ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារិកា អាយុជាង ២ខែ ក៏ឆ្លងកូវីដដែរ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរកឃើញមនុស្ស ៣នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច…

ខេត្តប៉ៃលិន ៖ បន្ទាប់ពីរកឃើញមនុស្ស ៣នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច ផ្អាកឣាជីវកម្មសណ្ឋាគារ អាហារដ្ឋាន យីហោ «ប៉ៃលិន ស៊ីធី» និងសណ្ឋាគារ ឣាហារដ្ឋាន «មាស សោភា» ព្រមទាំងដេប៉ូចែកចាយថ្នាំកសិកម្ម និងគ្រាប់ពូជ ដែលមានការពាក់ព័ន្ធ​នឹងករណីឣ្នកឆ្លងជំងឺកូវីដ-១៩។ ក្នុងចំណោម ៣នាក់ ដែលទើបរកឃើញឆ្លងកូវីដ នៅប៉ៃលិន ព្រំដែនថៃនេះ ក៏មានទារិកាម្នាក់ អាយុជាង ២ខែផងដែរ​។

រដ្ឋភិបាលខេត្តប៉ៃលិន បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការ​រកឃើញមនុស្សចំនួន ៣នាក់ បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ ២នាក់ ធ្វើដំណើរមកពីរាជធានីភ្នំពេញ និងមា្នក់ទៀត ជាទារិកា អាយុជាង ២ខែ ឆ្លងពីឪពុកម្ដាយ ដែល​ជាពលករ មកពីប្រទេសថៃ។

អ្នកជំងឺកូវីដ-១៩ ទាំង ៣នាក់ ដែលទើបរកឃើញនោះ រួមមាន៖ ទី១. ឈ្មោះ ឡេង សុផា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិចោមចៅទី២ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២. ឈ្មោះ ឈុំ ធារ៉ូ ភេទប្រុស អាយុ ៣៣ឆ្នាំ មកពីភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទាំងពីរនាក់នេះ ជាអ្នកលក់គ្រឿងសម្ភារ:​បន្ទប់ទឹកឱ្យក្រុមហ៊ុន New Build ដែលមានអាសយដ្ឋាននៅបុរីពិភពថ្មីចម្ការដូង រាជធានីភ្នំពេញ និងទី៣. ទារិកា ឈ្មោះ សឿ រ៉ានិត ភេទស្រី អាយុ ២ខែ ៧ថ្ងៃ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 ប្រភពបន្តទៀតថា ឈ្មោះ ឡេង សុផា និងឈ្មោះ ឈុំ ធារ៉ូ បានធ្វើដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ដោយរថយន្តម៉ាក កាមរី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-4900 និងអ្នករួមដំណើរម្នាក់ឆ្ពោះមកខេត្តប៉ៃលិន។ ពេលធ្វើដំណើរ បានចុះទិញនំប៉័ង នៅខេត្តកំពង់ឆ្នាំង និងឈប់សម្រាកនៅផ្ទះសំណាក់ (មិនចាំឈ្មោះ) ក្នុងខេត្តបាត់ដំបងមួយយប់ ហើយបានទិញបាយឆា នៅមាត់ស្ទឹងសង្កែ។ នៅថ្ងៃទី១៩ ខែឧសភា បានបន្តដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន។ ពេលមកដល់ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ពិនិត្យសុខភាពនៅអូរសួស្តី បានធ្វើតេស្តរហ័សចំនួន ០២លើក រកឃើញវិជ្ជមានកូវីដ១៩ ទាំងពីរលើក ហើយត្រូវបានក្រុមការងារយកទៅព្យាបាលនៅផ្ទះសំណាក់គ្រូបង្រៀន។

ចំណែកទារិកា ឈ្មោះ សឿ រ៉ានិត រស់នៅជាមួយឪពុកឈ្មោះ សឿ សុផាត និងម្តាយ ឈ្មោះ ឈឿត រតន: ដែលមានវិជ្ជមានជំងឺកូវីដ១៩ ធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ ចូលមកក្នុងខេត្តប៉ៃលិន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយបានសម្រាកព្យាបាលនៅផ្ទះសំណាក់គ្រូ ក្នុងក្រុងប៉ៃលិន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប៉ៃលិន ក៏​សូមអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យ​ទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺខាងលើ សូមតាមដានសុខភាព និងត្រូវយកវត្ថុសំណាកទៅពិនិត្យនៅ​មន្ទីរសុខាភិបាល ឬមន្ទីរពេទ្យបង្អែកខេត្ដ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ