ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​នៅ​ពីក្រោយ​ដើម​ពោធិ៍​ដ៏​ធំ​ត្រូវ​ភ្លៀង​ខ្យល់​​​រលើង​ទាំង​ឫស រួច​ផ្អើល​ថា​ទាក់ទង​រឿង​ទុំ​ទាវ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ពោធិ៍​ដ៏​មួយ​ដើម​ធំ ដែល​មាន​អាយុកាល​ខ្ទង់រយ​ឆ្នាំ ត្រូវ​បាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ជា​ហេតុ​បណ្ដាល​ឱ្យ​រលើង​ទាំង​ឫស​ទៅ​លើ​ដី ហើយ​ត្រូវ​បាន​បណ្ដាញ​សង្គម​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា​ថា ជាដើម​ពោធិ៍ ដែល​មាន​ប្រវត្តិ​ទាក់ទង​រឿង​ទុំ​ទាវ ស្ថិត​នៅ​ភូមិ​ជើង​ខាល…

ខេត្ត​ត្បូងឃ្មុំ ៖ ដើម​ពោធិ៍​ដ៏​មួយ​ដើម​ធំ ដែល​មាន​អាយុកាល​ខ្ទង់រយ​ឆ្នាំ ត្រូវ​បាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ជា​ហេតុ​បណ្ដាល​ឱ្យ​រលើង​ទាំង​ឫស​ទៅ​លើ​ដី ហើយ​ត្រូវ​បាន​បណ្ដាញ​សង្គម​បង្ហោះ​ចែកចាយ​ត​ៗ​គ្នា​ថា ជាដើម​ពោធិ៍ ដែល​មាន​ប្រវត្តិ​ទាក់ទង​រឿង​ទុំ​ទាវ ស្ថិត​នៅ​ភូមិ​ជើង​ខាល ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ។ ជាមួយ​នោះ ក៏​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ទាំង​យប់​ថា ដើម​ពោធិ៍​ដែល​ដួល​រលំ​នោះ មិនមែន​ជាដើម​ពោធិ៍​ជើង​ខាល ប្រវត្តិ​ស្នេហ៍​ទុំ​ទាវ​នោះ​ទេ​។

លោក​កួ ហុ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើម​ពោធិ៍​ដែល​ដួលរ​លំដោយ​ខ្យល់​កន្ត្រាក់​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១ ត្រូវ​បាន​ឯកឧត្តម​បណ្ឌិត​ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​បាន​ចាត់​ឱ្យ​លោក​ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត រួម​នឹង​កម្លាំង​ជំនាញ​វប្បធម៌ ចុះ​មក​ពិនិត្យ​ទាំង​យប់​ថា តើ​ដើម​ពោធិ៍​ដែល​ដួល​រលំ​នោះ ពិតជា​ដើម​ពោធិ៍​មាន​ប្រវត្តិ​ទាក់ទង​រឿង​ស្នេហ៍​ទុំ​ទាវ​មែន​ឬទេ?

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ បន្ត​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ទាំង​យប់ ដោយ​ពិនិត្យ​ឃើញ​ថា ដើម​ពោធិ​មួយ​ដើម​ដ៏​ធំ ដែល​ដួល​បាក់​រលំ​ទៅ​លើ​ដី​នោះ គឺ​មិន​មាន​ប្រវត្តិ​ទាក់ទង​ស្នេហ៍​ទុំ​ទាវ​នោះ​ទេ គឺជា​ដើម​ពោធិ៍​អ្នកតា​ក្រហម​.​ក ដែល​មាន​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ ពី​ដើម​ពោធិ៍ ដែល​មាន​ប្រវត្តិ​ស្នេហ៍​ទុំ​ទាវ​។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ បន្ត​ឲ្យ​ដឹង​បន្ត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុមការ​ងារ​របស់​លោក​បាន​បន្ត​បេសកកម្ម ដោយ​រួម​សហការ​ជាមួយនឹង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ត្បូងឃ្មុំ បាន​ជួល​ជាង​មក​ឱ្យ​អារ​មែក​ឈើ ច្រងេងច្រងាង​ចេញ​។ ដោយ​ទុក​តែ​មែក​ធំ​ៗ ដោយ​ប្រើ​ពេល​លើស​ពី​មួយ​កំណាត់​ព្រឹក រហូត​ដល់​ពេល​រសៀល ទើប​ប្រើប្រាស់​អេ​ស្កា​វ៉ា​ទ័​រ​ធុន​ធំ​ចំនួន​២​គ្រឿង មក​ស្ទូច​បញ្ឈរ​ដាំ​ឡើង​វិញ ដោយ​ធ្វើ​ឡើង​តាម​ការ​ណែនាំ​ពី​សំណាក់​ឧបនាយករដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា ប្រធាន​​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​។

ជាមួយ​នោះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​នៃ​ការ​ដាំ​ដើម​ពោធិ៍​មួយ​ដើម​ធំ​ឡើង​វិញ ព្រមទាំង​បាន​ណែនាំ​ឱ្យ​ចាក់​ដី​ផ្លូវ​ភ្ជាប់​ពី​ចំណុច​ពោធិ៍​អ្នកតា​ក្រហម​.​ក ទៅ​ដល់​ដើម​ពោធិ៍ ដែល​មាន​ប្រវត្តិ​ស្នេហ៍​ទុំ​ទាវ ព្រមទាំង​ធ្វើ​របង​នេះ​ជា​កន្លែង​បុរេប្រវត្តិសាស្ត្រ ដែល​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ជា​ដំណាក់កាល​បន្តបន្ទាប់​។

លោក កួ ហុ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ដើម​ពោធិ៍​មួយ​ដើម​ធំ ដែល​ដួល​រលំ​នោះ គឺ​មាន​អាយុកាល​ខ្ទង់រយ​ឆ្នាំ ហើយ​ត្រូវ​បាន​អ្នកស្រុក​រៀបចំ​ធ្វើបុណ្យ​ក្នុង​មួយ​ឆ្នាំ​ម្ដង ដោយ​មាន​លេងល្បែង​កំសាន្ត និង​សែន​ប្រេ​ន​សុំ​សេចក្តីសុខ​ទៀត​ផង​។ តែ​មក​ដល់​សព្វថ្ងៃ ការ​សែនព្រេន​នេះ​មិន​បាន​ធ្វើ​នោះ​ទេ ដោយសារ​តែ​ខ្លាច​កូ​វី​ដ​-១៩ ។

បើ​រំលឹក​ទៅ​អតីតកាល​ដើម​ពោធិ៍ ដែល​នៅ​ក្រោយ​មាន​ឆ្លងកាត់​ដោយ​វាលស្រែ កាលពី​ប្រមាណ​ជាង​៥០០​ឆ្នាំ​មុន ត្រូវ​បាន​អ​ជូន យក​ទុំ​និង​ទាវ មក​ស​ម្លា​.​ប់​ចោល​នៅ​ក្រោម​ដើម​ពោធិ៍ ដោយសារ​តែ​ខឹង​ទុំ​ពង្រាត់​ទាវ​ពី​អ​ជូន​។ ហើយ​នៅ​ក្នុង​អក្សរសិល្ប៍​ប្រជាប្រិយ​ខ្មែរ​ក៏​បាន​ចងក្រង​រឿង​នេះ​ឡើង ដំបូង​ដោយ​ភិក្ខុ​សោម​បាន​សរសេរ​តាក់តែង​ជា​រឿង​ស្មូត បន្ទាប់​មក​ធ្វើ​ជា​កំណាព្យ​រឿង និង​ក្រោយមក​ទៀត​ជា​ល្ខោននិយាយ ហើយ​ក្រោយមក​ក៏​បាន​ចារ​ជា​ប្រវត្តិ​មក​ដល់​បច្ចុប្បន្ន​នេះ​។

ព្រោះ​មាន​ទីកន្លែង​ច្បាស់លាស់ ហេតុ​ដូច្នេះ​ហើយ ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​អក្សរសិល្ប៍​ប្រវត្តិសាស្ត្រ ចំណែក​នៅ​រំលង​ផ្លូវជាតិ​លេខ​៧ មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន គឺ​មាន​ដើម​ពោធិ៍​មាន​អាយុកាល​ចន្លោះ​២០០​ទៅ​៣០០​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ធ្វើ​អាស្រម​យាយ​ផា​ន់​ផង​ដែរ​។

ចំណែក​លោក​ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ ដោយ​រក​គ្រឿងចក្រ​មក​ស្ទូច​ដើម​ពោធិ៍​ដែល​ដួល​រលំ​នោះ ដាំ​ឡើង​វិញ​រួចរាល់ និង​រៀបចំ​ចាក់​ដី​បន្ថែម រួច​សាងសង់​អាស្រម​អ្នកតា​ក្រហម​.​ក ឡើង​វិញ​។ លុះ​ពេល​ដែល​ស្ងប់​កូ​វី​ដ​កន្លែង​នេះ នឹង​អាច​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ