៣​រោងចក្រ គឺ​រោងចក្រ យូ​លី​១ , រោងចក្រ ប្យ៊ូ​ល​ធី​ហ្វូ​ល​វី​ន​ដូ និង​រោងចក្រ អូ​ខ្លូត​។

២-​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន មាន​៣​រោងចក្រ​ដែរ គឺ​រោងចក្រ សាន់​ហ្វេ​ង , រោងចក្រ ម៉ូ​រ៉ូ​ហ្វូ​ជី និង​រោងចក្រ យូ​ធី​ឡាយ ។

៣-​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ​សេង មាន​ចំនួន​២​រោងចក្រ គឺ​រោងចក្រ អេ​អ៊ែន​ជេ (A and J) និង​រោងចក្រ ស្មា​ត​ថេ​ក។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​ប្រភព​ចម្លង ក្រុមការងារ​បាន​សង្ស័យ​ទៅ​លើ​បុរស​ជា​ប្តី​កម្មការិនី​ម្នាក់ ដែល​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​បន្លែ​ពី​ស្វាយ​រៀង​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ ហើយ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​បាន​ធ្វើការ​រោងចក្រ​ផ្សេង​គ្នា ដូច្នេះ​បើ​អ្នក​ណា​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ គឺ​អាច​ចម្លង​គ្នា ហើយ​បន្ត​ចម្លង​ទៅ​រោងចក្រ​ផ្សេង​ៗ​ទៀត ប៉ុន្តែ​មាន​រោងចក្រ​ខ្លះ​ដែល​មាន​ថៅកែ​រោងចក្រ​អនុវត្ត​តាម SOP ត្រឹមត្រូវ ឃើញ​ថា​ពុំ​មានការ​ចម្លង​ទេ ។ ហើយ​ដើម្បី​ការពារ​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​រោងចក្រ ចំពោះ​ថៅកែ​រោងចក្រ​ត្រូវ​អនុវត្ត​ឱ្យ​បាន​នូវ SOP ចំណែក​កម្មករ​-​កម្មការិនី រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ផង ត្រូវ​គោរព​តាម​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ក្រោយ​ពី​រក​ឃើញ​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្យាបាល​កូ​វី​ដ​-១៩​ខេត្ត ហើយ​ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវ​បានឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​វិភាគ ចំណែកឯ​អ្នក​ប៉ះពាល់​ប្រយោល​វិញ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ ប្រសិនជា​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា ៖ ក្តៅ ក្អក ថប់ដង្ហើម ហៀរ​សំបោរ ត្រូវ​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​។

លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ក៏​បាន​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ខេត្តស្វាយរៀង មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្តែ​ដោយ​មានការ​ផ្តល់​មតិយោបល់ និង​អនុសាសន៍​ល្អ​ៗ​ពី​សំណាក់​លោក​ជំទាវ ម៉ែ​ន សំ​អន តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តស្វាយរៀង និង​ក្រុមការងារ និង​ដោយសារ​មានការ​គ្រប់គ្រង​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត ធ្វើ​ឱ្យ​ស្ថានការណ៍​តានតឹង​បាន​ត្រឡប់​ទៅ​ជា​ធូរស្រាល​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី ។

កត្តា​ជោគជ័យ​ទាំងនេះ ក៏​ដោយសារ​ការ​យកចិត្តទុកដាក់​ឧ​បត្ត​ម្ភ​គាំទ្រ ទាំង​សម្ភារៈ ឱសថ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រួម​ទាំង​ថវិកា​សម្រាប់​ឧ​បត្ត​ម្ភ​ដល់​បុគ្គលិក​បំរើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ជា​ពិសេស​ទៅ​ទៀត មន្ត្រី​កិច្ចសន្យា បុ​គ្គិ​លិ​ក​ស្ម័គ្រចិត្ត​បំរើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ មាន​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង និង​ដឹងគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ពួក​គាត់​ត្រូវ​បាន​ក្រសួងសុខា​ភិបាល​បញ្ជូន​ឈ្មោះ​ស្នើ​សុំ​សម្តេច​តេ​ជោ បញ្ចូល​ក្នុង​ក្រប​ខណ្ឌ​សុខាភិបាល​។

លោក​វេជ្ជបណ្ឌិត​ក៏​បាន​ផ្តល់​របាយការណ៍​ជូន​ក្រុម​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងែ​ទី​០៣ មិថុនា​នេះ មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​សរុប​៩៣០​នាក់ ក្នុង​នោះ​ស្រី​៥៤៧​នាក់ (​ជនជាតិ​ខ្មែរ​ចំនួន​៨៨៦​នាក់​,​ជនជាតិ​បរទេស​ចំនួន​៤៤​នាក់​) ចំណែក​ចំនួន​អ្នកជំងឺ​ជា​សះស្បើយ​សរុប​៤៦៣​នាក់ ក្នុង​នោះ​ស្រី​២២២​នាក់​ផង​ដែរ និង​អ្នកជំងឺ​ចំនួន​ស្លា​.​ប់​០៦​នាក់ គឺជា​ជនជាតិ​ខ្មែរ ។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ជា​ពលករ​ត្រឡប់​មក​ពី​ប្រទេស​នានា​ចូល​មក​ស្រុក​កំណើត​វិញ ហើយ​ក៏​ត្រូវ​បាន​ក្រុមការងារ​ធ្វើការ​ពិនិត្យ​សុខភាព​ចំនួន​៤,៣៩០​នាក់ ក្នុង​នោះ​ស្រី​១,២៨០​នាក់​។ សរុប​អ្នក​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៤,៣៩៩​នាក់ ក្នុង​នោះ​អ្នក​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​៤,៣១៨​នាក់ និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៧០​នាក់​។ ជា​លទ្ធ​ផល​ពី​ការ​យក​សំណាក​វិភាគ (​ព្រឹត្តិការណ៍​២០​កុម្ភៈ​) គឺ​បាន​យក​សំណាក​លើក​ទី​១ ចំនួន​៨,៨៩០​នាក់ ស្រី​៣,៦៤០​នាក់ និង​យក​សំណាក​លើក​ទី​២ សរុប​២,២៩០​នាក់ ស្រី​៨៥៩​នាក់ ហើយនឹង​យក​សំណាក​លើក​ទី​៣ សរុប​៤៦​នាក់ ស្រី​២៥​នាក់​។ ដូច្នេះ​រដ្ឋបាល​ខេត្តស្វាយរៀង គ្រប់គ្រង​បាន និង​សង្ឃឹមថា នឹង​ធូរស្រាល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ