បច្ចេកវិទ្យា៖ កាលពីពេលថ្មីៗនេះ WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹងច្បាប់អុីនធឺណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដោយទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ ។
WhatsApp បានចោទប្រកាន់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងថា ផ្នែកមួយនៃច្បាប់អុីនធឺណិតថ្មី ដែលការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើ គឺជាការរំលោភលើសិទ្ធិឯកជនភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ end-to-end encryption អស់ប្រសិទ្ធភាពហើយ និងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន ។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ប្រភពអ្នកផ្ញើសារបានដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ end-to-end encryption ឡើយ ។
គួរបញ្ជាក់ដែរថា ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារ ច្បាប់នេះក៏ទាមទារឱ្យក្រុមហ៊ុនត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល ៣៦ម៉ោងបន្ទាប់ពីតុលាការចេញដីកា រៀបចំប្រព័ន្ធដើម្បីឆ្លើយតបនិងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាសអាភាសបានដោយស្វ័យប្រវត្តិ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
ចែករំលែកព័តមាននេះ