៣ថ្ងៃ អំឡុងពេលព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ទទួលបាន​ភ្ញៀវទេសចរ​ជិត ៥​ម៉ឺន​នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ថ្ងៃ អំឡុងពេលព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ទទួលបាន​ភ្ញៀវទេសចរ​ជិត ៥​ម៉ឺន​នាក់

3 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​៖ ក្នុងឱកាស​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ថ្ងៃ​ចុង​សប្តាហ៍​ទី​ពីរ​នៃ​ខែឧសភា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦…

រាជធានី​ភ្នំពេញ​៖ ក្នុងឱកាស​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ថ្ងៃ​ចុង​សប្តាហ៍​ទី​ពីរ​នៃ​ខែឧសភា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជិត ៥​ម៉ឺន​នាក់​។ ក្នុងចំណោម​អ្នកទេសចរ ៤៩.៩៣០ នាក់ គឺមាន​ភ្ញៀវ​ជាតិ ៤៩.៣៦៤ នាក់ និង​ភ្ញៀវ​បរទេស ចំនួន ៥៦៦ នាក់ ( ជនបរទេស​ទាំងនេះ កំពុង​រស់នៅ និង​ស្នាក់នៅ​កម្ពុជា )​។

​ក្រសួងទេសចរណ៍ បានប្រកាសថា ចំនួន​អ្នកទេសចរ​ជិត ៥​ម៉ឺន​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃ ចុង​សប្តាហ៍​មុននេះ គឺមាន​ការកើនឡើង​ប្រមាណ ១៥៣,៣% ធៀប​នឹង​សប្តាហ៍​កន្លងមក និង​កើនឡើង​ប្រមាណ ៤៥៧,២៥% បើសិន​ធៀប​នឹង​សប្តាហ៍​ដំបូង ដែល​រាជរដ្ឋាភិបាល បាន​បិទ​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទូទាំងប្រទេស​។ ប៉ុន្តែ​ក៏​នៅ​ទាប​ជាង​សភាពការណ៍​មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (​ភ្ញៀវទេសចរ​ផ្ទៃក្នុង មាន​ចំនួន​ជា​មធ្យម​ប្រមាណ ២០-២៥ ម៉ឺន​នាក់ នា​ចុង​សប្តាហ៍​)​។
​យ៉ាងណាក៏ដោយ ក្នុងចំណោម​អ្នកទេសចរ​ជិត ៥​ម៉ឺន​នាក់ ដែល​បាន​ដើរ​កម្សាន្ត​នៅ​ចុង​សប្តាហ៍​មុន គឺ​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែលមាន​សកម្មភាព​ទេចរ​ច្រើនជាងគេ រួមមាន​៖ ខេត្តកំពត ១០.៩៤២ នាក់ ខេត្តបាត់ដំបង ៧.៧១០ នាក់ ខេត្តកំពង់ស្ពឺ ៥.៩១៣​នាក់ ខេត្តសៀមរាប ៤.៧៤២ នាក់ ខេត្ត​កែប ៤៣០៤​នាក់ ខេត្តកំពង់ចាម ៣.០៩៥​នាក់ ខេត្តព្រះវិហារ ២.០០៣​នាក់ ខេត្ត​ព្រះសីហនុ ១.៩៨៤​នាក់​។​

​ក្រសួងទេសចរណ៍ បាន​កត់សម្គាល់ថា ប្រជាពលរដ្ឋ​ទេសចរ​ក្នុងស្រុក ពិសេស​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ បានធ្វើ​ដំណើរ​ទៅ​កំសាន្ត​តាម​ខេត្ត​ជា​បណ្តើរៗ ដែល​ខុសពី​រយៈពេល ២​សប្តាហ៍​កន្លងមក ដែល​ភាគច្រើន គឺជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់​។

តាម​ការកត់សម្គាល់រ​បស់​ក្រសួងទេសចរណ៍ បណ្តា​ខេត្ត ដែលមាន​អត្រា​ទាប​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ភ្ញៀវទេសចរ ក្នុង​ខេត្ត ក៏បាន​ដើរ​កម្សាន្ត​កាន់តែច្រើន​នៅតាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ខ្លួន​ផ្ទាល់​។ ប៉ុន្តែ​ភាគច្រើន គឺជា​ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ និង​ការជួបជុំ​ជា​ក្រុម​តូច ក្នុងចំណោម​មិត្ត​ភ័​ក្ត ពិសេស​ក្រុមយុវជន ដែល​បាន​ជ្រើស​ការធ្វើដំណើរ ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សេង​ព្រេង ដែលជា​កន្លែង​មាន​ភាពងាយស្រួល ក្នុងការ​រក្សា​គម្លាត​សុវត្ថិភាព​។ ដោយឡែក​ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន ក៏បាន និង​កំពុង​រៀបចំ​កញ្ចប់​ទស្ស​ន​កិច្ច ដើម្បី​នាំ​ភ្ញៀវទេសចរ​ផ្ទៃក្នុង ទៅកាន់​គោលដៅ​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត ដែលមាន​អត្រា​ឆ្លង​ទាប​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

ក្រសួងទេសចរណ៍ បន្ថែមថា ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួន ក៏បាន និង​កំពុង​រៀបចំ​បើក​ដំណើរការ​ជា​បណ្តើរៗ​ឡើងវិញ ដោយបាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​តាម​វិធានការ “៣ កុំ​” និង “៣ ការពារ​” រួមជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​រដ្ឋបាល​ដោយឡែក​របស់​រាជធានី​ខេត្ត​នីមួយៗ ដូចជា​ការបន្ត​ហាមឃាត់​ការលក់​គ្រឿង​ស្រវឹង និង​ការហាមឃាត់​ការជួបជុំ​មនុស្ស​អ៊ូអរ ជាដើម​៕ សុខ សា​រ៉ា​យ​

Picture


Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture