បច្ចេកវិទ្យា ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ សហព័ន្ធរុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោងដែលរដ្ឋាភិបាលសម្រេចថា ជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរងការបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការទៀតផង។
លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាលបានទំនាក់ទំនងទៅក្រុមហ៊ុនGoogle ប្រមាណជា ២៦០០០ដង ដើម្បីឱ្យក្រុមហ៊ុនលុបចោលព័ត៌មានខុសច្បាប់មានដូចជា វីដេអូដែលមានការប្រើប្រាស់គ្រឿងញៀន ឬមានអំពើហិង្សា និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងក្រុមជ្រុលនិយម ។ ក្រុមហ៊ុនអាចនឹងត្រូវរងការផាកពិន័យពី មួយម៉ឺនដុល្លារ ទៅប្រាំម៉ឺនដុល្លារ ប៉ុន្តែការផាកពិន័យអាចកើនឡើងរហូតទៅដល់ ១០ភាគរយ នៃប្រាក់ចំណេញប្រចាំឆ្នាំ ប្រសិនបើក្រុមហ៊ុននៅតែបន្តមិនធ្វើតាមការស្នើសុំរបស់រដ្ឋាភិបាល។
ក្រៅពីការស្នើសុំឱ្យលុបចោលទិន្នន័យមួយចំនួននោះ ក្រុមហ៊ុន Google ក៏ត្រូវបានរងការចោទប្រកាន់ថា ពុំមានតម្លាភាពទាក់ទងទៅនឹងការដាក់កំណត់លើប្រព័ន្ធផ្សព្វផ្សាយ RT និង Sputnik នៅក្នុងកម្មវិធី YouTube ផងដែរ។
គួររំឭកផងដែរថា កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលក៏បានបន្ថយល្បឿនប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Twitter ដោយសារតែក្រុមហ៊ុននេះ មិនបានធ្វើការលុបចោលព័ត៌មាន ដែលពួកគេបានស្នើសុំឱ្យបានទាន់ពេលវេលា។ ប៉ុន្តែក្រុមហ៊ុន Twitter បានលុបចោលព័ត៌មានដែលរដ្ឋាភិបាលបានស្នើសុំយ៉ាងលឿន ក្រោយពីរដ្ឋាភិបាលព្រមានថា នឹងបិទកម្មវិធីនេះទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)
ចែករំលែកព័តមាននេះ